ក្រោយលែងលះជាមួយអតីតភរិយាតារាស្រី Song Hyekyo ជីវិតស្នេហារបស់តារាប្រុស Song Joongki កាន់តែក្លាយជាប្រធានបទដ៏គួរចាប់អារម្មណ៍ និងត្រូវមហាជនតាមសង្កេតកាន់តែខ្លាំងលើសដើម។ ស្របពេលជាមួយគ្នា ក៏មានលេចពាក្យចចាអារ៉ាមមិនឈប់ឈរទាក់ទងនឹងរឿងលោកមានស្នេហាជាមួយតារាសម្ដែងរួមអាជីព។ រហូតដល់ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២ ទើបតារាប្រុសវ័យ ៣៧ ឆ្នាំរូបនេះព្រមបើកបង្ហាញពីទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយនារីក្រៅសិល្បៈ ខណៈមនុស្សមួយចំនួនស្គាល់នាងថាជាអតីតតារាសម្ដែងស្រីម្នាក់ឈ្មោះ Katy Louise Saunders។
មែនទែនទៅ ទម្រាំរកបានអ្នកស្អំបេះដូងថ្មី តារាប្រុស Song Joongki ធ្លាប់មានពាក្យចចាមអារ៉ាមសេពគប់ជាមួយតារាស្រីល្បីៗជាច្រើន។ តោះទៅមើលថាជានរណាខ្លះ៖
១.Kim OkBin

នៅដើមឆ្នាំ ២០១៩ តារាស្រី Kim OkBin ត្រូវបានមហាជនសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Song Joongki ដោយអ្នកទាំងពីរសម្ដែងរឿង “Arthdal Chronicles” ជាមួយគ្នា។ រូបនាងក៏ត្រូវបានគេចោទថា ជាដើមហេតុដែលធ្វើឱ្យស្នេហារបស់ Song Joongki និង Song Hyekyo ប្រេះឆាផងដែរ។ យោងតាមប្រភពព័ត៌មានជាច្រើនក្នុង Weibo បានឱ្យដឹងថា Song Hyekyo បានដឹងពីរឿងមួយនេះ ថែមទាំងមានភស្ដុតាងអ្នកទាំងពីរលួចទាក់ទងគ្នាទៀត។ ដើម្បីបញ្ចប់រឿងអាស្រូវតារាស្រី Kim OkBin ក៏បានលុបរូបទាំងឡាយដែលធ្លាប់បានបង្ហោះជាមួយ Song Joongki ខ្ទេចគ្មានសល់។
២.Kim Jiwon

តារាប្រុស Song Joongki និងតារាស្រី Kim Jiwon ធ្លាប់សម្ដែងរឿងរួមគ្នាដល់ទៅពីរដងគឺ “Arthdal Chronicles” និង “Descendants of The Sun”។ នៅចុងឆ្នាំ ២០១៩ សារព័ត៌មានក្នុងប្រទេសចិនក៏បានចុះផ្សាយថា តារាប្រុស Song Joongki មានមិត្តស្រីថ្មីហើយ ខណៈម្នាក់នោះជាតារាស្រី Kim Jiwon ដោយអ្នកទាំងពីរចុះសម្រុងគ្នា និងសម្រេចចិត្តសេពគប់គ្នា។ ជាលទ្ធផលអ្នកទាំងពីរមិនបានចេញបកស្រាយអ្វីឡើយ។
៣.Jeon Yeo Bin
តារាប្រុស Song Joongki និងតារាស្រី Jeon Yeo Bin ជួបគ្នាដំបូងតាមរយៈការសម្ដែងរួមគ្នាក្នុងរឿង “Vincenzo” នៅឆ្នាំ ២០២១ ជាបន្ដបន្ទាប់ក៏លេចពាក្យចចាមអារ៉ាមជាច្រើនថាអ្នកទាំងពីរកំពុងមើលចិត្តថ្លើមគ្នា ខណៈអ្នកទាំងពីរក៏ត្រូវបានគេថតរូបទៅណាត់ជួបគ្នា ប៉ុន្ដែអ្នកទាំងពីរក៏មិនបានចេញបកស្រាយអ្វីឡើយ។
៤.Kim TaeRi

តារាស្រី Kim TaeRi និងតារាប្រុស Song Joongki ធ្លាប់សម្ដែងរឿងរួមគ្នាក្នុងឆ្នាំ ២០២០ គឺ “Space Sweepers”។ រហូតមកដល់ខែ តុលា ឆ្នាំ ២០២២ ស្រាប់តែមានព័ត៌មានកូរ៉េបានចុះផ្សាយថា តារាប្រុសស្រីមួយគូនេះកំពុងមានទំនាក់ទំនងស្នេហាថែមទាំងបានទៅណាត់ជួបគ្នាដើរកម្សាន្ដនៅឯទីក្រុង ប៉ារីស ប្រទេស បារាំង។ តែមិនបានប៉ុន្មាន អ្នកទាំងពីរក៏បានចេញបដិសេដថា មិនបានមានទំនាក់ទំនងស្នេហា និងណាត់ជួបគ្នាដើរកម្សាន្ដដូចសារព័ត៌មានលើកឡើងឡើយ។
ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនជាមួយតារាស្រីល្បីៗ ជាច្រើន ទីបំផុតតារាប្រុស Song Joongki ក៏បានប្រកាសពីទំនាក់ទំនងរបស់ខ្លួនជាមួយមិត្ដស្រីក្រៅសិល្បៈដែលជាអតីតតារាសម្ដែងស្រី Katy Louise Saunders នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២៕





















































Account
Security
Favourite Content