យោងតាមការចុះផ្សាយរបស់សារព័ត៌មាន My Daily ក្រុមការងារផលិតរឿង Bon Appetit, Your Majesty ទទួលបានរង្វាន់ជាដំណើរកម្សាន្តទៅកាន់ខេត្ត Da Nang ប្រទេសវៀតណាម នៅចុងខែតុលា ខាងមុខ តបស្នងនឹងភាពជោគជ័យរបស់ភាពយន្ត។

ព័ត៌មានដែលបានចុះផ្សាយនៅថ្ងៃទី ២៦ ខែកញ្ញា នេះ បានឱ្យដឹងថា នៅក្នុងកម្មវិធីជប់លៀងសម្រាប់ភាពយន្តរឿងខាងលើ Im YoonA ដែលសម្ដែងជាតួឯកស្រី បានប្រកាសដោយរីករាយទៅកាន់ក្រុមការងារថា៖ “Bon Appetit, Your Majesty អស្ចារ្យណាស់! តស់! យើងទៅទទួលរង្វាន់ជាការដើរលេងទាំងអស់គ្នា”។
ជាក់ស្ដែង កាដូពិសេសខាងលើបានរៀបចំឡើង ផ្អែកទៅលើភាពជោគជ័យជាបន្តបន្ទាប់របស់រឿងភាគចុងសប្តាហ៍របស់ទូរទស្សន៍ tvN ចំណងជើងនេះ។ ដើមឡើយ ការចាក់ផ្សាយក្នុងសប្ដាហ៍ដំបូងរឿងភាគចុងភៅឆ្លងភពនេះ ទទួលបានអ្នកទស្សនា ឬ Rating ចំនួន ៤.៩ភាគរយ និងផ្ដើមមានកំណើនប្រជាប្រិយភាពរហូតទទួលបានអ្នកទស្សនាចំនួន ១៥.៨ភាគរយ សម្រាប់ភាគទី១០ ដែលទើបតែចាក់ផ្សាយកាលពីថ្ងៃទី២១ កន្លងទៅ។

តួលេខដែលចាប់ផ្ដើមកើនឡើងតាំងតែពីសប្ដាហ៍ទី ២នេះ បានធ្វើឱ្យរឿង Bon Appetit, Your Majesty ក្លាយជាភាពយន្តដែលមានអ្នកទស្សនាច្រើនបំផុតចំនួន ៤សប្ដាហ៍ជាប់ៗគ្នា និងជាភាពយន្តដែលលេចធ្លោបំផុតមួយប្រចាំឆមាសទី ២ នៃឆ្នាំ២០២៥។
យ៉ាងណាមិញ Bon Appetit, Your Majesty ក៏កាន់តែខិតជិតមកដល់ភាគបញ្ចប់ដូចគ្នា ដោយ ២ភាគចុងក្រោយរបស់រឿង នឹងចាក់ផ្សាយនៅថ្ងៃទី២៧-២៨ ខែកញ្ញានេះ វេលាម៉ោង ៩៖១០នាទីយប់ នៅលើកញ្ចប់ទូរទស្សន៍ tvN និងតាមរយៈកម្មវិធី Netflix៕


























Account
Security
Favourite Content