ឥស្សរជនសំខាន់ៗមួយចំនួន នៅក្នុងវិស័យបញ្ញាសិប្បនិមិត្តចង់អោយការអភិវឌ្ឍន៍ AI ឬបញ្ញាសិប្បនិមិត្ត ត្រូវបានផ្អាកដោយសារតែភ័យខ្លាចថាវាអាចគំរាមកំហែងដល់មនុស្សជាតិ។
បុគ្គលសំខាន់ៗមួយចំនួនក្នុងវិស័យបច្ចេកវិទ្យាបានចុះហត្ថលេខាលើលិខិតចំហមួយព្រមានអំពីហានិភ័យដែលអាចកើតមាន និងបាននិយាយថាការប្រកួតប្រជែងនៃបច្ចេកវិទ្យា AI នៅពេលនេះគឺមិនអាចគ្រប់គ្រងបាន។
លោក Elon Musk ដែលជាបុរសសំខាន់មួយរូបសម្រាប់បច្ចេកវិទ្យាពិភពលោក ក៏ស្ថិតក្នុងចំណោមបុគ្គលសំខាន់ៗដទៃ ដែលចង់ឲ្យការអភិវឌ្ឍន៍ AI ដែលលើសពីសមត្ថភាពត្រូវផ្អាកយ៉ាងហោចណាស់ប្រាំមួយខែសិន។

ក្រៅពី Musk សហស្ថាបនិក Apple លោក Steve Wozniak និងអ្នកស្រាវជ្រាវមួយចំនួននៅ DeepMind ក៏បានចុះហត្ថលេខាលើលិខិតចំហនោះផងដែរ។
គួរជម្រាបថា ការស្នើឲ្យផ្អាកនេះកើតឡើងក្រោយ ក្រុមហ៊ុន Open AI ដែលជាក្រុមហ៊ុនមេរបស់ Chat GPT បញ្ចេញ GPT-4 ជាបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត ដែលធ្វើឱ្យអ្នកសង្កេតការណ៍ចាប់អារម្មណ៍ជាមួយនឹងសមត្ថភាពរបស់វាក្នុងការបំពេញភារកិច្ចដូចជាការឆ្លើយសំណួរអំពីវត្ថុនៅក្នុងរូបភាព។
លិខិតចំហចេញដោយវិទ្យាស្ថាន Future of Life និងមានហត្ថលេខាឥស្សរជនសំខាន់ៗចង់ឱ្យការអភិវឌ្ឍន៍ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ននៅកម្រិតនោះ និងបានព្រមាននៅក្នុងលិខិតរបស់ពួកគេអំពីហានិភ័យរបស់អនាគតដែល AI អាចបង្កឡើង។
គួរបញ្ចាក់ថា Elon Musk ម្ចាស់ក្រុមហ៊ុន Twitter និងជានាយកប្រត្តិបត្តិនៃក្រុមហ៊ុន Tesla ក៏ជាទីប្រឹក្សានៃស្ថាប័ន Future of Life នេះផងដែរ។។
លិខិតស្នើខាងលើបានបញ្ជាក់ថា AIs កម្រិតខ្ពស់ត្រូវតែបង្កើតឡើងដោយយកចិត្តទុកដាក់បំផុត ប៉ុន្តែផ្ទុយទៅវិញ «ប៉ុន្មានខែចុងក្រោយនេះ យើងឃើញថាមន្ទីរពិសោធន៍ AI បានបិទទ្វារ អភិវឌ្ឍឥតឈប់ឈរដែលលើសពីអ្វីដែលអាចគ្រប់គ្រងបាន ហើយថែមទាំងបង្កើតគំនិតឌីជីថលដ៏មានឥទ្ធិពលដែលគ្មាននរណាម្នាក់ សូម្បីតែអ្នកបង្កើតវា ក៏មិនអាចយល់ និងទស្សន៍ទាយ ឬគ្រប់គ្រងវាបានដោយទំនុកចិត្ត»។
លិខិតនោះថែមទាំងបានកំរាមថា AIs អាចបំលែងព័ត៌មាន ជាមួយព័ត៌មានមិនពិត និងអាចជំនួសការងារដោយស្វ័យប្រវត្តិ។
គួរជម្រាបដែរថា Elon Musk ក៏ជាសហស្ថាបនិកមួយរូបនៃក្រុមហ៊ុន Open AI ប៉ុន្តែលោកបានលាលែងពីតំណែងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះកាលពីប៉ុន្មានឆ្នាំមុន និងតែងតែបានបង្ហោះរិះគន់អំពីទិសដៅបច្ចុប្បន្នរបស់ Open AI ផងដែរ៕

























































Account
Security
Favourite Content