ថ្មីៗនេះ កំពូលតារាចម្រៀងចង្វាក់ R&B គឺ Usher បានទទួលសញ្ញាបត្របណ្ឌិតកិត្តយសផ្នែកមនុស្សសាស្ត្រពីសាកលវិទ្យាល័យ Emory ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ព្រមទាំងបានផ្ដល់សុន្ទរកថាដ៏មានអត្ថន័យសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សា។


ក្នុងនោះតារាចម្រៀងវ័យ ៤៦ ឆ្នាំបានជំរុញយុវជនឱ្យហ៊ានបង្កើតក្ដីស្រមៃ ដោយពន្យល់ថា៖ “អំណាចរបស់គ្រប់គ្នាមិនមែនស្ថិតលើក្រដាសសញ្ញាបត្រនោះទេ ប៉ុន្តែគឺអាស្រ័យលើខ្លួនឯង។ លោកនិយាយថា គ្រប់គ្នាគឺជាអ្នកបង្កើតតម្លៃពិតពីក្រោយសញ្ញាបត្ររបស់ខ្លួនឯង ដែលតម្លៃនោះគឺភាពស្មោះត្រង់ ការស្រវាស្រទេញ និងបេះដូងរបស់យើង ដែលមិនមែនជាអ្វីដែលអាចមើលឃើញបានដោយភ្នែកទទេ”។


ប្រឡូកសិល្បៈតាំងពីអំឡុងឆ្នាំ១៩៩០ ជាមួយការចេញអាល់ប៊ុមចម្រៀងដំបូងនៅអាយុ ១៥ឆ្នាំ មកដល់ពេលនេះ Usher អាចលក់អាល់ប៊ុមចម្រៀងបានច្រើនជាង ១០០ លានច្បាប់ទូទាំងពិភពលោក។ ទស្សនាវដ្ដី Billboard បានចាត់ចំណាត់ថ្នាក់លោកជាតារាចម្រៀងប៉ុបអស្ចារ្យបំផុតមួយរូបប្រចាំសតវត្សរ៍ទី២១។ ក្រៅពីការងារផ្នែកតន្ត្រី លោកបានបង្កើតអង្គការមិនរកប្រាក់ចំណេញឈ្មោះ Usher’s New Look ក្នុងឆ្នាំ ១៩៩៩ និងបានសម្ដែងក្នុងភាពយន្តមួយចំនួន។
ចុងបញ្ចប់សុន្ទរកថា Usher បាននិយាយថា៖ “ពិភពលោកនេះមិនត្រូវការអ្នកដើរតាមគេទៀតទេ ប៉ុន្តែគេត្រូវការអ្នកដែលគ្មានការភ័យខ្លាច គឺអ្នកដែលជាខ្លួនអ្នកពិតប្រាកដ។ កុំឈប់ស្រមៃ តស៊ូទៅមុខទៀតដើម្បីជីវិតកាន់តែប្រសើរ តស៊ូដើម្បីពិភពលោកប្រសើរជាងមុន។ គោលដៅអាចហួសពីលទ្ធភាពរបស់យើង ប៉ុន្តែយើងអាចទៅដល់បានដរាបណាយើងព្យាយាម ហើយយើងនឹងជោគជ័យ ដរាបណាយើងធ្វើវា”។






បន្ទាប់ពីកម្មវិធី តារាចម្រៀងរូបនេះក៏បានចែករំលែករូបភាពអនុស្សាវរីយ៍ជាច្រើនលើគណនី Instagram របស់ខ្លួននិងសរសេរ Caption ថា៖ “កាលពីម្សិលមិញខ្ញុំបានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Emory និងមានកិត្តិយសបានថ្លែងសុន្ទរកថា។ គ្រានេះជាការរំលឹកថាជីវិតគឺជាការធ្វើដំណើរមិនឈប់ឈរ.. ត្រូវបន្តសុបិន បន្តរីកចម្រើន និងកុំឈប់ ត្រូវជឿលើថាមពលនៃសំឡេងរបស់អ្នក! មុនពេលខ្ញុំអាចច្រៀង មុនពេលខ្ញុំអាចរាំ និងមុនពេលខ្ញុំជាបណ្ឌិត ខ្ញុំមានចំណង់ចំណូលចិត្ត ហើយនោះជាអ្វីដែលសំខាន់ មិនថាអ្នកធ្វើអ្វីនោះទេ!
ទំនាក់ទំនងរបស់ខ្ញុំជាមួយសាកលវិទ្យាល័យ Emory ត្រូវបានកត់ត្រាយ៉ាងល្អអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ តាមរយៈអង្គការមនុស្សធម៌ New Look របស់ខ្ញុំ ខ្ញុំបានជួយសាងសង់វិថីមួយដែលបង្កើតឱកាសសម្រាប់សិស្សានុសិស្សដែលធ្លាប់វង្វេងដូចជាខ្ញុំ។ ខ្ញុំចង់បើកទ្វារសម្រាប់មនុស្សវ័យក្មេងដែលប្រហែលជាមិនមានប្រវត្តិសិក្សាល្អឥតខ្ចោះ ប៉ុន្តែមានអ្វីដែលមានឥទ្ធិពលជាងនេះជាប់ជាមួយគឺ៖ សក្តានុពល ចំណង់ចំណូលចិត្ត និងការតស៊ូ” ៕
























































Account
Security
Favourite Content