ប្រសិនបើអ្នកទប់ដង្ហើមរបស់អ្នក ហើយទម្លាក់មុខចូលទៅក្នុងអាងទឹក រាងកាយរបស់អ្នកនឹងចាប់ផ្តើមរំញោចដោយស្វ័យប្រវត្តិ ដែលត្រូវបានគេហៅថា the diving response។ ចង្វាក់បេះដូងផ្តើមលោតយឺតៗ សរសៃឈាមរបស់អ្នករួមតូច និងកន្ត្រាក់លំពែង ហើយប្រតិកម្មទាំងអស់នេះធ្វើឡើងដើម្បីជួយសន្សំសំចៃថាមពលរាងកាយនៅពេលអ្នកខ្វះអុកស៊ីសែនខ្លាំងទៅ។

មនុស្សភាគច្រើនអាចទប់ដង្ហើមនៅក្រោមទឹកបានប៉ុន្មានវិនាទីប៉ុណ្ណោះ និងខ្លះអាចទប់បានរយៈពេលប៉ុន្មាននាទី។ ប៉ុន្តែតើអ្នកដឹងទេថា ក្រុមមនុស្សកុលសម្ព័ន្ធមួយប្រភេទមានឈ្មោះថា Bajau នៅក្នុងប្រទេសឥណ្ឌូណេស៊ី អាចនៅក្នុងទឹកជម្រៅប្រមាណ ៧០ម៉ែត្របានប្រមាណ ១៣នាទី។
ប្រជាជននៃកុលសម្ព័ន្ធនេះរស់នៅតាមដែនសមុទ្រដែលហូរកាត់ប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាកន្លែងដែលពួកគេមុជទឹកដើម្បីបរបាញ់ត្រី ឬស្វែងរកសមាសធាតុធម្មជាតិដែលអាចប្រើប្រាស់ក្នុងសិប្បកម្ម។
ដោយពឹងផ្អែកស្ទើរតែទាំងស្រុងលើអាហារ និងធនធានដែលប្រមូលបានពីមហាសមុទ្រ Bajau ឬពួកគេហៅខ្លួនឯងថាអ្នកការពារសមុទ្រ អាចមុជទឹកម្តងហើយម្តងទៀតរយៈពេលប្រមាណ ៨ម៉ោងនៅក្រោមទឹកជារៀងរាល់ថ្ងៃ។ ពួកគេចំណាយពេលប្រហែល ៦០% នៃពេលវេលារបស់ពួកគេនៅលើផ្ទៃសមុទ្រ។
Bajau ជាអម្បូរមួយក្នុងចំណោមប្រជាជនអាស៊ីអាគ្នេហ៍ដទៃទៀត ក៏ប៉ុន្តែចំពោះសមត្ថភាពមុជទឹក Bajau មានសមត្ថភាពពិសេសប្លែកគេបើទោះប្រៀបធៀបជាមួយប្រជាជនឥណ្ឌូណេស៊ី ឬសូម្បីតែប្រៀបធៀបជាមួយជនជាតិដើមភាគតិចមួយប្រភេទទៀតគឺ Saluan នេះបើតាមការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវ។
បើតាមការតេស្ត DNA របស់ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា Bajau ជាក្រុមមនុស្សដែលមាន ប្រេកង់ នៃការប្រែប្រួលនៅក្នុង BDKRB2 ខ្ពស់ដែលជាហ្សែនតែមួយគត់ដែលគេស្គាល់ថាជាប់ទាក់ទងនឹងការឆ្លើយតបខាងសរីរវិទ្យានៅក្នុងខ្លួនមនុស្ស។ ហើយអម្បូរដែលមានការប្រែប្រួលនៅក្នុង BDKRB2 ខ្ពស់ ច្រើនតែមានសមត្ថភាពពិសេសអាចជ្រមុជទឹកបានយូរ។
លើសពីនេះទៅទៀត លទ្ធផលជារួមបានបង្ហាញថា ទំហំនៃលំពែង និង the diving response របស់អម្បូរ Bajau បានឆ្លងកាត់ការសម្របខ្លួន ឬការបន្សាំហ្សែនដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្រ្តនៃការវិវត្តន៍ថ្មីៗរបស់មនុស្សជាតិ៕


























Account
Security
Favourite Content