ខនសឺត គឺជាឱកាសដ៏ពិសេស ដែលអ្នកគាំទ្របានចំណាយពេលរួមគ្នាជាមួយនឹងតារាក្នុងដួងចិត្ត និងអ្នកគាំទ្រដទៃទៀត។ ក៏ប៉ុន្តែ សម្រាប់អ្នកដែលមិនធ្លាប់ទៅចូលរួមកម្មវិធីប្រគំតន្ត្រីបែបនេះពីមុនមក អ្នកគួរតែដឹងពីរឿងសំខាន់មួយចំនួនជាមុនសិន ដើម្បីឱ្យបទពិសោធន៍ដំបូងនេះ ក្លាយជាការចងចាំដ៏ល្អពេញមួយជីវិត។
ខាងក្រោមនេះ គឺជា ៩ចំណុចសំខាន់ៗ ដែលអ្នកចង់ទៅមើលខនសឺតលើកដំបូងមិនគួររំលង៖

១. ពិនិត្យសំបុត្រចូលកម្មវិធី
សំបុត្រចូលកម្មវិធីជាអ្វីដែលសំខាន់បំផុត ព្រោះបើសិនជាប្រិយមិត្តគ្មានវាទេ ប្រិយមិត្តនឹងមិនអាចចូលទៅមើលតារាក្នុងដួងចិត្តរបស់អ្នកឡើយ។ ដូច្នេះ ត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់ និងរក្សាសំបុត្រនេះឱ្យបានត្រឹមត្រូវ។ បើសិនជា សំបុត្រនោះជាប្រភេទក្រដាស អ្នកត្រូវរក្សាវាកុំឱ្យបាត់ តែបើវាជា E-ticket ឬ QR Code អ្នកអាចបង្កើតអាល់ថ្មីសម្រាប់រក្សាទុក ដើម្បីឱ្យងាយស្វែងរក ពេលត្រូវការ។
២. អានបទបញ្ជាផ្ទៃក្នុងរបស់ទីតាំងដែលរៀបចំកម្មវិធីប្រគំតន្រ្តី
សូមកុំភ្លេច អានបទបញ្ជាផ្ទៃក្នុងរបស់ទីតាំងរៀបចំកម្មវិធីឱ្យសោះ។ អ្នកត្រូវពិនិត្យថា ទីតាំងនោះមានហាមមិនឱ្យយកអ្វីចូលខ្លះ ហើយអាចយកអ្វីចូលបានខ្លះ។ ជាក់ស្ដែង ទីតាំងមួយចំនួនមិនអនុញ្ញាតឱ្យអ្នកយកកាបូបស្ពាយក្រោយចូលនោះទេ ហើយទីតាំងខ្លះទៀត មិនអនុញ្ញាតឱ្យយកកាបូបដែលមានទំហំលើសពី ៣០ សង់ទីម៉ែត្រចូលឡើយ។ ដូច្នេះ ប្រិយមិត្តត្រូវពិនិត្យឱ្យហើយ កុំឱ្យមានបញ្ហារំខាននៅថ្ងៃកម្មវិធី។
៣. ពាក់ខោអាវឱ្យស្អាត រាំឱ្យលះ

ការត្រៀមសម្លៀកបំពាក់ដែលត្រឹមត្រូវក៏ជារឿងសំខាន់ ព្រោះបើសិនជាអ្នកពាក់សម្លៀកបំពាក់ដែលស្អាត អ្នកនឹងមានទំនុកចិត្តលើខ្លួនឯងជាងមុន។ ជាពិសេស ខោអាវដែលពាក់ហើយស្រួលខ្លួន ក៏ជារឿងមិនគួររំលងដែរ ព្រោះពេលទៅមើលខនសឺត អ្នកនឹងត្រូវលោតរាំទៅតាមអាយដលរបស់អ្នក ដោយខានមិនបាន។
ចំណុចគួរឱ្យកត់សម្គាល់មួយទៀត គឺទីតាំង។ អ្នកត្រូវប្រាកដចិត្តថា ទីតាំងប្រគំតន្រ្តីនោះ រៀបចំនៅខាងក្រៅ ឬក្នុងមហាស្រព។ ធ្វើដូច្នេះ អ្នកនឹងអាចត្រៀមសម្លៀកបំពាក់បានត្រឹមត្រូវ ដែលមិនឱ្យអ្នកស្អុះស្អាប់ពេក ឬរងាពេក។
៤. ស្ដាប់ទំនុកច្រៀងឱ្យចាំ ទន្ទេញ Fan Chants ឱ្យចេះ
ទៅមើលដល់ខនសឹតរបស់អាយដលហើយ មិនចេះច្រៀងតាមអាយដលម្ដេចនឹងកើត?
ដើម្បីការពារកុំឱ្យទៅដល់ធ្វើមុខស្អុយតែឯង ប្រិយមិត្តកុំភ្លេចច្រៀងតាមទំនុកច្រៀងឱ្យចាំ ហើយដល់ពេលដែលស្រែក Fan Chants ក៏កុំភ្លេចទន្ទេញឱ្យរឹលមាត់ផងដែរ។
៥. កាន់ Light Stick ឱ្យជាប់ ឯ Banner កុំរបេះ

ដ្បិត Banner, Fan sign និង Light Stick មិនមែនជារបស់សំខាន់ខ្វះមិនបានក្ដី តែការដែលមានរបស់ទាំងនេះនៅជាប់ខ្លួន គឺជាការបង្ហាញការគាំទ្រដល់អាយដលរបស់អ្នក ហើយជាពិសេសវាក៏ជួយញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយជាងមុនផងដែរ។
៦. ញ៉ាំអាហារល្អៗ
មួយថ្ងៃមុនកម្មវិធីប្រគំតន្រ្តីមកដល់ ប្រិយមិត្តគួរជ្រើសរើសញ៉ាំអាហារឱ្យប្រុងប្រយ័ត្ន ព្រោះបើសិនជាអ្នកញ៉ាំអាហារមិនល្អ វាអាចធ្វើឱ្យអ្នកមានអាការៈរាគរូស ឬពុលអាហារដែលអាចធ្វើឱ្យអ្នកអាក់ខាន មិនអាចចូលរួមកម្មវិធីបាន។ ដូចគ្នាដែរ នៅក្នុងថ្ងៃកម្មវិធីវិញ អ្នកក៏គួរប្រុងប្រយ័ត្នលើរឿងនេះដែរ ដើម្បីការពារកុំឱ្យត្រូវទៅបន្ទប់ទឹកញយដងពេក ដែលរឿងរំខាន។ ជាពិសេស ប្រិយមិត្តក៏មិនគួរញ៉ាំអាហារច្រើនពេក ឬតិចពេកនោះទេ ព្រោះវាអាចធ្វើឱ្យអ្នកឆាប់ឃ្លាន ឬតឹងពោះពេកពិបាករាំ។
៧. សាកថ្មឱ្យពេញ ត្រៀម Memory ឱ្យហើយ

ខនសឺត មិនមែនជាកម្មវិធីដែលមានរាល់ថ្ងៃឯណា។ ដូច្នេះ អ្នកត្រូវសាកថ្មទូរសព្ទឱ្យពេញ និងគួរយក Power Bank ទៅជាប់ខ្លួនផង។ រឿងសំខាន់មួយទៀត ប្រិយមិត្តត្រូវលុបរបស់មិនសំខាន់ចេញពីទូរសព្ទឱ្យអស់ ដើម្បីប្រមូល Memory ឱ្យបានច្រើន ទុកថតតារាក្នុងដួងចិត្ត និងរូបភាពរបស់អ្នកទុកជាអនុស្សាវរីយ៍។
៨. ទៅកម្មវិធីឱ្យលឿន ចំណាយពេលវេលាល្អៗជាមួយអ្នកគាំទ្រដទៃទៀត
ប្រិយមិត្តគួរតែទៅដល់ទីតាំងរៀបចំកម្មវិធីឱ្យបានមុន ប្រមាណពី ២ទៅ ៣ម៉ោង ព្រោះពេលខ្លះ អ្នកអាចនឹងត្រូវចំណាយពេលច្រើនក្នុងការត្រួតពិនិត្យសំបុត្រចូលទៅក្នុងកម្មវិធី។ នៅពេលដែលសល់ពេលវេលាខ្លះ អ្នកអាចចំណាយពេលវេលាផ្លាស់ប្ដូរ Photo Cards និងវត្ថុអនុស្សាវរីយ៍ជាមួយនឹងអ្នកគាំទ្រដទៃទៀត ហើយកុំភ្លេចឆ្លៀតទៅរកទិញ Merchandise បន្ថែម ត្រឡប់មកផ្ទះវិញ។
៩. កុំភ្លេចចំណាយពេលក្រេបយកបរិយាកាស

មិនថាអ្នកបានត្រៀមខ្លួនល្អកម្រិតណាក៏ដោយ តែបើនៅពេលវេលាជាក់ស្ដែង អ្នកចំណាយពេលច្រើនពេកទៅលើការថតរូប ថតវីដេអូទុក ឬក៏រវល់គិតដល់រឿងផ្សេងពេក ការចូលរួមខនសឺត ដែលអ្នកគ្រោងទៅជួបអាយដលរបស់អ្នកក៏ឥតមានន័យដែរ។ ដូច្នេះ ទម្លាក់រឿងផ្ទាល់ខ្លួនមួយគ្រា ថតរូប ថតវីដេអូល្មមៗបានហើយ សល់ពេលប៉ុន្មាន កុំភ្លេចច្រៀងរាំ ឱ្យសប្បាយអស់ពីចិត្ត៕


























Account
Security
Favourite Content