កាលពីថ្មីៗ នេះ សមាជិកក្រុមចម្រៀង EXO គឺ Chen បានធ្វើឱ្យមនុស្សជាច្រើនមានការរំជួលចិត្តខ្លាំង និងសរសើរគ្រប់ៗ គ្នាពីភាពក្លាហានរបស់លោក។

អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ម្នាក់ បានទម្លាយពីរឿងរ៉ាវអាក្រក់មួយដែលបានកើតឡើងលើរូបនាង ហើយវាក៏ជាស្រមោលខ្មៅមួយផងដែរ។ ការពិតទៅ រូបនាងមិនចង់ប្រាប់ពីរឿងនេះទៅកាន់នរណាម្នាក់ឡើយ ប៉ុន្ដែនាងចង់អរគុណដល់អ្នកដែលបានជួយសង្គ្រោះនាងទើបសម្រេចបង្ហោះប្រាប់ជាសារណៈពីរឿងនាងបានជួប។
នាងបានលើកឡើងយ៉ាងដូច្នេះថា នៅយប់ថ្ងៃទី ១១ខែ ឧសភា ឆ្នាំ ២០២៣ នៅវេលាប្រហែលជាម៉ោង ៨ រូបនាងបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ នាងបានជួបសិស្សរួមសាលារបស់ខ្លួន ៤ នាក់ដែលពួកគេជាជើងកាង ពួកគេចាប់ផ្ដើមនិយាយពាក្យមិនសមរម្យ និងវាយនាងមិនដកដៃ។


ជាសំណាង នាពេលនោះក៏មានបុរសម្នាក់ឆ្លងកាត់ទីនោះ ដំបូងនាងមើលមិនច្បាស់ថាជានរណា ឬមានរូបរាងយ៉ាងណាឡើយ ដោយសារលោកពាក់ម៉ាស និងមួក។ បុរសនោះ បានមកជួយនាង និងព្យាយាមប្រាប់អ្នកទាំង ៤ ដែលវាយរូបនាងថា នេះជាទង្វើមិនល្អឡើយ ហើយវាពិតជាខុសខ្លាំង។ បើទោះជាលោកត្រូវបានជើងកាងទាំង ៤ នោះនិយាយពាក្យមិនសមរម្យដាក់ ឬគម្រាមក៏ដោយ តែលោកនៅមិនខ្លាចរអាទេ ព្រមទាំងចង់ប្ដឹងប៉ូលិសទៀតផង។

បន្ទាប់ពីនោះ នៅពេលដែលជើងកាងទាំង ៤ ភ័យខ្លួនរត់ទៅវិញអស់ លោកក៏មិនទាន់ចាកចេញទៅណាថែមទាំងជួយទាក់ទងទៅអាណាព្យាបាល និងគ្រូបន្ទុកថ្នាក់របស់នាងទៀត។ នៅពេលដែលម្ដាយរបស់នាងមកដល់ បុរសនោះក៏អោឱនគោរពហើយដោះម៉ាស និងមួកចេញ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលអ្នកដែលបានជួយនាង គឺជាសមាជិកក្រុមចម្រៀងបុរស EXO ដែលម្នាក់នោះ Chen។
នាងបានអរគុណដល់ Chen ដែលបានជួយសង្គ្រោះនាង លោកពិតជាមនុស្សដ៏ល្អម្នាក់ ហើយពិតជារីករាយណាស់ចំពោះការលើកទឹកចិត្តរបស់លោកមកកាន់នាង។ ក្រោយពីបានដឹងរឿងនេះភ្លាមអ្នកគាំទ្រ និងមហាជនជាច្រើនបានសរសើរដល់ទឹកចិត្តរបស់លោកព្រមទាំងសរសើរមិនដាច់ពីមាត់ពីភាពក្លាហានតារាកូន ២ រូបនោះផងដែរ៕
























Account
Security
Favourite Content