កាលពីថ្ងៃទី៣ ខែកញ្ញា នេះ ទីភ្នាក់ងាររបស់ Lee Soo-hyuk បានបង្ហាញការសោកស្ដាយ ក្រោយអ្នករៀបចំកម្មវិធីក្នុងប្រទេសចិន បានរៀបចំកម្មវិធីខុសពីការចរចាគ្នា ដោយបានពន្យារកម្មវិធីឱ្យមានពេលសរុប ១២ម៉ោង ខុសពីកិច្ចសន្យាដើមដែលគ្រោងធ្វើឡើងត្រឹមតែ ៦ម៉ោង និង ៣០នាទីប៉ុណ្ណោះ។

កម្មវិធីជំនួបអ្នកគាំទ្រឯទីក្រុង Hangzhou ប្រទេសចិននេះ បានធ្វើឡើងតាំងតែពីថ្ងៃទី ៣០ ខែកញ្ញា កន្លងទៅ យ៉ាងណាមិញ នៅដើមខែនេះ ទើបទីភ្នាក់ងារ Saram Entertainment បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីការខកចិត្ត។
ផ្ដើមដោយការអរគុណអ្នកគាំទ្រ ទីភ្នាក់ងារបានរៀបរាប់ថា៖ “យើងពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រដែលបានបង្ហាញពីចំណាប់អារម្មណ៍ លើជំនួបអ្នកគាំទ្រលើកដំបូងរបស់ Lee Soo-hyuk នៅ Hangzhou។ យើងជឿជាក់ថា ពេលវេលាដែលអ្នកមានរួមគ្នាជាមួយនឹងសិល្បករយើង គឺពិតជាមានអត្ថន័យដ៏ពិសេស។ ដូចគ្នាដែរ យើងក៏ពិតជាសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើងក្នុងកម្មវិធី ដោយមិនអាចដឹងមុន”។
ទន្ទឹមគ្នានេះ Saram Entertainment ក៏បានបង្ហាញពីគោលបំណង ព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យបានប្រសើរជាងមុន សម្រាប់កម្មវិធីនៅថ្ងៃអនាគត។

សារព័ត៌មាន The Korea Times បានរាយការណ៍ថា កម្មវិធីចុះហេត្ថលេខាជូនអ្នកគាំទ្រនេះ ដើមឡើយ គឺបានកំណត់ថា នឹងធ្វើឡើងប្រមាណ ៦ម៉ោង និង ៣០នាទី តែដោយសារតែអ្នករៀបចំកម្មវិធីក្នុងប្រទេសចិន បានលក់សំបុត្រចូលរួមលើសកំណត់ ទើបកម្មវិធីនេះត្រូវបន្តរហូតដល់ទៅ ១២ម៉ោង ដើម្បីចុះហេត្ថលេខាបន្ថែមឱ្យអ្នកគាំទ្រ ៥០០នាក់ទៀត។
បន្ថែមពីនេះ ម៉ាស៊ីនត្រជាក់ក្នុងកម្មវិធីក៏មិនដំណើរការ រហូតធ្វើឱ្យ Lee Soo-hyuk ត្រូវបែកញើសជោកអាវ និងមានការរាយការណ៍បន្តទៀតថា នៅពេលកម្មវិធីចប់ តារាប្រុសស្ថិតនៅក្នុងស្ថានភាពហត់នឿយខ្លាំង រហូតស្លេកស្លាំង និងបាត់បង់ជំហររាងកាយ នាំឱ្យអ្នកគាំទ្រចោទទៅកាន់អ្នករៀបចំកម្មវិធីថា ខ្វះទំនួលខុសត្រូវ៕


















































Account
Security
Favourite Content