គួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ស្ងាត់ៗស្រាប់តែកំលោះសង្ហា រី សុវណ្ណៈ ត្រូវបានលោក Romyr Libo-on ជា National Director ប្រកាសជ្រើសតាំងជាបុរសឯកតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Mister International 2024 នៅហ្វីលីពីន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។


កម្មវិធីដែល រី សុវណ្ណៈ ត្រូវចូលរួមប្រកួតនៅហ្វីលីពីន មានវគ្គសំខាន់ៗ ២ គឺការប្រកួតបឋម នឹងធ្វើឡើងនៅថ្ងៃទី៨ វិច្ឆិកា និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងថ្ងៃទី១០ វិច្ឆិកា ឆ្នាំ ២០២៤។ Mister International Cambodia 2024 បានឲ្យដឹងថា ការដែល National Director សម្រេចជ្រើសរើសលោកជាបុរសឯកតំណាងកម្ពុជា ទៅប្រកួតឆាកអន្តរជាតិ ដោយសារតែ Mister International ជាកម្មវិធីប្រកួតប្រជែងសម្រស់ផ្ដោតសំខាន់លើវប្បធម៌ និងទេសចរណ៍ ជាផ្នែកសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិឲ្យមានការអភិវឌ្ឍន៍។ ម៉្យាងកម្មវិធីនេះមានការរៀបចំបានល្អ និងជាម្ចាស់ដើមដំបូងនៃកម្មវិធីជាជនជាតិហ្វីលីពីន ហើយបើកឱកាសឲ្យបេក្ខភាពអាយុ ១៨-៣២ ឆ្នាំ ដែលត្រូវអាយុរបស់លោកតែម្ដង។
បុរសឯកតំណាងកម្ពុជារូបនេះ ចាត់ទុកជាឱកាសល្អ សម្រាប់ការចូលរួមផ្សព្វផ្សាយអំពី សិល្បៈ របាំ ទំនៀមទម្លាប់ ប្រពៃណី ប្រាសាទដ៏អស្ចារ្យរបស់កម្ពុជា ពិសេសតំបន់ទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឲ្យមកកម្សាន្តកម្ពុជាកាន់តែច្រើនឡើង។



រី សុវណ្ណៈ ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចេញទៅប្រកួតនៅវេទិកាអន្តរជាតិ។ លោកបានផ្ដោតសំខាន់លើចំណេះដឹងទូទៅទាក់ទងវប្បធម៌ជាតិ-អន្តរជាតិ, ការតស៊ូមតិ ដើម្បីលើកម្ពស់វិស័យអប់រំ និងទំនាក់ទំនង។ វណ្ណៈ ក៏បានត្រៀម និងហ្វឹកហាត់វគ្គសំណួរចម្លើយ សម្រាប់កម្មវិធី និងបទបង្ហាញ, ការបញ្ចេញសមត្ថភាពពិសេសដូចជា របាំខ្មែរ និងការសម្ដែងផ្សេងៗ, ការរៀបចំខ្លួន និង សម្លៀកបំពាក់សមស្របទៅតាមសកម្មភាព លើសពីនេះក៏មានឈុតប្រពៃណី និងឈុតតំណាងជាតិច្នៃម៉ូដ និងដំឡើងដោយ Po Makara រួមទាំង ការហ្វឹកហាត់ដើរបង្ហាញម៉ូដ រួមទាំងក្បាច់រាំចង្វាក់សម័យជាមួយគ្រូហ្វីលីពីនលោក Fel Odrazilef ផងដែរ។
នេះជាការផ្លាស់ប្ដូរទ្រង់ទ្រាយធំរបស់លោក ហើយក៏ជាក្ដីស្រមៃដ៏ធំក្នុងជីវិតកំពុងក្លាយជាពិត ដែលតែងតែចង់បង្ហាញពីកម្ពុជាទៅកាន់ពិភពលោក។ សុវណ្ណៈ ពុំសូវព្រួយបារម្ភពីការរិះគន់នោះឡើយ ផ្ទុយទៅវិញលោកជឿជាក់ថាប្រជាជនខ្មែរយើង នឹងចូលរួមគាំទ្រ លើកទឹកចិត្ត ចែករំលែក ព្រោះអ្វីដែលលោកកំពុងធ្វើ គឺដើម្បីអ្នកទាំងអស់គ្នា ប្រជាជាតិ និងប្រទេសជាតិយើងទាំងមូល។


បេក្ខភាពតំណាងកម្ពុជារូបនេះតាំងចិត្តយ៉ាងមុតមាំ មិនថាមានរឿងអ្វីក៏ដោយ លោកមិនបោះបង់ ហើយតស៊ូ ដើម្បីកេរ្តិ៍ឈ្មោះកម្ពុជា លើកទង់ជាតិខ្មែរ និងបង្ហាញឲ្យគេដឹងថាខ្មែរ ជាជាតិសាសន៍ដ៏អស្ចារ្យ សម្បូរទៅដោយវប្បធម៌ដ៏ល្អផូរផង់ និងធនធានមនុស្សប្រកបដោយគុណភាព។ Mister International Cambodia 2024 ប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក តាមរយៈវេទិកា Mister International 2024 និងនាំបេក្ខភាពទាំងអស់មកពីបណ្ដាប្រទេសជុំវិញពិភពលោក ឲ្យមកទស្សនាប្រទេសកម្ពុជា។
ចាប់ពីពេលនេះ លោកនឹងខិតខំកែប្រែចំណុចខ្វះខាត ដែលរៀនពីរៀមច្បង,លោកគ្រូ-អ្នកគ្រូ និង មនុស្សជុំវិញខ្លួន ដើម្បីបំពេញចំណុចល្អបន្ថែម ទាំងចំណេះដឹង ជំនាញ ឬការទំនាក់ទំនង។ ថ្មីៗនេះ លោកបានរៀនបន្ថែមពីសិល្បៈខ្មែរ ល្ខោនខោល ក្បាច់គុន ល្បុក្កតោ ដើម្បីត្រៀមបង្ហាញលើឆាកអន្តរជាតិ។ លោកសង្ឃឹមថា ប្រជាជនខ្មែរនឹងគាំទ្រដំណើរការចេញទៅប្រកួតលើឆាកអន្តរជាតិលើកដំបូងរបស់លោក នៅអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ៕

























Account
Security
Favourite Content