គិតមកទល់ពេលនេះ អតីតបេក្ខភាព Miss Global 2016 អ្នកនាង សូរ្យ អេនណា បានចាកឆ្ងាយពីវិស័យសិល្បៈប្រមាណ ៣ ឆ្នាំមកហើយ បន្ទាប់ពីនាងរៀបការសាងគ្រួសារជាមួយស្វាមីជនជាតិហុឡង់ដ៍ បន្សល់បានកូនស្រី ២ នាក់ជាដំណក់ឈាមរួមគ្នា និងបានចាកចេញទៅរស់នៅទីក្រុងហុងកុងយ៉ាងមានសុភមង្គល។
ថ្មីៗនេះអ្នកនាងបាននាំកូនស្រីបណ្ដូលចិត្តទាំង ២ នាក់មកលេងមាតុភូមិកំណើត ក្រោយត្រូវជាប់គាំងរយៈពេលជាង ២ ឆ្នាំព្រោះជំងឺកូវីដ១៩។ មកកម្ពុជាលើកនេះ ត្រូវអ្នកនាងឱ្យដឹងថា គឺដើម្បីដើរកម្សាន្ត តែនាងក៏ឆ្លៀតឱកាសធ្វើកិច្ចការងារសិល្បៈខ្លះផងដែរ ថែមទាំងបានរៀបចំការងារមួយចំនួនត្រៀមសម្រាប់កម្មវិធី Mrs. Asia Pacific Cambodia 2022 ដែលនាងនឹងត្រូវតំណាងជាតិកម្ពុជានាពេលខាងមុខថែមទៀតផង។ មិនតែប៉ុណ្ណោះ អេនណា ក៏បានឆ្លៀតចូលរួមថតជាតួឯកក្នុង MV ចម្រៀងមួយបទចំណងជើង «ប្ដីបារាំង» ជាមួយតួ Stunt មកពីហូលីវូតលោក Shayne Tingle ព្រមទាំងលេចមុខដើរបង្ហាញម៉ូដជាមួយប្អូនៗជំនាន់ក្រោយថែមទៀតផង។
ស្ថិតក្នុងវ័យ ២៩ ឆ្នាំ និងមានកូនស្រី ២ នាក់ទៅហើយក្តី ប៉ុន្តែ សូរ្យ អេនណា នៅតែស្រស់ស្អាតមិនប្រែប្រួលធ្វើឱ្យហ្វេនៗ និងមិត្តរួមជំនាន់លាន់មាត់សរសើរនាងសឹងគ្រប់ៗគ្នា។ ផ្តល់កិច្ចសម្ភាសន៍ជាមួយ AMS កាលពីពេលថ្មីៗ អតីត Top 20 ក្នុងកម្មវិធីប្រកួតសម្រស់ Miss Global 2016 រូបនេះ បានចែករំលែកឱ្យដឹងវិធីថែរក្សាសម្រស់ឱ្យនៅតែស្រស់ផូរផង់ ថែមទាំងលម្អិតឱ្យដឹងពីកម្មវិធី Beauty Pageant ថ្មីដែលនាងត្រៀមទៅប្រកួតទៀតផង។


អ្នកម៉ាក់កូន ២ រូបនោះបានរៀបរាប់ថា៖ «បើនិយាយទៅគឺអត់មានអីច្រើនទេ គឺខ្ញុំតែងតែហាត់ប្រាណ ញាំបន្លែពណ៌បៃតងជារៀងរាល់ថ្ងៃ ហើយញាំឱ្យទៀងទាត់ពេលវេលា»។ ដោយឡែក កម្មវិធី Mrs. Asia Pacific Cambodia 2022 ដែលអ្នកនាងកំពុងត្រៀមប្រកួតគឺ៖«កម្មវិធីដែលត្រៀមចូលប្រកួតគឺអំឡុងខែតុលាជាកម្មវិធី Mrs. Asia Pacific 2022។ កម្មវិធីនេះតម្រូវឱ្យស្រី្តដែលមានស្វាមីឬស្ត្រីលែងលះមានអាទិភាពចូលរួមកម្មវិធីនេះដើម្បីតំណាងប្រទេសនីមួយៗក៏ដូចជាបង្ហាញនូវភាពរឹងមាំបន្ទាប់ពីមានគ្រួសារហើយ»។
អេនណា បន្តថាមូលហេតុដែលអ្នកនាងនៅតែបន្តឈរលើវិស័យនេះ ព្រោះស្រលាញ់វិស័យសិល្បៈ និងស្រលាញ់គ្រប់ទម្រង់នៃវិស័យសិល្បៈ ដូច្នេះអ្វីដែលអ្នកនាងអាចធ្វើបានតំណាងឱ្យប្រទេសកម្ពុជា ដើម្បីឱ្យអន្តរជាតិស្គាល់កម្ពុជាគឺនាងនឹងធ្វើ។ តួយ៉ាង សម្រាប់កម្មវិធី Mrs. Asia Pacific Cambodia 2022 គឺត្រូវនឹងអ្នកនាងតែម្ដង ដែលអ្នកនាងជាស្ត្រីទើបរៀបការហើយ និងនៅតែមានបំណងបង្ហាញពីភាពអង់អាចរបស់ស្រី្តកម្ពុជាទៅកាន់អន្តរជាតិ។


អតីតតារាបង្ហាញម៉ូដ សូរ្យ អេនណា បានរៀបការជាមួយស្វាមីជាជនជាតិហុឡង់ដ៍ និងបានចាកចេញពីកម្ពុជាទៅរស់នៅទីក្រុងហុងកុងតាំងពីឆ្នាំ ២០១៩។ ស្វាមីរបស់នាងត្រូវគេដឹងថា មានតំណែងជាអ្នកគ្រប់គ្រងសណ្ឋាគារនៅទីក្រុងហុងកុង ដែលមានប្រាក់ចំណូលខ្ពស់ តែយ៉ាងណាក៏ដោយ តារាម៉ូដែលរូបនេះបញ្ជាក់សាជាថ្មីថា នៅតែមិនភ្លេចពីការងារសិល្បៈដដែល៕







Account
Security
Favourite Content