បន្ទាប់ពីផ្អាករយៈពេល២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩ ដើមឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេឡើងវិញ ដោយបានជ្រើសរើសយកទីតាំងជាប់ដងស្ទឹងសែន ក្នុងទីរួមខេត្តកំពង់ធំ ជាទីតាំងរៀបចំបុណ្យទន្លេលើកទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ខាងមុខ ហើយក៏អាចបន្តដល់ថ្ងៃទី១១និងទី១២ថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧នេះ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការសម្រេចយកខេត្តកំពង់ធំរៀបចំបុណ្យទន្លេឆ្នាំ២០២៣ គឺដោយសារខេត្តនេះមានស្ទឹងសែនហូរឆ្លងកាត់ចុះទៅបឹងទន្លេសាប ពិសេសខេត្តកំពង់ធំនេះគឺស្ថិតនៅពាក់កណ្ដាលផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តកំពងចាម ឆ្លងកាត់ទៅខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលជាគោលដៅទេសចរណ៍សំខាន់ៗ។
ក្នុងនាមប្រធានអង្គប្រជុំ ឯកឧត្ដម ថោង ខុន បានផ្ដល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងមកអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នារៀបចំឱ្យមានគណៈកម្មការ និងអនុគណៈកម្មការតាមផ្នែក ដូចជា កម្មវិធីសិល្បៈ កីឡា ការរៀបចំតុបតែងកែលម្អសោភ័ណភាព ខ្លឹមសារនៃការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យ ការរៀបចំហេដ្ឋារចនាសម្ពន្ធគាំទ្រវិស័យទេសចរណ៍ ផ្សព្វផ្សាយដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត ដើម្បីទាក់ទាញការចូលរួមឱ្យបានផុសផុល។
ក្នុងនោះឯកឧត្ដម ក៏បានសង្កត់ធ្ងន់ទៀតថាត្រូវរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកទាំងឡាយ ដែលបានពីការផលិតរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ចំពោះពិព័រណ៍ផលិតផលក្នុងស្រុកនេះដែរ លោកចង់ជំរុញឱ្យមានផលិតផលសិប្បកម្ម កសិកម្ម យកមកតាំងលក់ក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនបំផុត ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង។
ក្រៅពីនេះក៏ត្រូវបង្ហាញអំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយ «កម្ពុជាជាព្រះរាជាណាចក្រវប្បធម៌ ព្រះរាជាណាចក្រទឹក»។
គួរជម្រាបថា ពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន៦លើកមកហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ, ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង, ឆ្នាំ២០១៧ ធ្វើនៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ, ឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល, ឆ្នាំ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង។ ដោយឡេកសម្រាប់ឆ្នាំ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានផ្អាកការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះអស់ពេល២ឆ្នាំ៕

























Account
Security
Favourite Content