នារីជនជាតិជប៉ុនម្នាក់ ឈ្មោះ Airi Hirase បានចែករំលែកពីដំណើរនៃការកែសម្ផស្សជាង ២០ដង ដោយហេតុថានាងធ្លាប់ទទួលរងការរិះគន់ ជាពិសេសពីម្ដាយបង្កើតរបស់ខ្លួន រហូតប៉ះពាល់ផ្លូវចិត្តជាទម្ងន់។

ក្នុងនាមជាអ្នកមានឥទ្ធិពល (influencer) តាមរយៈបណ្ដាញទំនាក់ទំនងសង្គមម្នាក់ នាងបានលើកយកបទពិសោធន៍ជីវិតដ៏ឈឺចាប់មកចែករំលែកជាសាធារណៈ ដោយនាងបានបើកចំហរថា ខ្លួនបានចំណាយទឹកប្រាក់ប្រមាណ ២៤លានយ៉េន ឬប្រមាណ ១៧ម៉ឺនដុល្លារអាមេរិកក្នុងការកែប្រែខ្លួនឯងដើម្បីទទួលបានរូបសម្រស់ដូចដែលនាងមានក្នុងពេលបច្ចុប្បន្ន។
នាងបានលើកឡើងថា នាងតែងតែទទួលរងនូវការើសអើងលើមុខមាត់តាំងតែពីក្មេងមកម៉្លេះ។ តែអ្វីដែលធ្វើឱ្យនាងឈឺចាប់បំផុតនោះ គឺជាការរិះគន់ពីម្ដាយបង្កើតរបស់នាង ដែលគាត់តែងតែនិយាយថានាងមានមុខមាត់ដូចគ្នាទៅនឹងឪពុកបង្កើត ដែលជាបុរសផិតក្បត់ម្នាក់ និងបានចាកចោលគាត់ឱ្យរស់នៅកណ្ដោចកណ្ដែងជាមួយកូនស្រី ។
ដោយមានសម្ពោធពីមិត្តភក្ដិផង និងម្ដាយផង Hirase បានក្លាយជាមនុស្សម្នាក់ដែលបាត់បង់ទំនុកចិត្តលើខ្លួនឯង រហូតដល់នាងមានអារម្មណ៍ថាជាមនុស្សម្នាក់ដែលខ្លាចកញ្ចក់។ ក៏ប៉ុន្តែអ្វីដែលកាន់តែយ៉ាប់យ៉ឺនជាងនេះទៅទៀតនោះ គឺនាងធ្លាប់មានបំណងសម្លាប់ខ្លួនកាលពីនាងនៅរៀនអនុវិទ្យាល័យ តែសំណាងល្អដែលមិត្តរបស់នាងម្នាក់បានឃាត់ទាន់។


Influencer ដែលមានអ្នកតាមដាននៅលើ Instagram រហូតដល់ទៅ ១លានអ្នករូបនេះបានប្រាប់ថា នាងចាប់ផ្ដើមមានគំនិតក្នុងការកែប្រែខ្លួនឯងតាំងតែមានអាយុ ១៥ឆ្នាំមកម៉្លេះ ហើយនាងក៏ចាប់ផ្ដើមធ្វើការក្រៅម៉ោងដើម្បីសន្សំលុយតាំងពីវ័យ ១៦ឆ្នាំ។
Hirase បានរៀបរាប់បន្ថែមថា នៅពេលដែលនាងរវល់បំផុត នាងបានទទួលការងារក្រៅម៉ោងនេះចំនួន ២ផ្សេងគ្នា និងមានពេលសម្រាប់គេងត្រឹមតែ ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងែ។ នាងមិនខ្វាយខ្វល់ថាការងារនោះជាការងារអ្វីទេ ព្រោះសូម្បីតែជា សន្តិសុខ ក៏នាងធ្លាប់ធ្វើពីមុនមកដែរ។
ដោយភាពតស៊ូ នាងបានរើចេញពីផ្ទះម្ដាយទៅរស់បន្ទប់ជួលចាស់មួយកន្លែងដែលមានតម្លៃទាប និងបានធ្វើការកែសម្ផសស្សជាលើកដំបូងនៅអាយុ ១៩ឆ្នាំ ជាពេលតែមួយដែលនាងចាប់ផ្ដើមចែករំលែកពីភាពប្រែប្រួលរបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គម។


នារីអាយុ ២៧ឆ្នាំរូបនេះបានចំណាយពេលត្រឹម ៨ឆ្នាំប៉ុណ្ណោះ ក្នុងការសន្សំលុយចំនួន ១០លានយ៉េន (ប្រមាណ៧ម៉ឺនដុល្លារ) ហើយមកដល់សព្វថ្ងៃនេះនាងបានឆ្លងកាត់ការកែសម្ផស្សយ៉ាងហោចណាស់ ២០ដងនៅលើផ្ទៃមុខ និងដើមទ្រូង ហើយនាងគ្រោងនឹងបន្តកែប្រែបន្ថែមទៀតនៅក្នុងថ្ងៃអនាគតផងដែរ។
បន្ទាប់ពីទទួលបានការកែសម្ផស្ស ជីវិតនាងបានផ្លាស់ប្ដូរសឹងតែ ៣៦០ដឺក្រេ ពីក្មេងស្រីដែលមានវិបត្តិផ្លូវចិត្តព្រោះតែអ្នកដទៃមើលងាយលើសម្រស់របស់ខ្លួន រហូតក្លាយជាបុគ្គលដែលមានប្រជាប្រិយភាពម្នាក់ដែលមានឱកាសបង្ហាញវត្តមាននៅលើកម្មវិធីទូរទស្សន៍ និងទស្សនាវដ្តីជាច្រើននៅក្នុងប្រទេសជប៉ុន។

ជាក់ស្ដែង នាងបានចូលរួមក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង Shueisha Online ហើយនៅពេលនោះពិធីករក៏បានសាកសួរពីការយល់ឃើញផ្ទាល់ខ្លួនរបស់នាងថា បើសិនជាថ្ងៃអនាគតនាងមានកូនដែលមានសម្រស់ដូចជានាងមុនពេលកែសម្ផស្ស តើនាងនឹងមានអារម្មណ៍បែបណា? តាមរយៈចម្លើយរបស់នាង Hirase បានបង្ហាញថា ការកែសម្ផស្សមិនមែនជាបំណងរបស់នាងតាំងតែពីដើមនោះទេ ហើយនាងក៏ប្រហែលជាមិនធ្វើវាដែរ បើសិនជាគ្មានការមើលងាយពីម្ដាយបង្កើតរបស់ខ្លួន។
“ខ្ញុំនឹងគ្មានថ្ងៃធ្វើដូចអ្វីដែលម្ដាយខ្ញុំធ្វើនោះទេ។ ខ្ញុំនឹងផ្ដល់ក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ជាមួយនឹងកូនខ្ញុំជាទីបំផុត” Hirase ឆ្លើយបែបនេះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននាងជាម្ចាស់គណនី Instagram “nyairin_18” ដែលតែងតែបង្ហោះនូវមាតិកាផ្សេងៗទាក់ទងនឹងការប្រែប្រួល និងការងាររបស់នាងជាដើម៕


























Account
Security
Favourite Content