ក្រោយមានឧបទ្ទវហេតុធ្លាក់យន្តហោះ Jeju Air នៅក្នុងប្រទេសកូរ៉េខាងត្បូង J-Hope បានសម្រេចជូនជាទឹកប្រាក់ចំនួន ១០០លានវ៉ុន ឬប្រមាណ ៦៨០០០ដុល្លារដល់គ្រួសារដែលបានបាត់បងសមាជិក កាលពីថ្ងៃទី២ ខែមករានេះ។

តាមរយៈសមាគម Hope Bridge Disaster Relief Association តារាប្រុសវ័យ៣០ឆ្នាំរូបនេះបានបង្ហាញនូវការសោកស្ដាយ និងចិត្តចង់រួមចំណែកនៅក្នុងហេតុការណ៍ខាងលើ ដោយរៀបរាប់ថា៖ “បន្ទាប់ពីដឹងដំណឹងពីគ្រោះថ្នាក់នេះ ខ្ញុំ បានសម្រេចចិត្តធ្វើការបរិច្ចាគដើម្បីអាចជួយដល់គ្រួសារសពឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន”។
“សូមចូលរួមរំលែកទុក្ខដោយអស់ពីចិត្តដល់គ្រួសារសព និងគ្រប់គ្នាដែលទទួលបានផលប៉ះពាល់ពីសោកនាដកម្មនេះ។ សូមចូលរួមសោកស្ដាយចំពោះអ្នកដែលត្រូវឈឺចាប់ទៅលើហេតុកាណ៍ដែលនឹកស្មានមិនដល់មួយនេះ” លោកពោលបន្ថែមទៅគ្រួសារជនរងគ្រោះដូច្នេះ។

ទន្ទឹមគ្នានេះដែរ តំណាងពី Hope Bridge បានសម្ដែងការដឹងគុណចំពោះតារាចម្រៀងរូបនេះថា៖ “ពួកយើងសូមសរសើរទឹកចិត្តសប្បុរសរបស់ J-Hope ទៅលើគ្រួសារសពឱ្យអស់ពីចិត្ត។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាឱ្យបានថា គ្រួសារសពដែលរងផលប៉ះពាល់នឹងទទួលបានទឹកប្រាក់សប្បុរសទាំងនេះ”។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ យន្តហោះ Boeing 737-800 របស់ Jeju Air បានបង្ខំចិត្តចុះចតទាំងកង់យន្តហោះមិនដំណើរការ មុនធ្លាក់ចុះពីលើផ្លូវចុះចត (Runway) រួចហួសទៅបុកជាមួយនឹងជញ្ជាំងថ្មបណ្ដាលឱ្យផ្ទុះឆេះ។ ក្នុងឧបទ្ចវហេតុលើជើងយន្តហោះហើរលេខ 7C2216 ធ្វើដំណើរពីទីក្រុងបាងកកប្រទេសថៃ មកកាន់ទីក្រុង Muan ប្រទេសកូរ៉េខាងត្បូងមួយនេះ បានឆក់យកជីវិតមនុស្សសរុប១៧៩ ក្នុងចំណោម១៨១នាក់៕























































Account
Security
Favourite Content