នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ សមាជិកក្រុមតារាចម្រៀង BTS ទាំងអស់បានទៅជួបជុំគ្នានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ព Nonsan ដើម្បីជូនដំណើរ V និង RM ចូលបម្រើយោធា។

ការជួបជុំលើកនេះរបស់សមាជិកម្នាក់ៗ គឺជាការខិតខំប្រឹងប្រែងសម្របសម្រួលកាលវិភាគការងារ ដើម្បីធានាថាសមាជិកទាំងអស់អាចមកជុំគ្នាលើកទឹកចិត្តអ្នកទាំងពីរមុនពេលចាប់ផ្ដើមចូលបម្រើក្នុងជួរកងទ័ព។ ក្រោយការជួបជុំបានបញ្ចប់ គណនី X ផ្លូវការរបស់ BTS ក៏បានបង្ហោះរូបភាពសមាជិកទាំងអស់ថតរូបជុំគ្នាបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តដោយសាររូបភាពមួយនេះគឺជារូបភាពដែលពួកគេទន្ទឹងរង់ចាំមើលអស់រយៈពេលជាយូរ។


ក្នុងរូបភាពគ្រួសារមួយនោះ គេសង្កេតឃើញថា Jin និង J-hope បានស្ថិតនៅក្នុងឯកសណ្ឋានពលបាលត្រីយ៉ាងសង្ហា មានរូបរាងមាំទាំជាងមុន និងមើលទៅមានសុខភាពល្អជាងមុនទៀតផង។ ជាងនេះទៅទៀតនោះ អ្នកគាំទ្ររឹតតែរំភើបចិត្តបន្ទាប់ពីឃើញ Suga បង្ហាញវត្តមានជាលើកដំបូងក្រោយចូលជួរកងទ័ពអស់រយៈពេលជិត ៤ ខែ។ ការបង្ហាញវត្តមានលើកនេះដែរ ប្រៀបដូចជាបានប្រាប់ទៅកាន់អ្នកគាំទ្រថាលោកមានសុខភាពល្អ និងសុខសប្បាយនោះទេ ដូច្នេះអ្នកគាំទ្ររបស់លោកមិនបាច់មានកង្វល់ខ្លាំងពេកឡើយ។

គួរបញ្ជាក់ផងដែរ ក្នុងដំណើរបំពេញកាតព្វកិច្ចយោធា V ត្រូវបានគេរាយការណ៍ថាបានដាក់ពាក្យចូលទៅក្នុងអង្គភាពបេសកកម្មពិសេសនៃបញ្ជាការដ្ឋានការពាររាជធានី។ ខណៈ Jimin និង Jungkook នឹងត្រូវចូលជួរយោធាបន្ទាប់ពី V និង RM មួយថ្ងៃគឺនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ។


សម្រាប់សមាជិកផ្សេងទៀតដូចជា Jin ត្រូវបានគេរំពឹងនឹងបញ្ចប់កាតព្វកិច្ចនៅខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់មក J-hope ក្នុងខែតុលា ឆ្នាំ ២០២៤។ ខណៈ Suga នឹងត្រូវប្រើពេលយូរជាងគេរហូតដល់ ២១ ខែក្នុងការបំពេញកាតព្វកិច្ចដោយសារតែលោកមានបញ្ហានៅត្រង់ស្មាមិនអាចចូលជម្រុំបាន ទើបលោកក្លាយជាយោធាបម្រើការងារក្នុងការិយាល័យ។ ដូច្នេះបើមិនមានអ្វីប្រែប្រួលនោះទេ សមាជិកទាំង ៧ នាក់របស់ BTS នឹងវិលមកជួបជុំអ្នកគាំទ្រវិញនៅខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ៕



















































Account
Security
Favourite Content