ពិធី​បោះ​បាយ​បិណ្ឌ​ មាន​អត្ថន័យ​ល្អ​ប្រពៃ​ដែល​កូន​ខ្មែរ​គួរ​យល់

ការ​បោះ​បាយ​បិណ្ឌ​នេះ គឺ​ជា​ប្រពៃណី​មួយ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​មក​ជា​យូរលង់​ណាស់​មក​ហើយ។ មក​ដល់​សព្វ​ថ្ងៃ​នេះ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​នៅ​តែ​និយម​ធ្វើ​ ហើយ​ពិធី​បោះ​បាយ​បិណ្ឌ​នេះ ដោយ​គេ​ចាប់ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ​១រោច រហូត​ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ។

​ស្រប​ជាមួយ «ការ​បោះ​បាយ​បិណ្ឌ» នៅ​ក្នុង​វត្ត​នេះ ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ធ្វើ​ការ​រិះ​គន់​ថា​ជា​រឿង​ដែល​មិន​សម​ហេតុ​ផល និង​ជា​រឿង​ដែល​ខ្ជះខ្ជាយ​អាហារ​ឥត​ប្រយោជន៍។ ផ្ទុយ​ពី​មតិ​ខាង​លើ មនុស្ស​មួយ​ចំនួន​បាន​ប្រកាន់​ខ្ជាប់​យ៉ាង​ល្អ​ចំពោះ​ការ​ប្រតិបត្តិ​តាម​ប្រពៃណី​បោះ​បាយ​បិណ្ឌ​ដែល​ដូនតា​បន្សល់​ទុក​ជា​យូរលង់​ណាស់​ហើយ។

ដោយឡែក​ងាក​ទៅ​មើល​គោល​បំណង​ពិត​ប្រាកដ​របស់​ដូនតា​ខ្មែរ​ដែល​បាន​បង្កើត​ពិធី​បោះ​បាយ​បិណ្ឌ​ឡើង គឺ​ពិត​ជា​មាន​អត្ថន័យ​ល្អ​ប្រពៃ​ដែល​កូន​ខ្មែរ​គួរ​យល់។

ព្រះ​គុណ​ម្ចាស់ វជិវប្បញ្ញោ សាន សុជា បាន​មាន​ព្រះសង្ឃ​ដី​ការ​ដោយ​មិន​បដិសេធ​គំនិត​ខាង​លើ​ថា​មួយ​ណា​ខុស ឬ​មួយ​ណា​ត្រូវ​ឡើយ ដោយ​ព្រះអង្គ​បាន​ពន្យល់​ថា ក្នុង​គម្ពីរ​នៃ​សាសនា​ព្រះពុទ្ធ ​ការ​បោះ​បាយ​បិណ្ឌ​មិន​មាន​ទេ មាន​តែ​បាយ​បាត (បាត​ដែល​ព្រះសង្ឃ​ដាក់​បាយ)។ ការ​បោះ​បាយ​បិណ្ឌ​នេះ​ជា​វប្បធម៌​ដែល​ដូនតា​ខ្មែរ​បង្កើត​ឡើង​ដោយ​មាន​គោល​បំណង​ច្បាស់​លាស់​ដូច​ខាង​ក្រោម​៖

១. ប្រជា​ដូនតា​មាន​បំណង​ចង់​ឱ្យ​ប្រជាជន​មាន​សាមគ្គីភាព រៀន​ធម៌ ជួយ​ឧបត្ថម្ភ​ដល់​ព្រះសង្ឃ និងសាង​សេចក្ដី​ល្អ​ជាមួយ​គ្នា។

២. ប្រជាជន​ខ្មែរ​យល់​ខុស​ថា ការ​បោះ​បាយ​បិណ្ឌ​ជា​កម្ម​វិធី​បោះ​បាយ​ឱ្យ​ប្រេត ដោយ​ឡែក​ប្រេត​មិន​មែន​មាន​តែ​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ទេ។ កំណើត​របស់​ប្រេត​វា​លិឍ​ស៊ី​របស់​មិន​ល្អ​ជា​ប្រចាំ​។

៣. មូលហេតុ​ដែល​ការ​បោះ​បាយ​បិណ្ឌ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ទាប​ភ្លឺ​ដោយ​សារ​ដូនតា មិន​ចង់​រំខាន​ដល់​ការ​បំពេញ​ការងារ​រក​ទទួល​ទាន​របស់​ប្រជាជន​ដូចជា​ការ​ធ្វើ​ស្រែ​ចម្ការ​ជា​ដើម​នៅ​ពេល​ថ្ងៃ។ តែ​ខ្មែរ​បែរ​ជា​​យល់​ថា ប្រេត​ចេញ​មក​ស៊ី​បាយ​បិណ្ឌ​បាន​តែ​ពេល​ងងឹត​ទៅ​វិញ។

៤. ប្រជាជនណាដែល​មិន​សូវ​ចូល​វត្ត ទើប​ដូនតា​បង្កើត​កម្មវិធី​នេះ​ឡើង ព្រោះ​លោក​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​ស្តាប់​បរាភវសូត្រ។ បរាភវសូត្រ មាន​ន័យ​ថា វោហារ​សាស្ត្រ បែប​បទ ឬ​ក៏​មាត្រា​ ដែល​បង្ហាញ​ពី​អត្ថន័យ​នៃ​សេចក្ដី​វិនាស។ ការ​សូត្រ​បទ​បរាភវសូត្រ​នេះ គឺ​ជា​ការ​រៀបរាប់​ពី​សេចក្ដី​វិនាស​ទាំង​ឡាយ ដែល​ជន​ប្រុស​ស្រី​ត្រូវ​ចៀស​វាង។ នៅ​ពេល​បាន​យល់​ថា អ្វី​ជា​សេចក្ដី​វិនាស និង​អ្វី​ជា​ហេតុ​នាំ​ឱ្យ​វិនាស​ហើយ ជនានុជន​គ្រប់​រូប​គួរ​កុំ​គប្បី​ប្រព្រឹត្ត​ឡើយ នូវ​ហេតុ ឬ​អំពើ​ដែល​នាំ​ឱ្យ​វិនាស​ទាំង​នោះ។

៥. ចំពោះ​មតិ​ថា​គួរ​បន្ត​បោះ​បាយ​បិណ្ឌ ឬ​បញ្ឈប់ ព្រះ​អង្គ​មាន​សង្ឃ​ដី​ការ​ថា មិន​គួរ​បោះបង់​ទេ តែ​ត្រូវ​មាន​បញ្ញា។ ប្រពៃណី​គួរ​ត្រូវ​រក្សា តែ​បាយ​បិណ្ឌ​ត្រូវ​បោះ​តិច​តួច​បាន​ហើយ មិន​គួរ​ច្រើន​ដូច​ប្រជាជន​យើង​មួយ​ចំនួន​ធ្វើ​នោះ​ទេ ព្រោះ​ទី​១​ខាត​លុយ និង​ខាត​បាយ​ចោល និង​ទី​២​វា​ធ្វើ​ឱ្យ​ស្អុយ​វត្ត។