Sandara Park គឺជាសមាជិកក្រុមចម្រៀងនារីដ៏ល្បី 2NE1។ ក្រៅពីអាជីពជាតារាចម្រៀង រូបនាងក៏មានទេពកោសល្យក្នុងការសម្ដែង និងធ្លាប់បង្ហាញមុខក្នុងរឿងភាគមួយចំនួនផងដែរ។ ជាមួយគ្នានេះ បើយោងតាមប្រភពព័ត៌មាន CosmoPh បានឱ្យដឹងថា Sandara ប៊ិះនឹងបានគ្រងតំណែងជាតួឯកស្រីក្នុងរឿងល្បីមួយកាលពីកំឡុងឆ្នាំ ២០១០។
តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា Sandara Park ត្រូវបានគេជ្រើសឱ្យសម្ដែងក្នុងរឿងភាគល្បី “My Girlfriend Is A Gumiho” តែយ៉ាងណាមិញ ដោយសារកាលនោះរូបនាងទើបតែចេញច្រៀងជាផ្លូវការជាមួយសមាជិកក្រុមចម្រៀង 2NE1 មិនទាន់បានមួយឆ្នាំត្រឹមត្រូវផងដូច្នេះផលិតកម្ម YG ក៏បានបដិសេធនូវសំណើមួយនេះ និងចង់ឱ្យនាងផ្ដោតលើអាជីពជាតារាចម្រៀងសិន។
ក្រោយមកតំណែងតួឯកស្រីក៏បានធ្លាក់ទៅលើតារាស្រីល្បី Jun JiHyun ប៉ុន្ដែរូបនាងក៏បានបដិសេធមិនសម្ដែងក្នុងរឿងនេះដោយសារបញ្ហាកាលវិភាគ។ ចុងក្រោយតំណែងតួឯកស្រីក៏ធ្លាក់ទៅលើតារាស្រី Shin MinAh ដែលគ្រប់គ្នាស្គាល់ថាជាតួឯកស្រីក្នុងរឿងល្បី “Home Town Cha Cha Cha”។
គួរបញ្ជាក់ដែរថា “My Girlfriend Is A Gumiho” ជារឿងភាគដ៏ល្បីល្បាញមួយក្នុងឆ្នាំ ២០១០ ដោយកាលនោះភាគរយអ្នកចូលទស្សនាមានច្រើនជាង ២០ ភាគរយ និងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមរឿងផ្សេងទៀតដែលចាក់ដំណាលគ្នា ថែមទាំងឈ្នះពានរង្វាន់តូច ធំ ច្រើនជាង ១៥ ពាន និងធ្វើឱ្យប្រជាប្រិយភាពរបស់តារាស្រី Shin MinAh បានឡើងស្រឺតៗខ្លាំងចាប់តាំងពីពេលនោះមក៕
























Account
Security
Favourite Content