អ្នកចូលរួមក្នុងការប្រគំតន្ត្រីរបស់ក្រុមចម្រៀងរ៉ុកតៃវ៉ាន់ Mayday នៅទីក្រុងតៃប៉ិ កាលពីថ្ងៃទី ១២ ខែកក្កដា មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលក្រុមចម្រៀងប្រុសតៃវ៉ាន់ F4 ដែលបានរំសាយកាលពីឆ្នាំ ២០០៩ បានបង្ហាញខ្លួនយ៉ាងពិសេសនៅជិតចុងបញ្ចប់នៃកម្មវិធី។

មានសមាជិក ៤នាក់ដូចជា Vic Chou អាយុ ៤៤ ឆ្នាំ, Vanness Wu អាយុ ៤៦ ឆ្នាំ, Ken Chu អាយុ ៤៦ ឆ្នាំ និង Jerry Yan អាយុ ៤៨ ឆ្នាំ ក្រុមចម្រៀង F4 បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០១ បន្ទាប់ពីជោគជ័យនៃរឿងភាគ F4 តៃវ៉ាន់ “Meteor Garden” ដែលមានតារាស្រី Barbie Hsu ជាតួឯកស្រី។ ក្នុងការប្រគំតន្ត្រីកាលពីចុងសប្ដាហ៍ សមាជិកទាំង ៤ បានសម្តែងបទចម្រៀងពីរបទជាមួយក្រុម Mayday រួមមានបទ “Meteor Rain” របស់ F4 និងបទ “The Song of Laughter and Forgetting” របស់ Mayday។
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ TVBS បានរាយការណ៍ថា ការសម្តែងកាលពីថ្ងៃសៅរ៍ គឺជាលើកដំបូងហើយក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ ដែលសមាជិកទាំងបួនរបស់ F4 បានបង្ហាញខ្លួនជុំគ្នា បន្ទាប់ពីបានសម្ដែងរួមគ្នាលើកចុងក្រោយកាលពីឆ្នាំ ២០១៣ ក្នុងកម្មវិធីបុណ្យចូលឆ្នាំចិនរបស់ស្ថានីយ៍ទូរទស្សន៍ Jiangsu TV។ នៅពេលនោះ ពួកគេបានសម្តែងបទចម្រៀងពីរបទពីអាល់ប៊ុមដំបូងរបស់ក្រុមគឺបទ “Meteor Rain” និងបទ “As Soon As Possible” ។
គួរបញ្ជាក់ថា បន្ទាប់ពីរំសាយក្រុម សមាជិក F4 ម្នាក់ៗបានបន្តអាជីពរៀងខ្លួន ដោយក្នុងនោះ Jerry Yan បានត្រឡប់មកសម្ដែងវិញហើយបានសម្ដែងក្នុងរឿង The Forbidden Flower (ឆ្នាំ២០២៣) ស្របពេល Vic Chou ថ្មីៗនេះ បានបង្ហាញខ្លួននៅក្នុងរឿង The World Between Us 2 ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងខែវិច្ឆិកា។ Vanness Wu បានចេញអាល់ប៊ុមភាសាអង់គ្លេសដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០២២ ហើយបានចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើន ខណៈពេលដែល Ken Chu ងាកទៅផ្ដោតលើការ Live សម្រាប់ការលក់អនឡាញ ៕




























Account
Security
Favourite Content