ខែនេះជាខែភ្លៀងធ្លាក់ ហើយក៏ជាខែដែលមនុស្សយើងភាគច្រើនកើតជំងឺផ្ដាសាយដែរ។ ជាទូទៅយើងតែងតែជ្រើសរើសយកការប្រើប្រាស់ថ្នាំពេទ្យដើម្បីព្យាបាលជំងឺផ្ដាសាយ។ ប៉ុន្តែក្នុងនោះការញ៉ាំបន្លែផ្លែឈើក៏ជាចំណែកមួយដែលអាចជួយការពារយើងពីជំងឺមួយនេះបានដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងមកចែករំលែកថាផ្លែឈើប្រភេទណាខ្លះដែលល្អសម្រាប់ប្រឆាំងជំងឺផ្ដាសាយ៖
១. ផ្លែគីវី

វីតាមីន C និងវីតាមីន E ដែលមាននៅក្នុងផ្លែគីវីមានគុណសម្បត្តិក្នុងការកម្ចាត់មេរោគបានយ៉ាងល្អ។ លើសពីនេះ ផ្លែគីវីក៏មានប៉ូតាស្យូមច្រើន និងកាឡូរីតិចដែលអាចជួយកាត់បន្ថយសម្ពាធឈាមបានផងដែរ។ ជាពិសេស ផ្លែគីវីមានផ្ទុកនូវបរិមាណវីតាមីន C ដល់ទៅពីរដងនៃផ្លែក្រូច ដូច្នេះហើយវាត្រូវបានគេចាត់ទុកថាជាភ្នាក់ងារលេខ ១ ពង្រឹងប្រព័ន្ធភាពស៊ាំ។
២. ផ្លែប៉ោម

ផ្លែប៉ោមមានសារជាតិ flavonoids ដែលមានសមត្ថភាពកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម។ លើសពីនេះ តាមការសិក្សាបានបង្ហាញថាការញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃអាចជួយឱ្យប្រព័ន្ធការពាររាងកាយរបស់យើងកាន់តែរឹងមាំ ជាពិសេសនៅពេលយើងមានភាពតានតឹងខ្លាំង។ ជាមួយគ្នានេះផ្លែប៉ោមក៏សម្បូរទៅដោយកាឡូរី កាបូអ៊ីដ្រាត វីតាមីន និងសារធាតុរ៉ែផ្សេងៗដែលអាចផកដល់ថាមពលបានយ៉ាងល្អ។
៣. ផ្លែចេក

យោងតាមគេហទំព័រ Pharm Easy បានបង្ហាញការទទួលទានផ្លែចេកអាចជួយកាត់បន្ថយអាការៈនៃជំងឺផ្ដាសាយមួយចំនួនដូចជាក្អក ក្អួត ឬចង្អោរជាដើមបានយ៉ាងល្អ។ លើសពីនេះ ចេកក៏សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែផ្សេងទៀតដែលអាចជួយឱ្យឆ្អឹងរឹងមាំ ប្រឆាំងនឹងភាពអស់កម្លាំង និងកាត់បន្ថយភាពតានតឹងផងដែរ។
៤. ផ្លែក្រូច

ការទទួលទានផ្លែក្រូចនៅពេលយើងកើតជំងឺផ្ដាសាយអាចជួយពន្លឿនការព្យាបាលបានលឿនជាងមុន។ ដោយសារផ្លែក្រូចសម្បូរទៅដោយវីតាមីន C ដែលជាភ្នាក់ងារដ៏ល្អក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ដូច្នេះហើយយើងក៏គួរទទួលទានផ្លែក្រូចយ៉ាងហោចមួយផ្លែក្នុងមួយថ្ងៃដោយមិនចាំបាច់តែមានជំងីផ្ដាសាយនោះទេ។
៥. ផ្លែម្នាស់

យោងតាមគេហទំព័រ Healthline បានបង្ហាញថាទឹកម្នាស់គឺប្រភពមួយដ៏ល្អនៃវីតាមីន C ដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំ និងទប់ស្កាត់ការឆ្លងមេរោគចូលក្នុងរាងកាយផងដែរ។ លើសពីនេះ សារធាតុ Bromelain ក្នុងទឹកម្នាស់ក៏អាចជួយកាត់បន្ថយស្លេស្ម និងការរលាកទៀតផង។
៦. ផ្លែឪឡឹក

ផ្លែឪឡឹកគឺប្រភពនៃវីតាមីន A និងវីតាមីន C អាចជួយទ្រទ្រង់ប្រព័ន្ធការពាររាងកាយ និងជាផ្លែឈើល្អមួយប្រភេទដែលមានប្រយោជន៍ខ្លាំងក្នុងខែធ្លាក់ភ្លៀងបែបនេះ។ មិនតែប៉ុណ្ណោះ ផ្លែឪឡឹកក៏មានជាតិទឹកខ្ពស់ដែលអាចជួយរក្សាជាតិក្នុងរាងកាយ និងបំបាត់អាការៈឈឺបំពង់កផងដែរ៕




















































Account
Security
Favourite Content