ជាធម្មតាទាំងខួរក្បាល និងទម្លាប់របស់យើងធ្វើសកម្មភាពដោយស្វ័យប្រវត្តិក្នុងមួយថ្ងៃ ជាមួយនឹងពេលថ្ងៃប្រហែល ១២ ម៉ោង និងម៉ោងនៅសល់គឺជាពេលយប់។ ប៉ុន្តែតើអ្នកដឹងទេថា មានកន្លែងនៅជុំវិញពិភពលោកដែលព្រះអាទិត្យមិនលិចជាង ៧០ ថ្ងៃ។ បើគ្រាន់តែសាកស្រមៃ តើខួរក្បាល និងរាងកាយរបស់យើងច្របូកច្របល់យ៉ាងណាបើគ្មានសោះពេលងងឹតជាង ៧០ ថ្ងៃជាប់គ្នា។ យ៉ាងណា យើងមកដឹងឲ្យកាន់តែច្បាស់ ពីកន្លែងទាំង ៥ លើផែនដីដែលព្រះអាទិត្យស្ទើរមិនចូលនិទ្រាសោះនារដូវក្តៅ។
ប្រទេសន័រវែស

ន័រវេស ស្ថិតនៅក្នុងរង្វង់អាកទិក ដែលត្រូវបានគេហៅថា ដែនដីនៃព្រះអាទិត្យកណ្តាលអធ្រាត្រ។ ចាប់ពីខែឧសភាដល់ចុងខែកក្កដា ព្រះអាទិត្យពិតជាមិនដែលលិចឡើយនៅប្រទេសមួយនេះ។ ស្ទើរតែពាក់កណ្ដាលនៃប្រទេសន័រវែស មានពន្លឺថ្ងៃ ២០ម៉ោងហេតុនេះសម្រាប់អ្នកមិនចូលចិត្តគេងច្រើន ឬចង់ធ្វើការឲ្យបានច្រើននោះន័រវែស គឺជាគោលដៅល្អបំផុត។
តំបន់មួយចំនួនប្រទេសកាណាដា

តំបន់ Nunavut ជាតំបន់ថ្ងៃមិនលិចយូរជាងគេនៅកាណាដា ដែលស្ថិតក្នុងដែនដីភាគពាយ័ព្យនៃប្រទេស និងជាកន្លែងដែលគេអាចឃើញពន្លឺថ្ងៃ 24X7 ប្រហែលពីរខែ។ ចំណែកឯក្នុងរដូវរងា កន្លែងនេះឃើញភាពងងឹតសរុបប្រហែល 30 ថ្ងៃជាប់ៗគ្នា។ ក្រៅពី Nunavut តំបន់មួយចំនួនផ្សេងទៀតគឺតំបន់ Inuvik និងតំបន់ភាគពាយព្យប្រទេស ព្រះអាទិត្យសំកាំងលើមេឃមិនព្រមលិចសោះរយៈពេល ៥០ ថ្ងៃនៅរដូវក្ដៅ។
អ៊ីស្លង់

អ៊ីស្លង់គឺជាកោះធំជាងគេរបស់អឺរ៉ុប បន្ទាប់ពីចក្រភពអង់គ្លេស ហើយត្រូវបានគេស្គាល់ផងដែរថាជាប្រទេសដែលគ្មានមូស។ នារដូវក្តៅ យប់គឺច្បាស់ដូចថ្ងៃនៅអ៊ីស្លង់ ចំណែកនៅខែមិថុនា ព្រះអាទិត្យមិនដែលលិចទេ។ ក្រៅពីភាពអស្ចារ្យនៃព្រះអាទិត្យមិនដែលលិច អ៊ីស្លង់គឺត្រូវបានគេស្គាល់ថាជាប្រទេសដែលមានទិដ្ឋភាពសម្បូរបែប និងស្រស់ស្អាត ជាទីដែលទេសចរអាចទស្សនាទឹកធ្លាក់ ភ្នំភ្លើង ទន្លេទឹកកក ជាដើម។
តំបន់ Barrow, អាឡាស្កា អាមេរិក

ចាប់ពីចុងខែឧសភាដល់ចុងខែកក្កដា រៀងរាល់ឆ្នាំ ព្រះអាទិត្យនៅ Alaska នឹងមិនដែលលិចទេ។ Alaska ចម្លែកខុសពីតំបន់មុនៗ បើព្រះអាទិត្យរះគឺបើកថ្ងៃពេញមួយថ្ងៃ តែបើងងឹតវិញគឺងងឹតយ៉ាងអាក្រក់ក្នុងកំឡុងរដូវរងា កន្លែងនេះអាចទៅលេងបានទាំងរដូវក្តៅ ឬរដូវរងាអស់ជាច្រើនខែ។
ស៊ុយអែត

ចាប់ពីដើមខែឧសភា រហូតដល់ចុងខែសីហា នៅប្រទេសស៊ុយអែតគេនឹងឃើញព្រះអាទិត្យលិចនៅពាក់កណ្តាលអធ្រាត្រ និងរះនៅម៉ោងប្រហែល ៤ព្រឹកនៅក្នុងប្រទេស។ ស្ថានភាពនេះអាចមានរយៈពេលរហូតដល់ប្រាំមួយខែក្នុងមួយឆ្នាំ។ ហេតុនេះនៅទីនោះមនុស្សម្នាក់អាចចំណាយពេលច្រើនដោយរីករាយក្នុងសកម្មភាពផ្សងព្រេង ចេញទៅវាយកូនហ្គោល ស្ទូចត្រី ឡើងភ្នំ និងធ្វើសកម្មភាពផ្សេងៗ៕
























Account
Security
Favourite Content