នៅក្នុងកម្មវិធី Morning Yard របស់ KBS 1TV វត្តមានតារាចម្រៀងប្រុសកូរ៉េ Kim Jaejoong និងម្ដាយរបស់លោកបានធ្វើឱ្យអ្នកគាំទ្រ និងអ្នកទស្សនារំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានទម្លាយរឿងរ៉ាវជីវិតមួយចំនួន។
កាលពីនៅក្នុងកម្មវិធី Stars’ Top Recipe at Fun-Staurant តារាប្រុសរូបនេះធ្លាប់បានបង្ហើបរួចមកហើយថាលោកត្រូវបានម្ដាយរបស់លោកយកទៅចិញ្ចឹមក្នុងគ្រួសារមួយដែលមានកូនស្រីរហូតដល់ ៨ នាក់ ហើយទាំងអស់គ្នាពិតជាស្និទ្ធស្នាលប្រៀបដូចជាបងប្អូនបង្កើត។


ជាក់ស្ដែងនៅក្នុងការចាក់ផ្សាយលើកនេះ ម្ដាយរបស់តារាប្រុស Kim Jaejoong ក៏បានទម្លាយពីមូលហេតុដែលគាត់សម្រេចចិត្តទទួលចិញ្ចឹមកូនប្រុសម្នាក់នេះស្របពេលកំពុងមានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ។ គាត់បាននិយាយថាមិត្តភក្ដិរបស់គាត់បានពន្យល់ថាក្មេងម្នាក់នេះត្រូវការផ្ទះ ដូច្នេះគាត់គួរតែទទួលចិញ្ចឹមគេម្នាក់ទៀត។ ប៉ុន្តែគាត់បានបដិសេធដោយសារតែគាត់មានកូនស្រីច្រើនណាស់ទៅហើយ ហើយគាត់គិតថាខ្លួនមិនអាចចិញ្ចឹមកូនម្នាក់ទៀតបានឡើយ។ យ៉ាងណាមិញ មិត្តរបស់គាត់នៅតែជំរុញទឹកចិត្តគាត់ថាប្រសិនបើជារូបគាត់ គេជឿជាក់ថាគាត់នឹងចិញ្ចឹមក្មេងម្នាក់នេះបានយ៉ាងល្អ។


អាចថាជានិស្ស័យ នៅពេលដែលគាត់បានសំឡឹងមើលទៅក្មេងម្នាក់នោះធ្វើឱ្យគាត់គិតថាតើអ្នកណាដាច់ចិត្តទុកកូនចោលបែបនេះដោយរបៀបណា។ បកទៅកាន់ពេលដែល Kim Jaejoong នៅតូចបើកភ្នែកខ្មៅៗសំឡឹងមើលគាត់ថែមទាំងហៅគាត់ថា “ម៉ាក់ៗ” ពិតជាបានឆក់យកដួងចិត្តរបស់គាត់ ធ្វើឱ្យគាត់សម្រេចចិត្តថាក្មេងម្នាក់នេះនឹងក្លាយជាកូនរបស់គាត់ចាប់ពីពេលនេះតទៅហើយ។ គាត់បានបន្ដថាពេលនោះក្មេងម្នាក់នេះបានតោង ក គាត់ជាប់ថែមទាំងទន្ទិញពាក្យថាម៉ាក់នៅជិតត្រចៀកគាត់ទៀតផង។ ទោះជាយ៉ាងណាគាត់នៅតែមានគំនិតថាគាត់មិនអាចចិញ្ចឹមក្មេងម្នាក់នេះបានល្អឡើយ ប៉ុន្តែសមាជិកគ្រួសារទាំងអស់បានរស់នៅជុំគ្នាយ៉ាងកក់ក្ដៅហើយព្យាយាមអស់ពីលទ្ធភាពទោះបីជាមិនមានអ្វីច្រើនដូចគេក៏ដោយ។

ទន្ទឹមនឹងនោះម្ដាយរបស់តារាប្រុស Kim Jaejoong បាននិយាយទាំងរំជួលចិត្តគាត់មិននឹកស្មាន និងមិនគួរឱ្យជឿឡើយថាកូនរបស់គាត់ធំឡើងក្លាយជាកូនកត្តញ្ញូ ជាមនុស្សជោគជ័យ និងគួរឱ្យគោរពខ្លាំងបែបនេះនោះទេ។ គាត់មិនធ្លាប់គិតឡើយថាគាត់អាចនឹងមានកូនប្រុសម្នាក់ដែលល្អយ៉ាងនេះទេ។
ជាការឆ្លើយតប តារាប្រុស Kim Jaejoong ក៏បានសម្ដែងការដឹងគុណទៅកាន់ម្ដាយចិញ្ចឹមដោយលោកពិតជាអរគុណយ៉ាងខ្លាំង មិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ លោកគិតថាគ្រាន់តែការចិញ្ចឹមបីបាច់លោកឱ្យមានសុខភាពល្អបែបនេះគឺពិតជាគ្រប់គ្រាន់ណាស់ទៅហើយ។ ក្រោយកម្មវិធីសម្ភាសបានបញ្ចប់មានមនុស្សជាច្រើនហៅលោកថាជាកូនកត្តញ្ញូ ប៉ុន្តែលោកបានប្រាប់ថាវាជារឿងធម្មជាតិទៅដែលលោកត្រូវសងគុណ និងស្រឡាញ់ម្ដាយរបស់លោកបែបនេះ ហើយក៏មិនមែនជារឿងចម្លែកដែរដែលលោកត្រូវឡើងកម្មវិធីជាមួយម្ដាយជាទីស្រឡាញ់៕






















































Account
Security
Favourite Content