យោងតាមប្រភពព័ត៌មាន Starnews នៅព្រឹកថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ តារាស្រី Hyeri និងជាសមាជិកក្រុមចម្រៀងខេប៉ុប Girl’s Day អាចនឹងបង្ហាញខ្លួនជាតួឯកស្រីក្នុងរឿងភាគប្រភេទបែប GL (Girls’ Love) ឆាប់ៗ ខាងមុខ។ ដំណឹងនេះ ពិតជាធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើល ប៉ុន្ដែក៏មានមតិគាំទ្រយ៉ាងច្រើន ថែមទាំងសង្ឃឹមថារូបនាងពិតជាទទួលសម្ដែងរឿងមួយនេះ។



ជាការឆ្លើយតបពី Creative Group ING ជាផលិតកម្មគ្រប់គ្រងតារាស្រីរូបនេះ បានលើកឡើងថា៖ បច្ចុប្បន្ន Hyeri ពិតជាបានត្រូវគេដាក់អញ្ជើញទៅចូលរួមសម្ដែងជាតួឯកស្រីក្នុងរឿង Friendly Rivalry។ នាងក៏ចាប់អារម្មណ៍ និងមានអារម្មណ៍ល្អចំពោះរឿងមួយនេះ។ តែយ៉ាងណាក្ដី នាងកំពុងស្ថិតក្នុងដំណាក់កាលពិចារណានៅឡើយ។



Friendly Rivalry ជារឿង webtoon ដ៏ល្បីមួយរបស់ប្រទេសកូរ៉េ និយាយពីទំនាក់ទំនងស្នេហារវាងមនុស្សស្រីពីរនាក់។ លើសពីនោះ ក៏មានលាយឡំជាមួយឈុតឆាករន្ធត់ ព្រឺរព្រួច អាថ៍កំបាំង អមជាមួយការប្រកួតប្រជែងខ្លាំងក្លារវាងតួអង្គឯកនារីទាំងពីរ។
បើតាមប្រភពដដែលបានឲ្យដឹងថា តារាស្រី Hyeri ត្រូវបានគេអញ្ជើញឲ្យសម្ដែងជាតួអង្គ Yoo JaeYi។ ប្រសិនបើ Hyeri ទទួលសម្ដែងរឿង Friendly Rivalry រឿងមួយនេះនឹងក្លាយជារឿងដំបូងដែលនាងបង្ហាញខ្លួន ក្រោយខកខានសម្ដែងរឿងជិត ២ ឆ្នាំ។ ជាពិសេស វាក៏ជារឿងប្រភេទបែប GL ដំបូងដែលនាងចូលរួមសម្ដែង និងជាបទពិសោធថ្មីក្នុងអាជីពជាតារាសម្ដែងផងដែរ។


គួរបញ្ជាក់ថា សម្រាប់តួអង្គឯកស្រីម្នាក់ទៀតមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេថាជានរណា ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នា៕























Account
Security
Favourite Content