Dahyun សមាជិកក្រុម TWICE បានបរិច្ចាគថវិកាចំនួន ៣០ លានវ៉ុន ឬប្រមាណ ២០ ០០០ ដុល្លារអាមេរិក ជាជំនួយដល់អ្នកជំងឺមហារីកគ្រាប់ឈាមស ដើម្បីអបអរថ្ងៃខួបកំណើតឈានចូលវ័យ ២៨ ឆ្នាំ។

នៅថ្ងៃទី ១ ខែមិថុនា នេះ ផលិតកម្ម JYP Entertainment បានឱ្យដឹងថា Dahyun បានបរិច្ចាគថវិកាចំនួន ៣០ លានវ៉ុន ជូនដល់អង្គការ Community Chest of Korea ក្នុងទីក្រុង Ulsan កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅ ដែលជាថ្ងៃខួបកំណើតរបស់តារាស្រីផ្ទាល់។
អង្គការនឹងនាំយកថវិកានេះទៅប្រើប្រាស់សម្រាប់ថ្លៃព្យាបាល និងការគាំទ្រដល់ការចំណាយផ្នែកវេជ្ជសាស្ត្រផ្សេងទៀត ដល់អ្នកជំងឺមហារីកគ្រាប់ឈាមស ដែលកំពុងជួបការលំបាក និងខ្វះខាតលទ្ធភាពបង់ថ្លៃព្យាបាល។
តារាពហុជំនាញរូបនេះ បានរៀបរាប់ពីគោលបំណងរបស់ខ្លួនថា៖ “ខ្ញុំចង់ចែករំលែកសេចក្តីស្រឡាញ់ដែលខ្ញុំទទួលបាន នៅក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា ទង្វើតូចតាចមួយនេះ នឹងអាចផ្តល់ជាកម្លាំងចិត្តដល់អ្នកជំងឺដែលកំពុងទទួលការព្យាបាលទាំងអស់”។


សូមរំឭកថា Dahyun បានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ ២០១៥ ក្នុងនាមជាសមាជិកក្រុមចម្រៀងខេប៉ុប TWICE។ បច្ចុប្បន្ននេះ TWICE កំពុងមមាញឹកនឹងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក THIS IS FOR World Tour ដែលត្រៀមនឹងសម្ដែងបញ្ចប់នៅថ្ងៃទី ៤ ខែមិថុនា លើទឹកដីទីក្រុងឡុងដ៍។
កាលពីថ្ងៃទី ២៥ ខែឧសភា កន្លងទៅ ក្រុមចម្រៀងនារីដែលមានសមាជិក ៩ រូបនេះ ក៏ទើបតែទទួលបានពានរង្វាន់ “តារាខេប៉ុបស្រីឆ្នើម” ពីកម្មវិធីប្រគល់ពានរង្វាន់ American Music Awards ឬ AMA ដោយបានក្លាយជាក្រុមតារាចម្រៀងខេប៉ុបស្រីដំបូងគេបង្អស់ដែលទទួលបានកិត្តិយសមួយនេះ៕



















































Account
Security
Favourite Content