ភាពយន្តធំប្រចាំឆ្នាំថ្មីរបស់ស្ទូឌីយោ Disney និង Pixar រឿង “Inside Out 2” បានក្លាយជាភាពយន្តរកចំណូលនៅសប្ដាហ៍ដំបូងបានច្រើនជាងគេសម្រាប់ឆ្នាំ២០២៤ នៅសហរដ្ឋអាមេរិក និងបានបំបែកកំណត់ត្រាភាពយន្តតុក្កតារកចំណូលបានច្រើនបំផុតនៅសប្ដាហ៍ដំបូងក្នុងប្រវត្តិសាស្ត្រ។

នៅលើតារាង Box Office អាមេរិក ភាពយន្តថ្មីដែលជាវគ្គបន្តរបស់ភាពយន្ត “Inside Out” កាលពីឆ្នាំ២០១៥ បានក្លាយជាភាពយន្តលេខ១ ប្រចាំសប្ដាហ៍ ខណៈអាចរកចំណូលបាន ១៥៥ លានដុល្លារនៅសហរដ្ឋអាមេរិក និងកាណាដាក្នុងរយៈពេល ៣ថ្ងៃនៃចុងសប្ដាហ៍បុណ្យ Father’s Day កន្លងទៅ។
មិនតែប៉ុណ្ណោះ ភាពយន្តនេះអាចរកចំណូលបាន ១៤០ លានដុល្លារបន្ថែមទៀតពីការបញ្ចាំងនៅប្រទេសផ្សេងៗ ធ្វើឱ្យចំណូលសរុបក្នុងសប្ដាហ៍ដំបូងឡើងដល់ ២៩៥ លានដុល្លារ ជាតួលេខខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ភាពយន្តគំនូរជីវចលចេញបញ្ចាំងនៅសប្ដាហ៍ដំបូង។
ភាពយន្តដែលចំណាយទុនផលិតអស់ ២០០លានដុល្លារមួយនេះ បានក្លាយជាភាពយន្តដំបូងដែលអាចរកចំណូលនៅអាមេរិកបានច្រើនជាង ១០០លានដុល្លារនៅសប្ដាហ៍ដំបូង គិតចាប់តាំងពីភាពយន្ត “Barbie” បានចេញក្នុងរយៈពេលជិត១ឆ្នាំមុន។
សម្រាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Box Office សប្ដាហ៍នេះ គឺភាពយន្ត “Bad Boys: Ride or Die” របស់ Will Smith ដែលអាចរកចំណូលបាន ៣៣ លានដុល្លារបន្ថែមទៀតនៅសហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍ ខណៈចំណូលទូទាំងពិភពលោកឡើងដល់ ២០០ លានដុល្លារ។ ចំណាត់ថ្នាក់ទី៣ គឺភាពយន្តអាណាចក្រស្វា “Kingdom of the Planet of the Apes” ដែល អាចរកចំណូលបានជាង ៥,២ លានដុល្លារបន្ថែមទៀតនៅសហរដ្ឋអាមេរិក ស្របពេលចំណូលសរុបទូទាំងពិភពលោកកើនដល់ ៣៧៤ លានដុល្លារ បន្ទាប់ពីចេញបញ្ចាំងបាន ៦ សប្ដាហ៍ ៕


























Account
Security
Favourite Content