K-drama ត្រូវបានគេស្គាល់ ភាគច្រើនតាមរយៈភាពយន្តភាគបែបមនោសញ្ចេតនា ស្នេហា និង Zombie ជាដើម។ ខណៈភាពយន្តបែបស៊ើបអង្កេត និងបាញ់ប្រហារមានច្រើនគួរសម្យ តែសម្រាប់ភាពយន្តបែប superheroes ឬភាពយន្តដែលតួអង្គនីមួយៗមានថាមពលពិសេស គឺកម្រមាន ឬមានតិចតួចប៉ុណ្ណោះ។ ឆ្នាំ២០២៣ នេះ ភាពយន្ត «Moving» ជាភាពយន្តបែប superheroes ដ៏កម្រមួយរបស់កូរ៉េកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងជាភាពដែលមានតួអង្គល្បីៗច្រើនបំផុតផងដែរ។

Moving គឺជារឿងភាគដែលចាយទុនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ K-drama ជាមួយនឹងកញ្ចប់ថវិកាចំនួន ៦៥ ពាន់លានវ៉ុន (៥១ លានដុល្លារអាមេរិក) ។ បច្ចុប្បន្នភាពយន្តមួយនេះ បានបញ្ចេញសាច់រឿងប្រមាណ ១០ភាគហើយក្នុងចំណោម ភាគសរុបចំនួន ២០ នៅលើកម្មវិធី Disney+។
ភាពយន្តមួយនេះ មានការចូលរួមពីតារាជើងចាស់ល្បីៗជាច្រើនដូចជា Ryoo Seung-ryong Han Hyo-joo និង Kim Sung-kyun ដែលសម្តែងជាតួឪពុកម្តាយដែលមានការងារធម្មតាប៉ុន្តែមានថាមពលពិសេស ហើយថែមទាំងបន្តថាមពលពិសេសទាំងនោះទៅដល់កូនៗរបស់ពួកគេ ដែលសម្តែងដោយ Go Yoon-jung Lee Jeong-ha និង Kim Do-hoon។
តួអង្គទាំងអស់មានសាច់រឿងរៀងៗខ្លួន ក៏ដូចជាលាយឡំជាមួយសាច់រឿងបច្ចុប្បន្នកាលដែលប្រទាក់ក្រឡាដ៏គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យតាមដាន។

តួអង្គសំខាន់ៗ សុទ្ធតែមានថាមពលពិសេសរៀងៗដូចជាអាចហោះបាន កម្លាំងខ្លាំង រាងកាយអាចព្យាបាលរបួសដោយខ្លួនឯងបាន និងត្រចៀកទិព្វជាដើម ប៉ុន្តែតួអង្គទាំងអស់នេះព្យាយាមថាមពលរបស់ខ្លួន ហើយរស់នៅដូចជាមនុស្សទូទៅ។
ទោះមានថាមពលពិសេស តែពួកគេក៏រងការគំរាមកំហែងផងដែរ ដោយតួអង្គដែលមានថាមពលពិសេសមួយចំនួនធំស្លាប់ជាបន្តបន្ទាប់ បន្ទាប់ពីការលេចមុខភ្នាក់ងារចារកម្មជនជាតិអាមេរិកដើមកំណើតកូរ៉េ ឈ្មោះ Frank ដែលមានថាមពលពិសេសដូចគ្នា ដើរតួជាអ្នកបើកឡានដឹកទំនិញ និងបង្កភាពចលាចលពេញទីក្រុង។
នៅពីក្រោយតួអង្គទាំងអស់នេះ គឺជាស្រមោលនៃរដ្ឋាភិបាលអន្តរជាតិ និងកូរ៉េខាងត្បូង ដែលហាក់ដូចជានៅពីក្រោយនៃការបង្កើតមនុស្សដែលមានថាមពលពិសេសទាំងនេះ ដើម្បីបម្រើកិច្ចការយោធា។
ជារួមភាពយន្តមួយនេះ មានរសជាតិពិសេសប្លែកយ៉ាងទូលំទូលាយ ពោរពេញដោយកំប្លែង ការប្រយុទ្ធ តួអង្គសិស្សសាលាគួរឱ្យស្រលាញ់ និងរឿងរ៉ាវគ្រួសារដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នាផងដែរ៕

























Account
Security
Favourite Content