ក្រោយចំណាយពេលថត និងសម្រិតសម្រាំងការកាត់តអស់រយៈពេលប្រមាណជិត១ឆ្នាំ រឿង «កំពូលកូន» ឬ «My Super Family» បានរៀបចំពិធីសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅរោងភាពយន្ត Major Cineplex Aeon 1 ដោយមានការចូលរួមពីមិត្តសិល្បករ-សិល្បការិនីចាស់ក្មេងល្បីៗយ៉ាងច្រើនកុះករ។




ស្ថិតក្រោមការដឹកនាំរបស់អគ្គនាយិកា អ្នកនាង ជុន សុធា រឿង «កំពូលកូន» ប្រមូលផ្តុំដោយតារាសម្តែងល្បីៗជាច្រើន ដូចជា លោក ទេព រិនដារ៉ូ កញ្ញា ហេង ចន្ថា នាយ គ្រឿន កញ្ញា ជុង សុផានៀត ព្រមទាំងតារាសម្ដែងប្រុសស្រីជាច្រើនទៀត ដែលនឹងមកញ៉ាំងបរិយាកាសសាច់រឿងនេះឱ្យកាន់តែមានភាពទាក់ទាញ កំប្លុកកំប្លែងខ្លាំងឡើង។ តួយ៉ាង តួអង្គសំខាន់ដែលជាបងប្អូនបង្កើតទាំង ៤រូប គឺ ទេព រិនដារ៉ូ, ហេង ចន្ថា, នាយ គ្រឿន និង កញ្ញា ជុង សុផានៀត នឹងឆក់យកបេះដូងទស្សនិកជនឱ្យផ្ទុះសំណើចក្អាកក្អាយជាក់ជាមិនខាន។
បន្ថែមពីលើរសជាតិកំប្លែង រឿង «កំពូលកូន» ក៏បង្កប់អត្ថន័យអប់រំដល់អ្នកទស្សនាផងដែរ ពិសេសគឺការចូលរួមបំផុសស្មារតីស្នេហាបទចម្រៀងមរតកដើមអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដើម្បីជាការចូលរួមលើកស្ទួយ និងអភិរក្សមរតកសំនៀងដើមរបស់ខ្មែរទាំងអស់គ្នា។



លោក លី រដ្ឋា អ្នកនិពន្ធ និង ដឹកនាំរឿង «កំពូលកូន» បានប្រាប់ឱ្យដឹងថា រឿង «កំពូលកូន» គឺជាស្នាដៃទី ២ របស់ផលិតកម្ម PDS បន្ទាប់ពីរឿង «ខ្សែចងក»។ មែនទែនទៅសាច់រឿង «កំពូលកូន»នេះ គឺដកស្រង់ចេញពីសាច់រឿងពិតក្នុងគ្រួសារត្រកូលអភិជនមួយ ដែលស្តែងពីខ្សែជីវិតរបស់បងប្អូនបង្កើត បន្ទាប់ពីពួកគេបាត់បង់ឪពុកម្តាយទៅ។
ចំណុចទាក់ទាញខ្លាំងក្នុងរឿងនេះ គឺផលិតកម្មបានដាក់តារាភាពយន្តជើងចាស់ លោក ទេព រិនដារ៉ូ ជាតួអង្គកូន ឱ្យសម្តែងប៉ះតារាកំប្លែងមិនចេះរីងស្ងួត នាយ គឿន ដោយធានាថា ទស្សនិកជនមកទស្សនារឿងនេះច្បាស់ជាផ្ទុះសំណើចក្អាកក្អាយមិនខាននោះឡើយ។

ដោយឡែក លោក ទេព រិនដារ៉ូ តួសម្ដែងក្នុងភាពយន្តកំប្លែងមួយនេះ បានបង្ហាញអារម្មណ៍រំភើប ព្រោះលោកខកខានសម្តែងប៉ះ នាយគ្រឿន យូរណាស់ដែរហើយ ដូច្នេះលោកចង់ឱ្យទស្សនិកជនមកទស្សនាស្នាដៃថ្មីរបស់លោក និងនាយគ្រឿន ធានាថា ដឹងតែសើចរឹងថ្គាមមិនខានទេ ព្រោះក្នុងរឿងនេះលោកសម្តែងជាបងប្រុសច្បង ចរិតខិលខូចបន្តិច សូម្បីតែលោកខ្លួនឯងក៏មានអារម្មណ៍ថារៀងអៀនប្រៀន ដោយសារអ្នកដឹកនាំឱ្យដើរតួក្មេងពេក។
បន្ថែមពីលើការលើកឡើងខាងលើនេះ ស្រីស្អាត ហេង ចន្ថា ក៏បានឱ្យដឹងថា នាងមានក្តីរំពឹងខ្ពស់គួរសមសម្រាប់ការថ្មីដែលត្រៀមចាក់បញ្ចាំងនៅចុងឆ្នាំនេះ។ ចន្ថា ចង់ឱ្យទស្សនិកជនមកទស្សនារឿងនេះឱ្យបានច្រើនកុះករ រួចចាំធ្វើការវាយតម្លៃតាមក្រោយក៏បាន ព្រោះនាងជឿជាក់ថា ពេលបានទស្សនារឿងនេះហើយ គ្រប់គ្នាច្បាស់ជាបបួលមិត្តផ្សេងទៀតឱ្យមកមើលដែលហើយ ព្រោះរឿងនេះល្អមើល មានភាពកំប្លែងច្រើន ថែមទាំងបង្កប់អត្ថន័យជាសារអប់រំថែមទៀតផង។ កុំភ្លេចនាំគ្នាទៅទស្សនារឿង កំពូលកូន ឱ្យបានច្រើនកុះករ ដែលរឿងនេះចាប់ចាក់បញ្ចាំងគ្រប់រោងភាពយន្តពីថ្ងៃទី៨ នេះតទៅ ៕

























Account
Security
Favourite Content