ជាការពិតការរស់នៅប្រចាំថ្ងៃរបស់យើងគឺមិនត្រូវពឹងលើមាត់ ឬការគិតរបស់អ្នកណាម្នាក់ឡើយ។ ប៉ុន្តែពេលខ្លះអាកប្បកិរិយា អត្តចរិតឫកពា ការនិយាយស្ដី និងទង្វើរបស់យើងគឺជាចំណុចដំបូងគេបំផុតដែលអ្នកដទៃមើលមក ក៏ដូចជាឆាប់ធ្វើការវាយតម្លៃផងដែរ។ ជាក់ស្ដែងដូចជារឿងទាំង ៥ នេះជាដើមដែលវាអាចនឹងធ្វើឱ្យគេវាយតម្លៃខ្លួនជាមនុស្សអាត្មានិយមមិនខាន៖
១. គិតថាខ្លួនត្រូវជានិច្ច
ទង្វើដែលមនុស្សអាត្មានិយមចូលចិត្តធ្វើគឺតែងតែគិតថាខ្លួនត្រូវជានិច្ច មិនថាក្នុងកាលៈទេសៈណានោះទេ។ ពួកគេមិនចូលចិត្តព្យាយាមស្វែងយល់ និងពិចារណាអំពីកំហុសខ្លួននោះទេ។ ការប្រកាន់យកទង្វើបែបនេះរឿយៗនឹងកាន់តែធ្វើឱ្យមនុស្សបាត់បង់ទៅម្ដងម្នាក់ៗរហូតដល់មិនមានអ្នកណាចង់នៅជិតទៀតឡើយ។
២. គិតថាខ្លួនឯងតែងតែល្អជាងគេ
ក្រៅពីគិតថាខ្លួនជាអ្នកត្រូវហើយ មនុស្សភាពអាត្មានិយមក៏គិតថារាល់អ្វីដែលគេធ្វើគឺតែងតែល្អជាងអ្នកណាៗទាំងអស់។ មិនតែប៉ុណ្ណោះ ពួកគេក៏ជឿជាក់ខ្លួនគឺប្រសើរជាងអ្នកដទៃទើបចូលចិត្តស្វែងរកគ្រប់វិធី ដើម្បីធ្វើការវិនិច្ឆ័យ បោកបញ្ឆោត និងទាញគេទម្លាក់ដោយសារភាពអាត្មានិយមផងដែរ។ ភាគច្រើនមនុស្សដែលមានការគិតបែបនេះគឺចូលចិត្តរើសអើងអ្នកដទៃ ឬអ្នកតូចទាបជាងខ្លួន។
៣. ចូលចិត្តទម្លាក់កំហុសឱ្យអ្នកដទៃ
ជាមួយគ្នានេះ មនុស្សជំពូកនេះក៏ចូលចិត្តទម្លាក់កំហុសឱ្យអ្នកដទៃផងដែរ។ ពេលខ្លះគេអាចនឹងសម្ដែងធ្វើជាអាណិតដើម្បីព្យាយាមទម្លាក់កំហុសលើគេជាប្រយោលក៏មាន។ ប៉ុន្តែចាំថា នៅពេលដែលយើងលើកដៃចង្អុលទម្លាក់កំហុសទៅលើអ្នកណាម្នាក់ដោយមិនមានទំនួលខុសត្រូវហើយ នោះអាចនឹងត្រូវគេចោទជាមនុស្សគ្មានភាពវៃឆ្លាត ក៏ដូចជាសាងរូបភាពមិនល្អក្នុងក្រសែភ្នែកគេផងដែរ។
៤. តែងតែមានកំហឹងពេលមានជម្លោះ
មិនមានអ្នកណាម្នាក់ដែលមិនចេះមានកំហឹងនោះទេ គ្រាន់តែពួកគេរៀនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ប្រសិនខ្លួនមិនអាចគ្រប់គ្រងប្រតិកម្ម ឬកំហឹងបាននៅពេលដែលមិនបានអ្វីដូចបំណង នោះជាត្រូវបានគេគិតយើងជាមនុស្សមិនគួរឱ្យទុកចិត្ត និងអាត្មានិយមណាស់។ ម៉្យាងវិញទៀត ការមិនចេះទប់កំហឹងបែបនេះក៏អាចធ្វើឱ្យមនុស្សជុំវិញខ្លួនមិនមានអារម្មណ៍ល្អចង់មានទំនាក់ទំនងជាមួយឡើយ។
៥. មិនខ្វល់ពីតម្រូវការ និងអារម្មណ៍អ្នកដទៃ
ការចេះយល់ចិត្តអ្នកដទៃគឺជារឿងសំខាន់ ក៏ដូចជាចំណុចមួយដែលអាចធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំដែរ។ ប៉ុន្តែចំពោះប្រភេទមនុស្សអាត្មានិយមគឺចូលចិត្តទាមទារឱ្យមនុស្សជុំវិញខ្លួនយល់ និងគិតគូរពីគេជានិច្ច ហើយខ្លួនគេវិញមិនសូវចង់ដឹង ឬយល់ចិត្តអ្នកផ្សេងឡើយ។ ក្នុងពេលមួយដែលពួកគេស្រាប់តែព្យាយាមទៅជិត និងស្វែងយល់អារម្មណ៍អ្នកណាម្នាក់ហើយ នោះវាអាចជាថ្នូរអ្វីមួយនៅពេលខាងមុខជាមិនខានក៏ថាបាន៕

























Account
Security
Favourite Content