ក្រុមហ៊ុន ADOR នៅព្រឹកថ្ងៃចន្ទ នេះបានចេញសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពី សមាជិក NewJeans បានប្រកាសផ្អាកសកម្មភាពក្រុម ក្រោយសេចក្ដីសម្រេចរបស់តុលាការ។

បន្ទាប់ពីពួកគេខានសម្ដែងលើឆាកប្រគំតន្ត្រីមួយរយៈធំដោយសារជម្លោះជាមួយទីភ្នាក់ងារដើមរបស់ខ្លួនគឺក្រុមហ៊ុន ADOR និង HYBE កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា កន្លងទៅនេះ ក្រុមចម្រៀងស្រី NJZ ដែលមានឈ្មោះដើមថា NewJeans បានត្រលប់មកសម្ដែងលើឆាកតន្ត្រីម្ដងទៀតក្នុងកម្មវិធី ComplexCon Hongkong ព្រមទាំងបានសម្ដែងបទថ្មីមានចំណងជើងថា “Pit Stop” ។
ក្នុងការសម្ដែងលើកនេះ សមាជិកក្រុមទាំង ៥រូបក៏បានប្រកាសព័ត៌មានសំខាន់ថា បន្ទាប់ពីពេលនេះទៅក្រុម NJZ នឹងផ្អាកសកម្មភាពមួយរយៈសិន ព្រោះកាលពីថ្ងៃសុក្រសប្ដាហ៍មុន តុលាការកូរ៉េខាងត្បូងបានប្រកាសចេញដីកាបណ្ដោះអាសន្នមួយ ដែលផ្ដល់សិទ្ធិឱ្យ ADOR មានសិទ្ធិគ្រប់គ្រង និងជាតំណាងរបស់ពួកគេម្ដងទៀត ហើយពួកគេនឹងមិនអាចធ្វើការងារចម្រៀង ឬទទួលការងារផ្សាយពាណិជ្ជកម្មទាំងអស់ដោយប្រើឈ្មោះថ្មី NJZ ក្នុងនាមសិល្បករឯករាជ្យបានឡើយ។
មុនការសម្ដែងនេះ សមាជិកក្រុមក៏បានប្រកាសតាមរយៈបណ្ដាញសង្គមថា ពួកគេនឹងប្ដឹងឧទ្ធរណ៍ និងត្រៀមភស្តុតាងឱ្យកាន់តែរឹងមាំបន្ថែមទៀតសម្រាប់ការកាត់ក្ដីលើកក្រោយ។
យ៉ាងណាក៏ដោយ បន្ទាប់ពីសមាជិក NewJeans ប្រកាសផ្អាកសកម្មភាព នៅថ្ងៃទី២៤ ខែមីនានេះ ខាងភាគី ADOR ក៏បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបតថា ពួកគេមានការសោកស្ដាយជាខ្លាំងដែល សមាជិក NewJeans នៅតែប្រើឈ្មោះ NJZ ក្នុងការប្រគំតន្ត្រីនៅហុងកុង និងមានការលក់វត្ថុអនុស្សាវរីយ៍ដោយប្រើឈ្មោះ NJZ ទៀត បើទោះបីជាមានសេចក្ដីសម្រេចរបស់តុលាការហើយក៏ដោយ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា សមាជិកក្រុម NewJeans បានប្រកាសផ្អាកសកម្មភាពដោយមិនមានការពិភាក្សា ឬយល់ស្របពីផលិតកម្មនោះទេ។ ស្របពេល ADOR នៅតែមានសិទ្ធិគ្រប់គ្រង NewJeans តាមផ្លូវច្បាប់ ពួកគេសង្ឃឹមថាពួកគេនឹងបានជួបសមាជិកក្រុមទាំង ៥នាក់ក្នុងពេលឆាប់ៗដើម្បីពិភាក្សាពីអនាគតរបស់ពួកគេ ៕
























Account
Security
Favourite Content