បើទោះជា Miss Grand Cambodia 2024 រកឃើញម្ចាស់មកុដ និងបានបញ្ចប់ទៅកាលពីរាត្រីថ្ងៃសុក្រសប្ដាហ៍មុនហើយក្ដី តែរឿងរ៉ាវមួយចំនួនទាក់ទងនឹងកម្មវិធី ព្រមទាំងបេក្ខភាពផ្សេងៗនៅតែត្រូវបានមហាជនលើកមកនិយាយមិនដាច់ឡើយ។ ជាក់ស្ដែង ពៅ ធិតា Top 11 Grand Cambodia 2024 នៅតែលើកយក ម៉ាច ដាវី មកនិយាយបន្តទៀតដែរ។


ពៅ ធិតា គឺជា Miss Grand តំណែងខេត្តព្រះសីហនុ ហើយនាងបានឈានចូលក្នុងចំណាត់ថ្នាក់ Top 11 នៃកម្មវិធី Miss Grand Cambodia 2024 នេះដែរ។ នាងបានលើកយកបុគ្គលិកលក្ខណៈលំដាប់រងទី៣ Miss Grand Cambodia 2024 មកសរសើរចំៗថា ម៉ាច ដាវី គឺជាបវរកញ្ញាមានអត្តចរិតល្អ ព្រមទាំងចាត់ទុកជាបងស្រីអ៊ីចឹង។
ធិតា បានបង្ហោះវីដេអូ១ កាលពីម្សិលមិញ ដែលសកម្មភាពថតបានពីចំហៀងឆាក ឃើញ ម៉ាច ដាវី យកចិត្តទុកដាក់មកលើរូបនាងយ៉ាងខ្លាំងដោយជួយរៀបចំសក់ឲ្យរៀបរយ ហើយនាងក៏បានសំពះ និងឱបគ្នាយ៉ាងស្និទ្ធស្នាល។



នាង ក៏បានរៀបរាប់ការដឹងគុណ ចំពោះ ដាវី នៅលើវីដេអូនោះថា “ថ្ងៃនេះខ្ញុំចង់និយាយពីមនុស្សស្រីម្នាក់ដែលមិនត្រូវជាអ្វីនិងខ្ញុំសោះ ប៉ុន្តែពេលដែលខ្ញុំលំបាកពេលដែលខ្ញុំខ្វះខាត គឺគាត់តែងតែជួយខ្ញុំ ពេលទៅខេត្ត ឬចូលរួមកម្មវិធី គឺខ្ញុំមិនមានលុយសម្រាប់ទិញសំម្លៀកបំពាក់ថ្មីគ្រប់គ្រាន់ទេ ប៉ុន្តែគាត់តែងតែអោយខ្ញុំដោយមិនខ្វល់ថាឈុតនោះនៅថ្មីគាត់មិនទាន់បានពាក់ទេ គាត់តែងតែងប្រាប់រហូតថាអោយមើល Q&A ស្អែកត្រូវទៅកម្មវិធីកុំអោយយឺត អត់មានគ្រឿង make up ប្រើរបស់បងមក អត់មានអីពាក់ប្រាប់បង អត់ក្រវិលយករបស់បង មានរឿងជាច្រើនដែលគាត់បានជួយខ្ញុំ គាត់តែងតែជួយ និងយកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួនគាត់ប្រៀបបានដូចជាបងស្រីខ្ញុំចឹង love you my sister Mach Davy ចឹងហើយខ្ញុំសុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាមួយចំនួនតូចដែលមិនបានស្គាល់គាត់សោះ ហើយបានជេរប្រមាថទៅលើគាត់តើវាសមដែរ ឬទេសាកយកចិត្តអ្នកទាំងអស់គ្នាដាក់ចិត្តគាត់ ហើយអ្នកនឹងយល់ពីអារម្មណ៍របស់គាត់”។
ចំណែក ម៉ាច ដាវី គ្រាន់តែឃើញសំណេរនោះហើយ បានចែករំលែកបន្ត និងពោលថាចង់អួលដើមកបាត់ទៅហើយ នៅពេលបេក្ខភាពរួមការក្រកួតមើលឃើញពីគុណតម្លៃរបស់នាងកន្លងមក។ ចំណែកអ្នកគាំទ្រ និងមិត្តភ័ក្តិរបស់ 3rd runner up Miss Grand Cambodia 2024 ក៏លើកឡើងដូចៗគ្នាថា ដាវី គឺជាមនុស្សចេះជួយយកអាសាអ្នកដទៃ ចិត្តល្អ ពឹងអ្វីក៏បាន។
កញ្ញា ពៅ ធិតា បានក្លាយជា 5th runner up Miss Grand Cambodia 2024 រួមជាមួយ 5th runner up ៥ រូបផ្សេងទៀត។ នាងគឺជាបវរកញ្ញាវ័យក្មេង កម្ពស់ ១,៧៨ ម៉ែត្រ សម្រស់ស្រស់ស្អាត សម្បុរសណ្ដែកបាយបែបខ្មែរពិតៗ ព្រមជាមួយទេពកោសល្យពេញខ្លួន។ ធិតា ក្រៅពីជាប់ 5th runner up នាងក៏ទទួលបានតំណែង Best Makeup Artist ផងដែរ៕






























































Account
Security
Favourite Content