រោគសញ្ញាក្នុងពេលមានរដូវរបស់មនុស្សស្រីម្នាក់ៗអាចនឹងមានអាការៈខុសគ្នា។ មនុស្សមួយចំនួនស្ទើរតែមិនមានរោគសញ្ញាអ្វីទាំងអស់ ខណៈពេលដែលអ្នកផ្សេងទៀតមានការឈឺចាប់ដល់ថ្នាក់ស្ទើរតែមិនអាចក្រោកពីគ្រែបានក៏មាន។ ចំពោះការឈឺចាប់ពេលមករដូវមួយផ្នែកក៏មានទាក់ទងជាមួយអាហារដែរ។ ជាក់ស្ដែងដូចជាអាហារទាំង ៦ ខាងក្រោមនេះ៖
១.អំបិល
យោងតាម Dr. Salas-Whalen បាននិយាយថាការទទួលទានអំបិល ឬអាហារដែលមានជាតិប្រៃខ្លាំងអាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក បង្កជាអាការៈហើមពោះ និងហើមដៃជើងជាដើម។ ដូច្នេះដើម្បីកាត់បន្ថយការហើមរាងកាយ យើងត្រូវព្យាយាមកាត់បន្ថយអំបិលក្នុងអាហារ និងជៀសវាងអាហារកែច្នៃដែលមានជាតិសូដ្យូមខ្ពស់។
២.ស្ករ
ប្រសិនបើយើងទទួលទានរបស់ផ្អែមច្រើនក្នុងអំឡុងពេលមករដូវ វាអាចនឹងធ្វើឱ្យរលាក និងកន្រ្តាក់សាច់ដុំទាំងអស់ព្រោះកម្រិតជាតិស្ករច្រើនអាចបណ្តាលឱ្យរមួលក្រពើ និងឈាមហូរខ្លាំងផងដែរ។ មិនតែប៉ុណ្ណោះ វាក៏អាចធ្វើឱ្យអារម្មណ៍របស់យើងកាន់តែអាក្រក់ ឆាប់ប្រែប្រួល ធ្លាក់ទឹកចិត្ត ឬថប់បារម្ភជាដើម។
៣.កាហ្វេ
សារជាតិកាហ្វេអ៊ីននឹងរារាំងអ័រម៉ូនដែលអាចធ្វើឱ្យសរសៃឈាម (នៅក្នុងស្បូន) តូចជាងមុនដែលធ្វើឱ្យលំហូរឈាមយឺត។ មិនតែប៉ុណ្ណោះ កាហ្វេក៏អាចបណ្តាលរាងកាយបាត់បង់ជាតិទឹក រលាក និងហើមពោះផង។ ជាមួយគ្នានេះ ការផឹកកាហ្វេអាចធ្វើឱ្យមានអាការៈរមួលក្រពើធ្ងន់ធ្ងរទៀតផង។
៤.គ្រឿងស្រវឹង
ជាតិអាល់កុលអាចធ្វើឱ្យរាងកាយយើងខ្សោះជាតិទឺក ឈឺក្បាល និងហើមពោះធ្ងន់ធ្ងរផងដែរ។ មិនតែប៉ុណ្ណោះ ការផឹកគ្រឿងស្រវឹងអំឡុងពេលមករដូវក៏អាចនាំឱ្យមានបញ្ហាក្រពះពោះវៀនដូចជារាក និងក្អួតចង្អោរជាដើម។ ជាងនេះទៅទៀត ជាតិអាល់កុលអាចបញ្ឈប់ ឬធ្វើឱ្យវដ្ដរដូវមិនទៀងទាត់ទៀតផង។
៥. អាហារហឹរ
ជាធម្មតាការទទួលទានអាហារមានជាតិហឹរនឹងធ្វើឱ្យមានបញ្ហាក្រពះ និងក្អួតចង្អោរបានយ៉ាងងាយ។ ជាពិសេសសម្រាប់ស្រ្តីអំឡុងពេលមករដូវគឺជាពេលដែលរាងកាយកំពុងទន់ខ្សោយ ហើយក៏ងាយរងផលប៉ះពាល់ផងដែរ។ យោងតាម Dr Patil បាននិយាយការញ៉ាំអាហារហឹរអំឡុងពេលនោះងាយនឹងធ្វើឱ្យក្រពះឆាប់រលាក និងច្រាលអាស៊ីតឡើងទៀតផង។
៦. សាច់ក្រហម
អំឡុងពេលមករដូវ រាងកាយនឹងផលិត prostaglandins ដែលសមាសធាតុនេះជួយឱ្យស្បូនកន្រ្តាក់ខ្លាំងហើយបណ្ដាលឱ្យមានលំហូរឈាម។ ស្របពេលគ្នានេះ កម្រិតខ្ពស់នៃ prostaglandins ត្រូវបានរកឃើញនៅក្នុងសាច់ក្រហមដែលអាចបណ្ដាលឱ្យរមួលក្រពើ ឬឈឺចុកចាប់ខ្លាំងផងដែរ៕



Account
Security
Favourite Content