នៅពេលដែលរាងកាយមានភាពនឿយហត់ ដំបូងបំផុតយើងច្រើនគិតអំពីការញ៉ាំអាហារមុនគេ។ ចំពោះការញ៉ាំអាហារនេះផងដែរ មិនមែនចេះតែញ៉ាំទៅតាមចិត្តចង់នោះទេ។ ក្នុងនោះគ្រូពេទ្យជំនាញជាច្រើនក៏បានណែនាំឱ្យញ៉ាំផ្លែឈើវិញដែលល្អសម្រាប់រាងកាយ និងបង្កើនថាមពលផងដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងមកចែករំលែកនូវផ្លែឈើ ៥ មុខដែលញ៉ាំទៅឆាប់ឆ្អែត ហើយល្អបំផុតសម្រាប់អ្នកចង់សម្រកគីឡូ៖
១. ផ្លែចេក

ចេកត្រូវបានគេចាត់ទុកជាអាហារសម្រន់មួយដ៏ល្អបំផុត ហើយក៏ជាប្រភពនៃស្ករធម្មជាតិផងដែរ។ លើសពីនេះ ជាតិសរសៃដែលនៅក្នុងផ្លែចេកមានតួនាទីជួយពន្យឺតការរំលាយជាតិស្ករ។ ជាមួយគ្នានេះ ផ្លែចេកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលធ្វើឱ្យរាងកាយយើងមានថាមពលឡើងវិញ។ ជាពិសេសវាត្រូវបានគេណែនាំឱ្យញ៉ាំមួយផ្លែមុនពេលហាត់ប្រាណ។
២. ផ្លែប័រ

យោងតាម Critical Reviews in Food Science and Nutrition ផ្លែប័រជាផ្លែឈើដែលពោរពេញទៅដោយប្រូតេអ៊ីន វីតាមីន និងជាតិសរសៃដែលអាចជួយរក្សាថាមពលឱ្យបានពេញមួយថ្ងៃ។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកដោយខ្លាញ់ល្អៗដែលអាចជួយរាងកាយឱ្យកាន់តែល្អប្រសើរ និងរឹងមាំថែមទៀត។
៣. ផ្លែប៉ោម

ឱ្យតែនិយាយដល់ផ្លែឈើដែលញ៉ាំជាសម្រន់ ហើយងាយស្រួល ភាគច្រើនយើងតែងតែនឹងឃើញដល់ផ្លែប៉ោមមុនគេ។ លើសពីនេះ យោងតាមការសិក្សាក្នុងទស្សនាវដ្ដី Horticulture Research បានបង្ហាញថាបន្ថែមពីលើជាតិសរសៃ និងសារធាតុចិញ្ចឹម ផ្លែប៉ោមក៏មានផ្ទុកទៅដោយសារធាតុ flavonoids ខ្ពស់ដែលអាចជួយប្រឆាំងអុកស៊ីតកម្ម ភាពតានតឹង និងការរលាកនៅក្នុងរាងកាយផងដែរ។
៤. ផ្លែស្រ្តបឺរី

យោងតាមការសិក្សានៅក្នុង Journal of Agricultural and Food Chemistry ផ្លែស្ត្របឺរីគឺជាប្រភពដ៏ល្អនៃសារធាតុរ៉ែ វីតាមីន C និង folate ។ លើសពីនេះ បូករួមជាមួយសារធាតុ phenol ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ទៀតនោះ វានឹងអាចជួយឱ្យរាងកាយបង្កើនថាមពល និងបង្កើនឡើងនូវកម្រិតកោសិកាផងដែរ។
៥. ផ្លែក្រូច

មនុស្សជាច្រើនចូលចិត្តញ៉ាំផ្លែក្រូចដោយសារវាមានកម្រិតវីតាមីន C ខ្ពស់ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ។ មិនត្រឹមប៉ុណ្ណេះ វីតាមីន C ដែលនៅក្នុងផ្លែក្រូចក៏អាចកាត់បន្ថយកម្រិតអុកស៊ីតកម្មក្នុងរាងកាយ និងការពារមិនឱ្យអស់កម្លាំងផងដែរ។ ផ្អែកលើសៀវភៅសិក្សាស្រាវជ្រាវរបស់ Antioxidants បានសរសេរថាមនុស្សដែលមានកម្រិតវីតាមីន C នៅក្នុងខ្លួនខ្ពស់អាចជួយឱ្យពួកគេមានអារម្មណ៍ល្អប្រសើរ និងកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្តទៀតផង៕
























Account
Security
Favourite Content