ការប្រកាសធ្វើ Solo concert របស់កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្ររំជើបរំជួលបន់ឲ្យតែដល់ថ្ងៃកម្មវិធី។ មកដល់យប់ថ្ងៃ ១ ខែកញ្ញា ឆ្នាំ ២០២៤ សំបុត្រត្រូវបានដាក់លក់ជាផ្លូវការ ដោយអ្នកគាំទ្រអាចជ្រើសរើសទិញតាម App BookMe+ បាន។

គ្រាន់តែចេញតម្លៃសំបុត្រចូលរួមខនសឺតភ្លាម មានប្រតិកម្មពីអ្នកគាំទ្រម្ដងរួចមកហើយ ព្រោះតម្លៃសំបុត្រ VIP ដែលមានកៅអីនៅចំពីមុខឆាកដល់ទៅ ១០០ ដុល្លារ ខណៈដែលតម្លៃសំបុត្រទាបបំផុតក៏ ៣០ ដុល្លារដែរ។ បើទោះជាមានការមិនពេញចិត្តខ្លះពីសំណាក់មហាជនមួយចំនួន តែសំបុត្រដាក់លក់អស់ខ្ទេចមិនដល់មួយម៉ោងផង នោះបញ្ជាក់ថា អ្នកគាំទ្រស្មោះស្ម័គ្រម្ចាស់បទ «យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ» មិនមានបញ្ហាជាមួយតម្លៃទាំងអស់នោះឡើយ ព្រោះពួកគេគិតថា ចំនួនទាំងនោះស័ក្ដិសមនឹងកេរ្តិ៍ឈ្មោះ ព្រមទាំង និងការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីមិនធ្លាប់មានមួយនេះ ដែលជាឆាកមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។





ក្រោយការដាក់លក់សំបុត្រហើយ ក៏នៅតែមានការរិះគន់បន្តទៀត ចំពោះសេវាកម្មខាង App BookMe+ ដោយអ្នកខ្លះកក់សំបុត្រមិនបានផង ហើយថែមទាំងកាត់ប្រាក់ចេញពីបញ្ជីធនាគារគេថែមទៀត។ រហូតមកដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤ មុននេះបន្តិចទើបខាង BookMe+ បានចេញសេចក្ដីថ្លែងការណ៍ និងសុំទោសចំពោះកំហុសឆ្គង ថែមទាំងបញ្ជាក់ថានឹងប្រគល់ប្រាក់ត្រឡប់ទៅវិញគ្រប់ចំនួន។ មួយចំនួនទៀតរិះគន់ថា ប្រជាជនធម្មតាទិញមិនបាន តែបុគ្គលល្បីៗដទៃបែរជាទិញបាន។
ទោះជាមានការសុំទោសក្ដី តែអ្នកគាំទ្រមិនស្ងប់ចិត្តឡើយ ដោយអ្នកខ្លះថា ដំណើរការមិនរលូនបែបនេះ ធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះអាយដលពួកគេ ហើយក៏បង្ហាញពីការបារម្ភចំពោះទឹកប្រាក់ដែលកាត់ទៅនោះ មិនបានសំបុត្រចូលមើលការប្រគំតន្រ្តីហើយ ខ្លាចមិនបានប្រាក់មកវិញទៀត។ មួយវិញទៀតអ្នកគាំទ្រថា BookMe+ ពិតជាខ្វះទំនួលខុសត្រូវ ពេលបញ្ហាកើតភ្លាមៗមិនចេញមុខឆ្លើយតបការបញ្ចេញមតិ និងឆាតអ្នកគាំទ្រតារាស្រី ឱក សុគន្ធកញ្ញា ឡើយ។ អ្នកខ្លះអន់ចិត្ត បើក្រុមហ៊ុនបន្តបែរនេះ ទោះជាចង់មើលយ៉ាងណា ក៏មិនខ្ចីចំណាយទិញសំបុត្រដែរ៕
























Account
Security
Favourite Content