ថ្មីៗនេះតារាសម្ដែងប្រុស Song Joong Ki បានបើកចំហពីអារម្មណ៍របស់លោកជាឪពុករបស់កូនគួរឱ្យស្រឡាញ់ពីរនាក់ និងមិនភ្លេចរំឭកទៅដល់របៀបដែលភរិយារបស់លោកជួយផ្ដល់កម្លាំងចិត្តគាំទ្រឱ្យលោកផ្ដោតអារម្មណ៍ទៅលើអាជីពសម្ដែងផងដែរ។

កាលពីថ្ងៃទី២៣ ខែធ្នូ តួឯកប្រុសរឿង Vincenzo ចូលរួមក្នុងបទសម្ភាសដើម្បីពិភាក្សាអំពីខ្សែភាពយន្ដរបស់លោកមានចំណងជើងថា Bogota: City of the Lost ដឹកនាំសម្ដែងដោយលោក Kim Seong Je។ ខ្សែភាពយន្ដមួយនេះបានពណ៌នាអំពីជីវិតរបស់តួឯកប្រុស Guk Hee សម្តែងដោយ Song Joong Ki ជាមនុស្សម្នាក់ដែលក្រោកឈរចាប់ផ្ដើមពីភាពទទេរស្អាតទៅជាមនុស្សមានគ្រប់បែបយ៉ាងក្នុងកំលុងពេលមានវិបត្តិ IMF ឆ្នាំ ១៩៩៧ នៅទីក្រុង Bogotá ប្រទេសកូឡុំប៊ី។ ភាពយន្ដនេះផងដែរក៏បានបង្ហាញពីការជាប់ពាក់ព័ន្ធរបស់ Guk Hee ជាមួយ Soo Young សម្តែងដោយ Lee Hee Joon ដែលជាតួអង្គសំខាន់របស់សហគមន៍កូរ៉េក្នុងទីក្រុង Bogotá និងមេបញ្ជាការ Park សម្ដែងដោយ Kwon Hae Hyo។



ក្រោយពេលគ្រួសាររបស់ Guk Hee បានភៀសខ្លួនចេញពីប្រទេសកូរ៉េអំឡុងពេលមានវិបត្តិទៅកាន់ប្រទេសកូឡុំប៊ី ពួកគេបានបាត់បង់អ្វីៗគ្រប់យ៉ាងនៅពេលទៅដល់ទីនោះ។ យ៉ាងណាមិញ ក៏ Guk Hee បានប្រើប្រាស់ក្ដីសង្ឃឹមចុងក្រោយរបស់ខ្លួន ចាប់ផ្ដើមធ្វើការក្រោមការដឹកនាំរបស់មេបញ្ជាការ Park ហើយសុខចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីភាពជោគជ័យ។
បកមកក្នុងការពិភាក្សាវិញ រឿងរ៉ាវជីវិតមួយចំនួនរបស់លោកក៏ត្រូវបានលើកយកមកនិយាយដែរដោយលោកបានទទួលស្គាល់ថាអារម្មណ៍ទំនួលខុសត្រូវជាឪពុករបស់កូនៗដល់ទៅ ២ នាក់គឺពិតកាន់តែធំឡើង។ ជាមួយនឹងស្នាមញញឹមដ៏កក់ក្ដៅ តារាប្រុស Song Joong Ki បានចែករំលែកថាពេលមានកូនបានធ្វើឱ្យលោកមានអារម្មណ៍ថាមានទំនួលខុសត្រូវខ្លាំងជាងមុន។ ក្រោយពេលឃើញកូនស្រីពៅហើយ លោកពិតជាបង្អួតនាងទៅកាន់ពិភពលោកខ្លាំងមែនទែន។ ខណៈគិតដល់ពេលដែលវត្តមានរបស់កូនស្រីពៅបានមកដល់ពិភពលោក លោកមិនបានភ្លេចឡើយនូវអារម្មណ៍ដែលនាងតូចបានចាប់ដៃរបស់លោកជាប់។ លោកក៏បានបន្ថែមថាពេលនេះទារកបានសុខភាព និងការលូតលាស់ល្អ ហើយប្រពន្ធរបស់លោកក៏បានជាសះស្បើយបន្ទាប់ពីសម្រាលរួចផងដែរ។


តារាប្រុស Song Joong Ki បានបន្ថែមថាពេលនេះភរិយារបស់លោកនៅក្រៅប្រទេសនៅឡើយដោយមិនទាន់បានទស្សនារឿង Bogota: City of the Lost នោះទេ ប៉ុន្តែនាងមានគម្រោងថានឹងមើលវានៅពេលក្រោយ។ ជាងនេះទៅទៀត ទោះទើបតែសម្រាលកូនស្រីទីពីរមែនតែលោកស្ទើរមិនជឿថាភរិយារបស់លោកនៅតែអាចគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់លោកក្នុងការងារដដែល។ មិនត្រឹមប៉ុណ្ណេះ តារាប្រុស Song Joong Ki ក៏ត្រូវបានប្រភពជិតខ្លួនបង្ហើបឱ្យដឹងថាលោកបានខំប្រឹងរៀនភាសាអេស្ប៉ាញសម្រាប់តួអង្គនៅក្នុងរឿង Bogota។ ជាក់ស្ដែងវាមិនមែនសម្រាប់តែការថតរឿងមួយមុខឡើយ ពោលគឺលោកខំប្រឹងប្រែងរៀនសូត្រភាសាអេស្ប៉ាញដើម្បីប្រើសម្រាប់សន្ទនាប្រចាំថ្ងៃជាមួយនឹងប្រពន្ធ និងកូនៗបស់លោកផងដែរ៕


























Account
Security
Favourite Content