ពិធីមង្គលការរបស់តារាសម្ដែងហុងកុងដ៏ល្បី Kenneth Ma នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលដែលលេចឮដំណឹងថាមិត្ដល្អរបស់ខ្លួន គឺ Kevin Cheung មិនអាចចូលរួមបាន។ មហាជនជាច្រើនកំពុងសង្ស័យថាទំនាក់ទំនងមិត្ដភាពរបស់អ្នកទាំងពីរមានបញ្ហាប្រេះឆា និងមានជម្លោះទាស់ទែងគ្នា។ ជាពិសេស លោក Kevin Cheung ត្រូវបានគេរិះគន់មិនខ្វាយខ្វល់ពីមង្គលការមិត្ដជិតស្និទ្ធ។

អំឡុងពេលចេញផ្សព្វផ្សាយរឿងភាគថ្មី The Queen Of News តារាប្រុស Kenneth Ma បាននិយាយបញ្ជាក់ពីរឿងទំនាក់ទំនងរបស់លោក និង Kevin Cheung ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ។ តួឯកប្រុសរឿង “ភ្នាក់ងារ POTT បង្ក្រាបបទល្មើស” បានលើកឡើងថា តារាប្រុស Kevin Cheung បច្ចុប្បន្ន លោកមានកូនតូចរហូតដល់ទៅ ៣ នាក់ វាពិតជាពិបាកសម្រាប់លោកក្នុងការធ្វើដំណើរឆ្ងាយដើម្បីមកចូលរួមពិធីមង្គលការរបស់លោក។ បើទោះជា Kevin Cheung មិនបានចូលរួមក៏គ្មានបញ្ហាអ្វីសម្រាប់លោកដែរ ទៀតសោតលោកអញ្ជើញភ្ញៀវមិនច្រើនឡើយ ត្រឹមតែ ៦០ នាក់ប៉ុណ្ណោះ មង្គលការនេះជាពិធីតូចល្មម។


លោកបានបន្ដថា បើពិធីមង្គលការរបស់លោកធ្វើនៅឯហុងកុង ហើយ Kevin Cheung មិនចូលរួមនោះទើបជារឿងចម្លែក។ មែនទែនទៅ ប្រសិនបើលោកមានកូនតូច លោកក៏នឹងបដិសេធមិនចូលរួមកម្មវិធីច្រើនដូចគ្នា។ លោកមិនយល់ទាល់តែសោះ ហេតុអ្វីបានជាមានពាក្យចចាមអារ៉ាមថា លោក និង Kevin Cheung ឈ្លោះគ្នា។ លោកមិនប្រកាន់ច្រើនឡើយ ព្រោះមនុស្សម្នាក់មានរឿងត្រូវធ្វើសម្រាប់ខ្លួនឯង ប្រសិនបើមកបានក៏មក មកមិនបានក៏មិនមានបញ្ហា។
Kenneth Ma ក៏សុំចិត្តដល់មហាជន ឈប់បន្ទោសដល់តារាប្រុស Kevin Cheung ទៀត។ លោកបន្ថែមថា Kevin Cheung មើលទៅដូចមនុស្សសោះកក្រោះ ប៉ុន្ដែបើស្គាល់គេច្បាស់គេពិតជាមនុស្សល្អ។គួរបញ្ជាក់ថា ពិធីមង្គលការរបស់តារាប្រុស Kenneth Ma និងមិត្ដស្រី នឹងធ្វើឡើងនៅពាក់កណ្ដាលខែ ធ្នូ ឆ្នាំ ២០២៣ នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី៕























































Account
Security
Favourite Content