ស្បែកស្ងួតអាចបណ្ដាលមកពីការថែទាំមិនបានល្អ និងមូលហេតុជាច្រើនទៀត។ ក្នុងនោះផងដែរ កត្តាចំណីអាហារក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនផងដែរ។ ដូច្នេះសម្រាប់អ្នកដែលមានស្បែកស្ងួត និងអ្នកដែលមិនចង់ឱ្យស្បែកខ្លួនឯងស្ងួតទេ ត្រូវជៀសវាងអាហារទាំង ៥ នេះ៖
១. អាហារប្រៃពេក
អាហារប្រៃគឺជាអាហារដែលមានជាតិសូដ្យូមខ្ពស់ និងធ្វើឱ្យរាងកាយយើងខ្សោះជាតិទឹកផងដែរ។ នៅពេលដែលយើងញ៉ាំវាចូលទៅ អំបិលនឹងស្រូបយកជាតិទឹកចេញពីកោសិកាក្នុងខ្លួន និងកោសិកាស្បែក ជាលទ្ធផលវានឹងបណ្ដាលឱ្យស្បែកស្ងួត។
២. អាហារផ្អែមពេក
ក្រៅពីអាហារប្រៃ អាហារផ្អែមក៏អាចរួមចំណែកធ្វើឱ្យស្បែកស្ងួតផងដែរ។ ជាតិស្ករខ្ពស់នៅក្នុងអាហារទាំងនោះនឹងចូលទៅបំផ្លាញខូឡាជែន និងអេឡាស្ទីនបានយ៉ាងងាយ។ មិនតែប៉ុណ្ណោះ អាហារផ្អែម ជាពិសេសស្ករចម្រាញ់ (Refined sugar) ក៏អាចកាត់បន្ថយភាពយឺតនៃស្បែក បាត់បង់ជាតិទឹក យារធ្លាក់ និងងាយមានភាពជ្រីវជ្រួញថែមទៀតផង។
៣. អាហារបំពង
អាហារបំពងគឺជាអាហារដែលកំពុងពេញនិយមសម្រាប់ទូទៅភាគច្រើន។ បើទោះជាវាមានរសជាតិឆ្ងាញ់ក៏ដោយ ប៉ុន្តែក្រោយពេលញ៉ាំរួចវានឹងធ្វើឱ្យមានផលប៉ះពាល់ទាំងសុខភាពរាងកាយ និងសុខភាពស្បែកផងដែរ។ អាហារបំពងទាំងនោះនឹងធ្វើឱ្យស្បែកខ្សោះជាតិទឹក ឡើងស្ងួត និងឆាប់ឡើងស្នាមជ្រីវជ្រួញថែមទៀតផង។ មិនតែប៉ុណ្ណោះ ការទទួលទានអាហារបំពងច្រើននឹងធ្វើឱ្យប៉ះពាល់ដល់បេះដូង និងកើនឡើងនូវកម្រិតកូឡេស្តេរ៉ូលផងដែរព្រោះពេលរាងកាយទទួលបាកខ្លាញ់ឆ្អែតច្រើនដែលជះឥទ្ធិពលដល់ចរន្តឈាម។
៤. កាហ្វេអ៊ីន
ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនគឺប្រៀបដូចជាថ្នាំបញ្ចុះទឹកនោម។ ដូច្នេះនៅពេលដែលយើងផឹកកាន់តែច្រើន វានឹងធ្វើឱ្យស្បែកខ្សោះជាតិទឹកកាន់តែខ្លាំង។ ការទទួលទានកាហ្វេមួយពែងក្នុងមួយថ្ងៃនឹងផ្ដល់ផលល្អដល់សុខភាព ប៉ុន្តែប្រសិនបើយើងផឹកវាច្រើនពេកគឺប្រៀបដូចជាកំពុងបំផ្លាញសុខភាពខ្លួនឯងរួមទាំងសុខភាពស្បែកផងដែរ។
៥. គ្រឿងស្រវឹង
គ្រឿងស្រវឹងគឺជាភេសជ្ជៈមួយប្រភេទដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំងបំផុត។ ជាតិអាល់កុលដែលនៅក្នុងគ្រឿងស្រវឹងនឹងធ្វើឱ្យស្បែកឆាប់រលាក ឡើងក្រហម និងបាត់បង់ជាតិទឹកច្រើនផងដែរ។ លើសពីនេះទៀត ក្រៅពីជះឥទ្ធិពលអវិជ្ជមានដល់ស្បែកហើយ គ្រឿងស្រវឹងក៏អាចប៉ះពាល់ទៅដល់ខួរក្បាលផងដែរ៕






















































Account
Security
Favourite Content