នៅព្រឹកថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៣ តារាស្រីចិនល្បី Fan BingBing បានធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើល ក្រោយនាងស្រាប់តែបង្ហាញខ្លួនក្នុងកម្មវិធីទទួលពានរង្វាន់ Oscars លើកទី ៩៥ នៅទីក្រុង Los Angeles។
តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបានបង្ហាញខ្លួនលើកម្រាលព្រំពណ៌ក្រហមជាមួយរ៉ូបពណ៌បៃតងលាយទឹកប្រាក់យ៉ាងស្រស់ស្អាត និងមើលទៅលេចធ្លោខ្លាំង។ រ៉ូបដែលតារាស្រី Fan BingBing ស្លៀកគឺច្នៃដោយអ្នកច្នៃម៉ូតល្បីលោក Tony Ward និងជាម៉ូតចេញថ្មីក្ដៅៗ សម្រាប់ឆ្នាំ ២០២៣។
គ្រាន់តែបង្ហាញខ្លួនលើកម្រាលព្រំក្រហមភ្លាម Fan BingBing ក៏បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម ដោយសារតែរូបសម្រស់មិនចេះចាស់របស់នាង ព្រមទាំងការរៀបចំតុបតែងខ្លួនយ៉ាងលេចធ្លោមិនច្រឡំជាមួយតារាផ្សេង។
មែនទែនទៅ តារាស្រី Fan BingBing ត្រូវបានគេចាត់ទុកថាជាតារាស្រីអាស៊ីម្នាក់ដែលតែងតែមានភាពលេចធ្លោ ស្រស់ស្អាតរាល់ពេលដែលរូបនាងចូលរួមកម្មវិធីម្ដងៗ ដោយនាងជ្រើសម៉ូតសម្លៀកបំពាក់ប្លែកថ្មី និងចេះច្នៃតុបតែងលម្អ។ ដូច្នេះមិនថាក្រុមអ្នកកាសែត ឬមហាជនឡើយតែងចោលភ្នែកសម្លឹងមើលរូបនាងតែម្ដង។
គួរបញ្ជាក់ដែរថា វត្ដមានរបស់នាងក្នុងកម្មវិធី Oscars លើកនេះធ្វើឱ្យមហាជនជាច្រើនជឿថា វាជាការចាប់ផ្ដើមថ្មីមួយរបស់ Fan BingBing ក្នុងការឈានជើងប្រឡូកចូលក្នុងវិថីសិល្បៈវិញ ក្រោយជួបរឿងអាស្រូវធំគេចពន្ធកាលពីឆ្នាំ ២០១៨៕
























Account
Security
Favourite Content