កាលពីប៉ុន្មានថ្ងៃមុន មានការភ្ញាក់ផ្អើលដោយសារតែភាពយន្តសិង្ហបុរី «កំពូលអ្នកប្រដាល់» បានចាក់ផ្សាយ។ ទស្សនិកជនខ្មែរបានសង្កេតឃើញថា រឿង «កំពូលអ្នកប្រដាល់» របស់សិង្ហបុរីបានមកថតនៅប្រាសាទអង្គរវត្ត ព្រមទាំងមានការចូលរួមសម្ដែងពីតារាភាពយន្តខ្មែរផងដែរ។



ផល ពៅវីរ័ត្ន ដែលជាតារាសម្ដែង និងជាម៉ូដែលរាងសង្ហារបស់ខ្មែរ បានចូលរួមសម្ដែងជាមួយតួឯកស្រីរបស់សិង្ហបុរី វគ្គថតនៅខេត្តសៀមរាប។ តារាម៉ូដែលខ្ពស់ស្រឡះរូបនេះបានឲ្យដឹងថារឿង «កំពូលអ្នកប្រដាល់» ថតតាំងពីចុងឆ្នាំ ២០១៩ មកម្ល៉េះ ដោយក្នុងនោះលោកបានចូលរួមថត ៥ ថ្ងៃ។
ជំហានដំបូងដែលអាចចូលថតរឿងរបស់បរទេសនេះបាន តារាប្រុសវ័យ ៣៥ ឆ្នាំរូបនេះ ត្រូវខាង PPCTVហៅទៅតេស្តកាមេរ៉ា ដោយកាលនោះមានតារាប្រុសល្បីៗច្រើនច្រើន និងក្រុមកីឡាករល្បុក្កតោជាច្រើនរូបទៀត។ តារាប្រុសកម្ពស់ ១,៨០ ម៉ែត្ររូបនេះ បន្ថែមទៀតថា បន្ទាប់ពីធ្វើតេស្តកាមេរ៉ារួច និងដឹងដំណឹងថាជាប់ ខាងសិង្ហបុរីបានតម្រូវឲ្យលោកត្រូវហាត់ក្បាច់គុនខ្លះៗមុន ១ ខែដែរ។



បទពិសោធន៍ធ្វើការជាមួយក្រុម production សិង្ហបុរីម្ដងនេះ តួប្រុសរឿង «លាក់ភ្លើង» រូបនេះថា ជាការការចងចាំដ៏ល្អ និងថ្មីប្លែកសម្រាប់លោក។ ដំបូងៗ វីរ័ត្ន គិតថាពិបាក ព្រោះមិនមែនតួខ្មែរគ្នាឯង តែពេលបានធ្វើការរួមគ្នា ក្រុមការងារគេពិតជាមានវិជ្ជាជីវៈពិតៗ ស្រួលធ្វើការតាំងចាប់ផ្ដើមថ្ងៃដំបូង។
ត្បិតរយៈពេលថតមានត្រឹម ៥ តែក្រុមការងារផលិតរឿង «កំពូលអ្នកប្រដាល់» ពិតជារួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះលោកដែលជាតួខ្មែរតែម្នាក់ និងសិស្សខាងគុនល្បុក្កតោនៅសៀមរាបយ៉ាងកក់ក្ដៅ។ បើនិយាយពីរបៀបធ្វើការគេវិញ តារាប្រុសច្រមុះស្រួចរូបនេះថា ការងារច្បាស់លាស់ខ្លាំង រាប់ចាប់តាំងពីម៉ោងថត មានបញ្ជាក់ក្នុងក្រដាសកាលវិភាគ ចប់ម៉ោងណា គឺម៉ោងនោះហើយ គ្មានភាពរញ៉េរញ៉ៃអ្វីបន្តិចសោះ។


តួប្រុសក្នុងរឿង «កំពូលអ្នកប្រដាល់» ក៏បានទម្លាយពីតម្លៃខ្លួនរយៈពេល ៥ ថ្ងៃថតឲ្យផលិតកម្មសិង្ហបុរីនោះ បានខ្ពស់មិនធ្លាប់មានពីមុនមកឡើយ។ តែនោះមិនមែនជាចំណុចសំខាន់ឡើយ កាលដែលបានចូលរួមសម្ដែង និងបានផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្ត្រ ព្រមទាំងតំបន់ទេសចរណ៍ទៅកាន់អន្តរជាតិ ទើបជាមោទនភាពពិតៗរបស់លោក។
តារាខ្មែររូបនេះ ថ្លែងទាំងទឹកមុខរីករាយថា លោកសប្បាយចិត្តពេលទទួលបានឱកាសការងារជាមួយ production សិង្ហបុរី ហើយលោកក៏កាន់តែយល់ដឹងបន្ថែមច្រើនពីរបៀបរបបថត និងការងារផ្សេងៗមួយចំនួនទៀត។
ក្រឡេកទៅមើលតួខាងសិង្ហបុរី មិនថាតួឯក តួធម្មតា ខាងនោះគឺសុទ្ធតែរួសរាយ ដោយគេព្យាយាមនិយាយលេងជាមួយលោក ព្រោះឃើញលោកមិនសូវបានសម្ដី។ មួយវិញទៀត ក្រុមការងារខាងសិង្ហបុរី ក៏បានកោតសរសើរពីការខិតខំ និងស្នាដៃលោកដូចគ្នា ហើយទស្សនិកជនដែលបានតាមដានរឿង «កំពូលអ្នកប្រដាល់» ក៏មើលឃើញថា តារាខ្មែររូបនេះពិតជាសម្ដែងបានល្អទាំងទឹកមុខ និងក្បាច់គុន។ អ្វីដែលអ្នកគាំទ្រខ្មែរមើលឃើញ ផល ពៅវីរ័ត្ន ទម្រង់មុខសង្ហា រូបសម្បត្តិសមសួនសាច់ដុំកង់ៗ កម្ពស់ខ្ពស់ល្អ ស៊ីគ្នាជាមួយប្រភេទតួអង្គក្នុងរឿង ហើយមិនចាញ់ខាងគេនោះទេ៕


























































Account
Security
Favourite Content