កម្មវិធីប្រកួតបវរកញ្ញាហុងកុងឆ្នាំ ២០២៣ បានបិទបញ្ចប់កាលពីថ្មីៗ នេះ ដោយអ្នកគ្រងតំណែងជាបវរកញ្ញាគឺបេក្ខនារី Hiliary Chong ដែលមានវ័យត្រឹម ២១ ឆ្នាំ។ រូបរាងរបស់នាងត្រូវបានមហាជនជាច្រើនលើកឡើងថាស្រដៀងកំពូលតារាស្រីល្បីកូរ៉េ IU។


ជាមួយគ្នាដែរ អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងទៀតនោះគឺវត្ដមានរបស់តារាសម្ដែងហុងកុងល្បីធ្វើជាពិធីកររួមមាន Joel Chan, Moses Chan, Ruco Chan និង Edwin Siu។ តែស្របពេលជាមួយគ្នាអ្នកទាំង ៤ ក៏ត្រូវបានមហាជនរិះគន់ដូចព្យុះផងដែរទាក់ទិននឹងការធ្វើមិនបានល្អក្នុងកម្មវិធី និងមើលទៅមានស្ថានភាពរញ៉េរញ៉ៃ។ ដោយអ្នកទាំង ៤ ហាក់មិនមានបទពិសោធក្នុងការធ្វើជាពិធីករ និងអានតាមតែស្រ្គីបក្រុមការងារសរសេរឱ្យ មិនមានភាពរស់រវើកធ្វើឱ្យកម្មវិធីទាំងមូលប្រែជាគួរឱ្យធុញទ្រាន់ខ្លាំង។

មហាជនជាច្រើនបានលើកឡើងថា កម្មវិធីធំបែបនេះគួរតែប្រគល់ឱ្យពិធីករដែលមានបទពិសោធន៍ ឬធ្លាប់ធ្វើពីមុនមក។ ស្របពេលដែលពួកគេលើកឡើងបន្ថែមថា តារាសម្ដែងប្រុសទាំង ៤ គួរតែផ្ដោត និងយកទុកដាក់លើការសម្ដែងវិញព្រោះវាជាជំនាញរបស់ពួកលោក។
ក្រោយមានរឿងចម្រូងចម្រាស និងត្រូវបានគេរិះគន់ខ្លាំងពេក តារាប្រុស Edwin Siu ក៏បានទម្លាយថា ពួកគេដឹងអំពីព័ត៌មានពីការធ្វើជាពិធីករមុនមួយសប្ដាហ៍ប៉ុណ្ណោះ។ ពួកគេមិនបានហាត់សមត្រឹមត្រូវទើបធ្វើឱ្យលទ្ធផលទៅជារញ៉េរញ៉ៃខ្លាំង។ លោកបានបញ្ជាក់ទៀតថា៖ បទពិសោធន៍រន្ធត់ដូច្នេះលោកសុំធ្វើវាតែម្ដងគឺគ្រប់គ្រាន់ហើយ។


ចំណែកតារាប្រុស Moses Chan ក៏បានលើកឡើងថា៖ អ្នកទាំង ៤ មិនសូវសម្ដែងរឿងរួមគ្នាឡើយ ជាហេតុធ្វើឱ្យមិនសូវទម្លាប់ជាមួយគ្នា និងនិយាយមិនសូវចូលគ្នា។ លោកមានអារម្មណ៍ដូចតារាទើបចេញថ្មីគ្មានបទពិសោធន៍នៅពេលឈរលើឆាក លោកមិនធ្លាប់មានអារម្មណ៍ស្ដ្រេសខ្លាំងដូចពេលធ្វើពិធីករបវរកញ្ញាហុងកុងឡើយ។
បើទោះជាមានការបកស្រាយ និងលើកពីហេតុផលផ្សេងៗ ក៏ដោយមហាជនជាច្រើននៅតែមិនពេញចិត្តចំពោះរឿងហេតុដែលបានកើតឡើងព្រមទាំងស្នើរសុំឱ្យអ្នកទាំង ៤ មានការប្រុងប្រយ័ត្នមុនទទួលការងារនាពេលអនាគត៕

























Account
Security
Favourite Content