កញ្ញា កែវ ទិត្យផល្លី ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ ហើយ នាងបានបង្ហើបថា ការប្រកាសលទ្ធផលអាចត្រឹមនិទ្ទេស B ប៉ុណ្ណោះ ព្រោះមុខវិជ្ជា១ មានការលំបាកសម្រាប់តារាស្រីវ័យ ១៨ ឆ្នាំរូបនេះ។

អ្នកគាំទ្រ និងមហាជនជាច្រើនដឹងច្បាស់ថា កែវ ទិត្យផល្លី ជាសិស្សពូកែលំដាប់ប្រទេស ដូចការប្រឡងបាក់ឌុប នរណាៗក៏គិត និងជឿជាក់លើនាងអាចទទួលបាននិទ្ទេស A។ តែសម្រាប់សាមីខ្លួនបានដាក់ក្ដីរំពឹងត្រឹមនិទ្ទេស B ប៉ុណ្ណោះ នោះក៏ព្រោះតែវិញ្ញាសាគណិតវិទ្យាតឹងពេក ដូច្នេះហើយ A សុំចាកចេញហើយ។
បើទោះជាបែបនេះក្ដី អ្នកគាំទ្រ និងមនុស្សស្គាល់គ្នាជាមួយ ផល្លី នៅតែជឿជាក់ថានាងនៅតែអាចជាប់និទ្ទេស A។ អំឡុងពេលត្រៀមខ្លួនទៅប្រឡងបាក់ឌុប បេក្ខភាព The Voice Kid Cambodia រដូវកាលទី២ រូបនេះខិតខំប្រឹងប្រែងរៀនសូត្រឥតឈប់ឈរ ធ្វើឲ្យនាងត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាបេក្ខភាពនិទ្ទេស A ម្នាក់។

ក្រោយប្រឡងចប់ថ្ងៃទី ១ ផល្លី បានផ្ដល់បទសម្ភាសន៍ថា ប្រឡងនេះ នាងយល់ថាវិញ្ញាសាល្មមមិនស្រួលពេក ហើយក៏មិនពិបាកពេកដែរ។ សម្រាប់ការសង្ឃឹមខ្ពស់ថាបានពិន្ទុច្រើន ហើយនិទ្ទេសល្អ នាងមិនហ៊ាននិយាយអ្វីឡើយ ត្រូវរង់ចាំការប្រឡងបញ្ចប់ថ្ងៃទី២សិន ហើយក្រោយចប់នាងបានដាក់ក្ដីសង្ឃឹមត្រឹម B ប៉ុណ្ណោះ ព្រោះក្នុងចំណោមវិញ្ញាសាទាំង ៧ មុខ នោះ គណិតវិទ្យាតឹងពេក ដូចនេះសុំចេញពីការរំពឹង A ដែលជាគោលដៅនៃកិច្ចខិតខំប្រឹងប្រែងរៀនសូត្រមិនឈប់ឈរ។
ទោះជាយ៉ាងណាការប្រកាសលទ្ធផលនៅថ្ងៃ ២ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ នឹងដឹងហើយថា កែវ ទិត្យផល្លី ប្រឡងជាប់ A ឬនិទ្ទេសអ្វីផ្សេងយ៉ាងណា ចាំមើលទាំងអស់គ្នា។ សម្រាប់កែវ ទិត្យផល្លី បានជ្រើសរើសថ្នាក់វិទ្យាសាស្ត្រពិត។
មិនថាឈានជើងចូលមណ្ឌលប្រឡង និងចេញពីប្រឡង កែវ ទិត្យផល្លី បានបង្ហាញទឹកមុខស្វាហាប់ រឹងមាំ និងមានភាពជឿជាក់លើខ្លួនឯង ព្រោះនាងគឺជាសិស្សពូកែស្រាប់ទៅហើយ៕






រូបភាព៖ Keo Titphally និង Vannthan Keo



















Account
Security
Favourite Content