គំនូរពីលោក Alan Turing បិតាវិទ្យាសាស្ត្រកុំព្យូទ័រទំនើប ជាស្នាដៃសិល្បៈពីវិចិត្រករ Ai-Da ដែលជាមនុស្សយន្តដំណើរការដោយ AI លក់ចេញក្នុងតម្លៃ ១,៣ លានដុល្លារអាមេរិក ក្នុងការដេញថ្លៃ។ នេះបើយោងតាមសារព័ត៌មាន BBC។

គំនូរមួយនេះ គឺជា ១ ក្នុងចំណោម ១៥ គំនូរពីគណិតវិទូ Alan Turing ដែល Ai-Da បានចំណាយពេល ៨ម៉ោងក្នុងការផលិតស្នាដៃឈុតសិល្បៈ “A.I. God” ដោយប្រើប្រាស់ភ្នែក ដៃ និងបច្ចេកវិទ្យា AI ដែលបំពាក់ក្នុងខ្លួន។
Ai-Da ដែលដំណើរការដោយគំរូភាសារបស់ A.I. បាននិយាយថា “តម្លៃសំខាន់នៃស្នាដៃរបស់ខ្ញុំគឺជាសមត្ថភាពក្នុងការជំរុញឱ្យមានការសន្ទនាអំពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើន”។
នាងបានបន្តថា ការងារនេះបង្កើតឡើងដើម្បីបបួលឱ្យអ្នកទស្សនាធ្វើការឆ្លុះបញ្ចាំងពី AI និងវិទ្យាសាស្រ្ត ព្រមគ្នានឹងការពិចារណាពីផលប៉ះពាល់ខាងសីលធម៌ និងសង្គម។

តំណាងរបស់ Sotheby’s ដែលជាវិចិត្រសាល និងអ្នករៀបចំកម្មវិធីដេញថ្លៃនេះបានឱ្យដឹងថា ផ្ទាំងគំនូរនេះបានលក់ចេញនៅក្នុងថ្ងៃផ្ដាច់ព្រ័ត្រ ពោលគឺម៉ោង ៧យប់ ថ្ងៃទី៧ ខែវិច្ឆិកានេះ ដោយអតិថិជនដែលមិនបង្ហាញអត្តសញ្ញាណម្នាក់ជាមួយនឹងតម្លៃដែលលើសពីការប៉ាន់ស្មាន។ ជាក់ស្ដែង ស្នាដៃដែលមានដម្លៃ ១.៣លានដុល្លារអាមេរិកនេះ ដំបូងឡើយ Sotheby’s បានប៉ាន់ស្មានតម្លៃប្រមាណ ១២ម៉ឺន ទៅ ១៨ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។
តំណាងរូបនេះ បានលើកឡើងពីការដេញថ្លៃដែលជាប្រវត្តិសាស្ត្រមួយនេះថា Ai-Da គឺជាសិល្បករមនុស្សយន្តដំបូងគេដែលមានស្នាដៃសិល្បៈដាក់ដេញថ្លៃ។ គាត់បានបន្ថែនថា៖ “វាជាពេលវេលាប្រវត្តិសាស្រ្តមួយនៃសិល្បៈទំនើប និងសហសម័យ ព្រមទាំងឆ្លុះបញ្ចាំងពីចំណុចប្រសព្វគ្នាររវាងភាពរីកចម្រើនរបស់បច្ចេកវិទ្យា AI និងទីផ្សារសិល្បៈពិភពលោក”។

Aidan Meller នាយក Ai-Da Robot Studios បាននិយាយថា “ការដេញថ្លៃនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់សិល្បៈទស្សនីយភាព ដោយស្នាដៃសិល្បៈរបស់ Ai-Da បាននាំមកនូវការចាប់អារម្មណ៍មកលើពិភពសិល្បៈ និងការប្រែប្រួលរបស់សង្គម នៅពេលដែលយើងកំពុងជួបប្រទះនឹងការរីកចម្រៀននៃ AI”។
បង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩ Ai-Da បានបើកបង្ហាញស្នាដៃជាលើកដំបូងនៅក្នុងការតាំងពិព័រណ៍ទោល “Unsecured Futures” ឯសាកលវិទ្យាល័យ Oxford។ នេះជាចំណុចចាប់ផ្ដើមដែលមនុស្សយន្តស្រីរូបនេះបង្កើតកេរ្តិ៍ឈ្មោះជុំវិញពិភពលោក មុននឹងបន្តទៅធ្វើការតាំងពិព័រណ៍នានា ដូចជាការតាំងពិព័រណ៍ជាមួយនឹង United Nations ដែលមានឈ្មោះថា AI for Good ជាដើម។

សូមរំឭកផងដែរថា Alan Turing គឺជាគណិតវិទូដ៏សំខាន់មួយរួបដែលបានរួមចំណែកបង្កើតជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២។ ក្រោយជម្លោះពិភពលោកមួយនេះចប់ លោកបានត្រួសត្រាយផ្លូវនៃវិទ្យាសាស្ត្រកុំព្យូទ័រ ដែលរួមចំណែកកសាងកុំព្យូទ័រឌីជីថលក្នុងសម័យទំនើប។ បន្ថែមពីនេះទៀត លោកក៏មានងារជា បិតានៃបញ្ញាសិប្បនិម្មិត (AI) ផងដែរ៕

























































Account
Security
Favourite Content