តារាសម្ដែងស្រីចិន Jia Ling កំពុងក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រ និងមហាជនជាច្រើនជាមួយរូបរាងថ្មីរបស់នាង ក្រោយសម្រកទម្ងន់ជិត ៥០ គីឡូ។ តារាស្រីរូបនេះត្រូវបានគេរាយការណ៍ថា ចំណាយរយៈពេលជិត ១ ឆ្នាំ ដើម្បីកែប្រែរូបរាងរបស់នាងសម្រាប់ការសម្ដែងក្នុងភាពយន្ដ YOLO ឬ You Only Live Once។



ភាពយន្ដ YOLO ត្រូវបានដឹកនាំ និងសម្ដែងដោយតារាស្រី Jia Ling ដោយផ្ទាល់តែម្ដង។ ភាពយន្ដនេះ និយាយពីខ្សែជីវិតរបស់នារីមានមាឌធាត់ម្នាក់ និងបានសម្រកកែប្រែខ្លួនក្លាយជាអ្នកប្រដាល់ម្នាក់។ ហេតុផលនេះ ហើយធ្វើឲ្យតារាស្រី Jia Ling ចាំបាច់ត្រូវសម្រកទម្ងន់របស់នាងពីជាង ១០០ គីឡូ មកសល់ត្រឹមជាង ៥០ គីឡូដើម្បីសម្ដែងរឿងមួយនេះឲ្យបានសមល្អឥតខ្ចោះ។

ភាពយន្ដមួយនេះ ត្រូវបានចាក់ផ្សាយជាផ្លូវការក្នុងប្រទេសចិនកាលពីដើមខែ កុម្ភៈ ឆ្នាំ ២០២៤ ហើយអ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលខ្លាំង គឺការកែប្រែរូបរាងរបស់តារាស្រី Jia Ling។ ការសម្រកទម្ងន់ជិត ៥០ គីឡូរបស់នាង ត្រូវបានក្លាយជាប្រធានបទត្រូវបានគេលើកឡើងយកមកពិភាក្សាពាសពេញបណ្ដាញសង្គម។ ការសម្ដែងដ៏ល្អ អមជាមួយសាច់រឿងដ៏ជក់ចិត្ដ អាចធ្វើឲ្យរឿងនេះរកបានចំណូលយ៉ាងច្រើនក្រាស់ក្រែលជិត ៣៥០ លានដុល្លារអាមេរិក។

ក្រឡេកមកមើលសម្រស់របស់តារាស្រី Jia Ling ក្រោយស្រកអស់ជិត ៥០ គីឡូរូបនាងត្រូវបានគេសរសើរមិនដាច់ពីមាត់ថាស្រស់ស្អាតខ្លាំង និងមានសមត្ថភាពពូកែដែលអាចផលិតរឿងប្រភេទបែបលើកទឹកចិត្ដយ៉ាងល្អដល់យុវវ័យ។
ទន្ទឹមនេះ តារាស្រី Jia Ling ក៏បានបង្ហើបពីវិធីសម្រកទម្ងន់របស់នាងទៅកាន់មហាជនផងដែរ។ នាងបានលើកឡើងថា នាងចំណាយពេល ១ ខែ ក្នុងការសម្រកពី ៤ ទៅ ៥ គីឡូ ឬខែខ្លះអាចមានស្រកបានច្រើនជាងនេះ។ ការសម្រកគីឡូរបស់នាងទទួលបានការជោគជ័យគឺមួយផ្នែកធំដោយសារការផ្លាស់ប្ដូររបបអាហារ ដោយនាងភាគច្រើនទទួលទានតែនំប៉័ងស គ្មានជាតិធាត់ និងគ្រាប់ធញ្ញជាតិ។ នាងការបានរៀបចំរបបអាហាររបស់នាង សម្រាប់ ១៤ ថ្ងៃ ក្នុងមួយខែ ផងដែរ គឺអនុញ្ញាតឲ្យនាងអាចទទួលទានសាច់ទ្រូងមាន់ ពងមាន់ និងបបរជាដើម។



តារាស្រី Jia Ling បានលើកឡើងថា នាងមានក្ដីស្រមៃចង់ស្លៀករ៉ូបស្រស់ស្អាត និងធ្វើសក់បែបទឹករលក ប្រសិនបើនាងមានរាងតូច។ ជាលទ្ធផលការខិតខំប្រឹងប្រែងរបស់នាងអស់រយៈពេលជិត ១ ឆ្នាំ ធ្វើឲ្យនាងអាចស្រកគីឡូ និងស្លៀកនូវសម្លៀកបំពាក់ដែលនាងតែងប្រាថ្នា ៕























Account
Security
Favourite Content