Katreeya គឺជាតារាចម្រៀង តារាបង្ហាញម៉ូត និងតារាសម្ដែងថៃដ៏មានប្រជាប្រិយភាពមួយរូបកំឡុងទសវត្សឆ្នាំ ៩០។ មែនទែនទៅ ទស្សនិកជនជាច្រើនស្គាល់រូបនាងតាមរយៈបទចម្រៀង “OK Na Kha” និងរឿងភាគថៃ “ស្រីតូចចង្កៀងកែវ”។ ភាពប៉ិនប្រសប់ក្នុងការសម្ដែង និងសំឡេងសែនពីរោះរណ្ដំធ្វើឱ្យគ្រប់គ្នាកាន់តែស្រឡាញ់ចូលចិត្តរូបនាងកាន់តែខ្លាំងៗឡើងនាសម័យនោះ។ តែយ៉ាងណាមិញ រូបនាងស្រាប់តែមិនសូវលេចមុខក្នុងវិថីសិល្បៈ និងសកម្មដូចពីមុន ជាហេតុធ្វើឱ្យគ្រប់គ្នាហាក់មានការងឿងឆ្ងល់។ តោះសប្ដាហ៍នេះមកដឹងពីប្រវត្ដិខ្លះៗ របស់តារាស្រី Katreeya និងមូលហេតុដែលធ្វើឱ្យនាងមិនសូវលេចមុខក្នុងសិល្បៈ៖
Katreeya មានឈ្មោះពិតថា Katreeya English និងឈ្មោះហៅក្រៅថា Kat។ នាងកើតនៅថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ១៩៧៦ នៅទីក្រុង Oxford ប្រទេស អង់គ្លេស។ រូបនាងជាកូនថៃកាត់អង់គ្លេស ដោយមានឪពុកជាជនជាតិអង់គ្លេស និងម្ដាយជាជនជាតិថៃ។ នាងអាចប្រើប្រាស់ភាសាថៃ និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ មុនត្រឡប់មកប្រទេសថៃធ្វើជាតារា នាងធ្លាប់រស់នៅប្រទេស ប្រ៊ុយណេ និងសិង្ហបុរី។
នាងចាប់ផ្ដើមអាជីពជាអ្នកសិល្បៈដំបូងបំផុតក្នុងឆ្នាំ ១៩៩៣ ជាតារាសម្ដែង និងបានលេចមុខក្នុងរឿងភាគរបស់ស្ថានីយន៍ទូរទស្សន៍បុស្ដិ៍លេខ ៣ មានចំណងជើងថា “Khun Ying Jom Kaen”។ ក្នុងឆ្នាំ ១៩៩៤ នាងក៏បានចេញអាល់ប៊ុមចម្រៀងរបស់ខ្លួន “Kiddy Kat” ក្រោមផលិតកម្ម GMM Grammy និងក្លាយជាសមាជិកក្រុមចម្រៀង Ratree ក្នុងឆ្នាំ ២០០២។ ក្នុងឆ្នាំ ២០០២ ដដែលរូបនាងក៏បានបង្ហាញខ្លួនក្នុងរឿងភាគថៃដ៏ល្បី “ស្រីតូចចង្កៀងកែវ” ដែលធ្វើឱ្យភាពល្បីល្បាញរបស់នាងកាន់តែកើនឡើងខ្លាំងជាលំដាប់។
ក្រោយពីបង្ហាញមុខក្នុងរឿងភាគដ៏ល្បី “ស្រីតូចចង្កៀងកែវ” ក្នុងឆ្នាំ ២០០២ មក មហាជនចាប់ផ្ដើមកត់សម្គាល់ថារូបនាងមិនសូវទទួលសម្ដែងរឿងដូចពីមុនឡើយគឺយូរៗ ទើបទទួលសម្ដែងម្ដង ដោយរំលង ៥ ទៅ ៦ ឆ្នាំទើបលេចមុខក្នុងរឿងភាគម្ដង។ លុះដល់ឆ្នាំ ២០១៥ ទើបរូបនាងវិលត្រលប់មកចូលសិល្បៈដូចដើមវិញ និងមានរឿងភាគសម្ដែង មានចេញបទចម្រៀងជាបន្ដបន្ទាប់រៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០២២។
ការបាត់មុខពីសិល្បៈរបស់នាងធ្វើឱ្យមហាជនហាក់នឹករលឹក និងងឿងឆ្ងល់ជាខ្លាំងនាពេលនោះ។ ចុងឆ្នាំ ២០២០ ជាពេលវេលាមួយដែលតារាស្រីវ័យ ៤៦ ឆ្នាំ រូបនេះបានចេញមកទម្លាយរឿងក្នុងចិត្តជាច្រើនដែលនាងបានលាក់ទុក។ ក្នុងឱកាសចូលរួមកម្មវិធី Z Story របស់ស្ថានីយន៍ទូរទស្សន៍បុស្ដិ៍លេខ ៣៤ បានឱ្យដឹងថា រូបនាងមានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ហើយជំងឺមួយនេះដេញលងតាមបន្លាចនាងអស់រយៈពេលជិត ១០ ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ នាងប៊ិះនឹងធ្វើអត្តឃាតថែមទៀតផង ព្រោះតែគ្រប់យ៉ាងទទេស្អាត។
តារាស្រីវ័យ ៤៦ ឆ្នាំ រូបនោះបានលើកឡើងថា ដំបូងមិនបានចាប់អារម្មណ៍ថាខ្លួនមានជំងឺបាក់ទឹកចិត្តអ្វីឡើយ ដឹងត្រឹមថាអារម្មណ៍របស់នាងប្រែប្រួលខ្លាំងខុសប្រក្រតី។ ពេលខ្លះនាងស្រាប់តែយំភ្លាមៗ ដោយគ្មានមូលហេតុ និងឆាប់ភ័យព្រួយ ថែមទាំងស្មុគស្មាញគិតអ្វីមិនចេញ។ នាងចាប់ផ្ដើមជួបអារម្មណ៍បែបនេះ ក្រោយថតរឿងមួយដែលនាងសម្ដែងជាតួកាចឆ្នាស់ឆ្នើម។ កាលថតរឿងនោះគឺនាងត្រូវសម្ដែងជាតួកាចខ្លាំង តែក៏មានវគ្គយំកម្សត់ សើចសប្បាយលាយឡំចូលគ្នា ស្របពេលដែលត្រូវថតឈុតទាំងអស់នោះដដែលៗ ហើយថ្ងៃខ្លះទៀតនាងត្រូវសម្ដែង ១០ ទៅ ២០ វគ្គទើបធ្វើឱ្យវាហាក់ដកជាប់ចិត្តរបស់នាងខ្លាំង។
នាងបន្ដថា បើទោះជាសម្ដែងរឿងនោះចប់ហើយក្ដី នាងនៅតែមានអារម្មណ៍ចង់យំ ឬចង់សើច ដោយមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅ ធ្វើឲ្យតារាស្រីពូកែទាំងច្រៀង រាំ រូបនេះសម្រេចចិត្តទៅពេទ្យដើម្បីពិនិត្យសុខភាព ជាលទ្ធផលបានបង្ហាញឱ្យឃើញថា នាងមានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ និងចាំបាច់ព្យាបាលឱ្យទាន់ពេលវេលាទើបមិនមានគ្រោះថ្នាក់។
Kat បន្ដទៀតថា ពិបាកទ្រាំពេកនាងធ្លាប់មានគំនិតចង់ធ្វើអត្តឃាតដើម្បីឱ្យផុតទុក្ខតែម្ដង ព្រោះនាងហាក់មិនអាចដកខ្លួនចេញពីជំងឺនៅតែមានអារម្មណ៍វិលវល់ ពិបាកគ្រប់គ្រងចិត្តខ្លួនឯង ថប់ទ្រូង និងមានអារម្មណ៍វត្ដមានរបស់ខ្លួនលែងសំខាន់។ ប៉ុន្ដែនាងព្យាយាមទាញខ្លួនឯងមកវិញ និងដាស់សតិឱ្យគិតពីមនុស្សសំខាន់នៅជុំវិញ ជាពិសេសក្រុមគ្រួសារ ប្រសិនបើនាងមានបញ្ហាអ្វីពួកគេច្បាស់ជាខូចចិត្តជាមិនខាន។ នាងព្យាយាមលេបថ្នាំ និងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ នាងបានប្រយុទ្ធប្រឆាំងតស៊ូជាមួយជំងឺនេះអស់រយៈពេលជិត ១០ ឆ្នាំ។
នាងបានបន្ថែមថា ជំងឺមួយនេះពិតជាកាចសាហាវ និងមិនមែនជារឿងលេងសើចឡើយ ហើយចាំបាច់ត្រូវតែយកចិត្តទុកដាក់ឱ្យមែនទែនបើមិនដូច្នេះទេ រឿងអកុសលអាចនឹងកើតមានគ្រប់ពេលវេលា។ នៅពេលដែលអស់សង្ឃឹមបំផុតអ្នកត្រូវគិតដល់មនុស្សដែលស្រឡាញ់យកចិត្តទុកដាក់ចំពោះអ្នក កុំគិតផ្ដេសផ្ដាស់ឱ្យសោះ។ ជាចុងក្រោយ នាងក៏បានលើកឡើងថា ទោះជារវល់ប៉ុណ្ណា ស្រឡាញ់ការងារប៉ុណ្ណា កុំភ្លេចរឿងថែទាំសុខភាពឱ្យសោះ ព្រោះបើអ្នកមានជំងឺ ឬសុខភាពមិនល្អទោះសល់ប្រាក់ច្រើនប៉ុណ្ណាក៏គ្មានភាពសប្បាយរីករាយពិតប្រាកដដែរ៕























Account
Security
Favourite Content