សម្តីពីអតីតកាលរបស់តារាសម្ដែងចិន Liu Yifei អំពីកេរ្តិ៍ឈ្មោះ វិជ្ជាជីវៈ និងសីលធម៌ បានលេចឡើងជាថ្មី ចំពេលមានរឿងចម្រូងចម្រាសពាក់ព័ន្ធតារាជំនាន់ក្រោយ Zhao Lusi, Bai Lu និង Dylan Wang។

យោងតាមសារព័ត៌មាន Sina បានឱ្យដឹងថាថ្មីៗនេះ តារាសម្តែង Dylan Wang, Bai Lu និង Zhao Lusi កំពុងជួបប្រទះរឿងរ៉ាវចម្រូងចម្រាសជាច្រើន និងមានការរិះគន់ជុំវិញអាកប្បកិរិយារបស់ពួកគេចំពោះមិត្តរួមការងារ និងការងាររបស់ខ្លួន។ ពាក់ព័ន្ធបញ្ហានេះដែរ Liu Yifei ដែលបានរក្សាអាជីពសិល្បៈបានយ៉ាងល្អដោយគ្មានរឿងអាស្រូវសោះក្នុងរយៈពេលជាង ២០ ឆ្នាំក្នុងឧស្សាហកម្មកម្សាន្ត ក៏ធ្លាប់បានបញ្ចេញមតិដែលមនុស្សជាច្រើនជឿថា អាចដើរតួជាមេរៀនមួយសម្រាប់តារាជំនាន់ក្រោយទាំងនោះ។
នៅក្នុងបទសម្ភាសន៍មួយ Liu Yifei បានចែករំលែកថា៖ «ប្រសិនបើអ្នកចង់សម្តែងឱ្យបានល្អ មុនដំបូងអ្នកត្រូវតែរៀនពីរបៀបធ្វើជាមនុស្សល្អជាមុនសិន។ តារាសម្តែងមួយចំនួនល្បីល្បាញលឿនពេក។ ពួកគេទទួលបានប្រជាប្រិយភាព មុនពេលបានឆ្លងកាត់ដំណើរការអភិវឌ្ឍខ្លួន ការសន្សំបទពិសោធន៍ និងការលំបាកនៅក្នុងវិស័យសិល្បៈ ហើយបន្ទាប់មកពួកគេក៏ចាប់ផ្តើមបង្កើតក្ដីស្រមៃក្លែងក្លាយឱ្យខ្លួនឯង។ បន្ទាប់ពីនោះ ពួកគេក៏ឈប់យកចិត្តទុកដាក់លើតួនាទីខ្លួន ហើយងាកទៅផ្ដោតលើរឿងរ៉ាវមិនល្អ និងខុសផ្លូវ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សាធារណជន និងនាំមកនូវផលប៉ះពាល់អាក្រក់ៗជាច្រើនដល់ឧស្សាហកម្មកម្សាន្ត។ ខ្ញុំជឿជាក់ថា មនុស្សបែបនោះនឹងមិនអាចដើរបានឆ្ងាយឡើយ ហើយនៅទីបំផុតនឹងត្រូវប្រឈមមុខនឹងផលលំបាកជាមិនខាន»។
នាងបានបន្ថែមថា៖ «ក្នុងនាមជាបុគ្គលសាធារណៈ និងជាមនុស្សម្នាក់ដែលទទួលបានក្តីស្រឡាញ់ពីទស្សនិកជន មុនដំបូងអ្នកត្រូវតែអាចប្រឈមមុខនឹងខ្លួនឯង ទស្សនិកជនរបស់អ្នក ព្រមទាំងស្នាដៃដែលអ្នកបានចូលរួមដោយគ្មានភាពខ្មាសអៀន។ អ្នកក៏ត្រូវតែមានព្រំដែនសីលធម៌ផងដែរ។ មានតែបែបនេះទេ ទើបអ្នកមានឱកាសក្លាយជាតារាសម្តែងដ៏ល្អពិតប្រាកដម្នាក់»។

ទន្ទឹមនឹងនេះដែរ តារាប្រុស Dylan Wang ថ្មីៗនេះបានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហោះសារមួយសម្តែងការមិនពេញចិត្ត និងអះអាងថា លោកមានអារម្មណ៍ថាត្រូវបានគេផាត់ចេញ និងធ្វើបាប (Bully) ពីសំណាក់សមាជិកផ្សេងទៀតនៅក្នុងកម្មវិធីទូរទស្សន៍មួយ។ ទោះជាយ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើនបានចង្អុលបង្ហាញថា ព្រឹត្តិការណ៍នោះបានកើតឡើងតាំងពីបីខែមុនបាត់ទៅហើយ។ ពួកគេបានវែកញែកថា ការលើកយកវាមកនិយាយជាសាធារណៈម្តងទៀតបែបនេះ អាចជំរុញឱ្យអ្នកគាំទ្រទៅរិះគន់ និងវាយប្រហារលើសហការីរបស់លោក។
សាធារណជនមួយចំនួនក៏បានចោទសួរផងដែរថា ហេតុអ្វីបានជារឿងនេះមិនត្រូវបានដោះស្រាយជាលក្ខណៈឯកជន ដោយបានលើកឡើងថា ការសម្រេចចិត្តរបស់ Dylan Wang ក្នុងការពិភាក្សាវានៅលើបណ្តាញសង្គម បានបង្កើតឱ្យមានរឿងចម្រូងចម្រាសដោយមិនចាំបាច់ និងប៉ះពាល់ដល់អ្នកដទៃដែលពាក់ព័ន្ធ។
ជាលទ្ធផល ថ្វីបើលោកជាមនុស្សដំបូងគេដែលបានបញ្ចេញទុក្ខកង្វល់របស់ខ្លួនក៏ដោយ ប៉ុន្តែការយល់ឃើញរបស់សាធារណជនមិនបានលំអៀងទៅខាងតារាសម្តែងប្រុសរូបនេះទាំងស្រុងនោះទេ។ នៅក្នុងការស្ទង់មតិមួយដែលមានអ្នកចូលរួមជាង ២ សែននាក់ មានអ្នកឆ្លើយតបរហូតដល់ ៨៣% បានសម្តែងការគាំទ្រចំពោះតារាសម្តែងស្រី Shen Yue ជំនួសវិញ។
អ្នករិះគន់ជាច្រើនជឿថា Dylan Wang ទទួលបានអត្ថប្រយោជន៍ពីការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្នុងឧស្សាហកម្មនេះ និងការប្រព្រឹត្តយ៉ាងល្អប្រសើរពីសំណាក់ក្រុមហ៊ុនផលិតកម្ម ដែលនាំឱ្យមានការចោទប្រកាន់ថា លោកបានក្លាយជាមនុស្សដែលធ្លាប់ខ្លួនក្នុងការរិះគន់សហការី និងថែមទាំងធ្វើឱ្យខូចខាតដល់គម្រោងដែលលោកបានចូលរួមទៀតផង។ នៅទីបំផុត ភាគបញ្ចប់នៃកម្មវិធីThe Inn 2026 ត្រូវបានរាយការណ៍ថា មិនអាចចាក់ផ្សាយតាមកាលវិភាគដើមឡើយ បន្ទាប់ពីមានរឿងចម្រូងចម្រាសនេះកើតឡើង។
មតិយោបល់របស់ Liu Yifei ក៏ត្រូវបានគេយកទៅប្រៀបធៀបទៅនឹងតារាស្រី Bai Lu និង Zhao Lusi ផងដែរ។ អ្នករិះគន់បានវែកញែកថា ទោះបីជាតារាសម្តែងស្រីទាំងពីររូបនេះសម្រេចបាននូវប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែសមត្ថភាពសម្តែងរបស់ពួកគេនៅតែបង្ហាញឱ្យឃើញនូវចំណុចខ្សោយយ៉ាងច្បាស់ក្រឡែត។ ជំនួសឱ្យការផ្តោតលើការកែលម្អការសម្តែងរបស់ខ្លួន មនុស្សមួយចំនួនជឿថា ពួកគេបានក្លាយជាមនុស្សដែលចង់បង្ហាញខ្លួនឯងខ្លាំងពេកក្នុងនាមជាអ្នកសិល្បៈដែលមានទេពកោសល្យពហុជំនាញ ដោយបានរៀបចំកម្មវិធីសម្តែងតន្ត្រី ថ្វីបើមានសមត្ថភាពខាងផ្នែកតន្ត្រីនៅមានកម្រិតក៏ដោយ។
សូមបញ្ជាក់ថា Bai Lu និង Zhao Lusi ក៏ត្រូវបានគេភ្ជាប់ឈ្មោះជាញឹកញាប់ទៅនឹងពាក្យចចាមអារ៉ាមអំពីជម្លោះជាមួយក្រុមការងារផងដែរ ដែលនេះកាន់តែជំរុញឱ្យមានការរិះគន់បន្ថែមទៀត។ អ្នករិះគន់បានអះអាងថា ព្រឹត្តិការណ៍បែបនេះឆ្លុះបញ្ចាំងពីការខ្វះការដាក់ខ្លួន និងមានការវាយតម្លៃខ្ពស់ហួសហេតុពេកចំពោះឋានៈរបស់ពួកគេនៅក្នុងឧស្សាហកម្មមួយនេះ ៕























































Account
Security
Favourite Content