ក្រោយទទួលបានដំណឹងថា Miss Universe Cambodia 2025 ហ្វីយ៉ាតា ទទួលរងការប្រមាថពីសំណាក់ជនជាតិថៃ ធ្វើឱ្យមហាជនក្នុងស្រុកកើតក្ដីមិនសុខចិត្តចេញមុខទាមទារយុត្តិធម៌ឱ្យបវរកញ្ញាតំណាងកម្ពុជារូបនេះ ក្នុងនោះ ក៏បវរកញ្ញាកម្ពុជាច្រើននាក់ផងដែរ។



នៅក្នុងរាត្រីជួបជុំកាលពីម្សិលមិញ ហ្វីយ៉ាតា បានទទួលរងការប្រមាថពីសំណាក់ជនជាតិថៃ ដែលបុគ្គលរូបនោះស្ថិតក្នុងក្រុមអ្នកសារព័ត៌មាន។ សម្ដីមើលងាយមិនឱ្យតម្លៃពីសំណាក់បុគ្គលរូបនេះបានធ្វើឱ្យបវរកញ្ញាតំណាងកម្ពុជា ថៃ នារីសុជាតា បង្ហាញចេញនូវអារម្មណ៍ក្ដុកក្ដួលរួមជាមួយទឹកភ្នែកដែលព្យាយាមទប់មិនឱ្យហូរស្រក់ចុះមក។ ចំពោះបញ្ហានេះ ហ្វីយ៉ាតា ក៏បានចង្អុលបង្ហាញមុខមាត់បុគ្គលអសីលធម៌ដែលជាជនជាតិថៃ និងបានរៀបរាប់ពីទង្វើដែលបុគ្គលរូបនោះបានធ្វើមកដាក់នាងផងដែរនៅលើ Story IG ផងដែរ។



ការឈឺចាប់ និងទឹកភ្នែករបស់ ហ្វីយ៉ាតា បានធ្វើឱ្យមហាជនក្នុងស្រុកខឹងសម្បារចំពោះទង្វើអសីលធម៌ដែលបុគ្គលរូបនោះហ៊ានមើលងាយ ប្រមាថមកលើបវរកញ្ញាដែលតំណាងកម្ពុជានាពេលនេះ។ ជាមួយគ្នានេះដែរ បវរកញ្ញាកម្ពុជាជាច្រើនរូបបានចេញមុខទាមទារយុត្តិធម៌ក្រោយបានដឹងថា ហ្វីយ៉ាតា ដែលកំពុងមានវត្តមានប្រកួតក្នុងប្រទេសថៃ កំពុងរងការមើលងាយដោយពួកគេបានចេញសារលើបណ្ដាញសង្គមឱ្យបញ្ឈប់នូវរាល់សកម្មភាពមិនឱ្យតម្លៃទៅលើបវរកញ្ញាតំណាងប្រទេសកម្ពុជាដែលចូលរួមក្នុងកម្មវិធី Miss Universeក្នុងប្រទេសថៃ។
បវរកញ្ញាទាំង ៣ រូបនោះមាន Miss Cosmo Cambodia 2024 អ៊ិន លក្ខិណា និង Miss Charm Cambodia 2025 ដេត ស្រីនាឌ និងលំដាប់រងទី៣ នៃ Miss Universe Cambodia 2025 ពេជ្រ វត្តីសារ៉ាវឌ្ឍី។


តាមរយៈសំណេររបស់បវរកញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានសរសេររៀបយ៉ាងដូច្នេះថា៖ «ស៊ូស៊ូបងស្រី Fiyata – ហ្វីយ៉ាតា នាងមកទីនេះ គ្រាន់តែចង់តំណាងឲ្យប្រទេសជាតិរបស់នាង ដោយមានមោទនភាព និងភាពអស្ចារ្យ។ គ្មាននរណាម្នាក់គួរត្រូវទទួលរងការប្រមាថ ឬស្អប់ខ្ពើម ដោយសារតែអត្តសញ្ញាណរបស់ខ្លួនឡើយ។ ទោះបីជានាងឈឺចាប់ក៏ដោយ នាងនៅតែឈរមានកម្លាំង ដូចជានិមិត្តរូបនៃភាពរឹងមាំ ភាពស្រស់ស្អាត និងចិត្តខ្មែរដ៏មាំមួន។

រីឯសំណេររបស់ ដេត ស្រីនាឌ Miss Charm Cambodia 2025 ត្រូវបានរៀបរាប់បែបនេះថា៖ «បវរកញ្ញា ហ្វីយ៉ាតា ដែលតំណាងឱ្យកម្ពុជាចូលរួមក្នុងកម្មវិធី Miss Universe លើកទី៧៤ នៅប្រទេសថៃ កំពុងប្រឈមនិងការចំអកយ៉ាងអាម៉ាស់ដោយអយុត្តិធម៌ពីប្រជាជនថៃមួយចំនួន។ សារ១នេះទៅកាន់ពិភពលោក សូមចងចាំនូវទឹកចិត្តដ៏ល្អប្រពៃ គោរពភាពស្រស់ស្អាតពីខាងក្នុង និងបញ្ឈប់នូវរាល់ការស្អប់ខ្ពើម។ បវរកញ្ញា ហ្វីយ៉ាតា នឹងបន្តឱ្យតំណាងឱ្យប្រទេសកម្ពុជា ជាមួយភាពខ្លាំង និងសេចក្ដីថ្លៃថ្នូរ។ ចុងក្រោយសូមឱ្យបងបន្តភាពរឹងមាំ ពោរពេញដោយគុណធម៌ ភាពក្លាហាន និងសេចក្ដីថ្លៃថ្នូរ»។


ចំណែកឯ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៣ នៃ Miss Universe Cambodia 2025 ក៏បានលើកទឹកចិត្ត ហ្វីយ៉ាតា ពីចម្ងាយជាសារយ៉ាងដូច្នេះថា៖ «ស្ថាប័ន Miss Universe គួរត្រូវបានបង្កើតឡើងដើម្បីថាមពលនៃស្ត្រីពីជុំវិញពិភពលោក មិនមែនជាកន្លែងរើសអើង មើលងាយបែបនេះទេ។ ក្នុងនាមជាកូនខ្មែរ១រូប និងជាប្អូនស្រីម្នាក់ ខ្ញុំនៅតែបន្តការគាំទ្រនិងការពារយ៉ាងពេញទំហឹងដល់បវរកញ្ញាកម្ពុជា ហ្វីយ៉ាតា ដែលកំពុងប្រកួតលើឆាកអន្តជាតិ។ សូមផ្ញើនូវក្ដីស្រលាញ់ដែលបងសក្ដិសមនឹងទទួល យើងនឹងនៅជាមួយអ្នក ហ្វីយ៉ាតា។
ក្រៅអំពីបវរកញ្ញាទាំង៣រូប ក៏មានចូលរួមលើកទឹកចិត្តនិងគាំទ្រពីសំណាក់អ្នកគាំទ្រកម្ពុជា តារាប្រុសស្រីនៅក្នុងស្រុក និងបេក្ខភាពបវរកញ្ញាចក្កវាឡជាច្រើនរូបដោយពួកគេបានផ្ញើជាសារលើកទឹកចិត្តនិងទាមទារឱ្យមានការចាត់វិធានការចំពោះទង្វើបុគ្គលអសីលធម៌រូបនេះទៀតផង៕
រូបភាព ៖ fi.yata,Det Sreyneat ,Leakena In, Pich Votey Saravody























































Account
Security
Favourite Content