Kim HyunJoong ជាតារាចម្រៀង និងតារាសម្ដែងល្បីម្នាក់ ជាពិសេសលោកទទួលបានការគាំទ្រខ្លាំងនៅពេលសម្ដែងក្នុងរឿង F4 របស់ប្រទេសកូរ៉េ។ ប៉ុន្ដែជីវិតរបស់លោកចាប់ផ្ដើមធ្លាក់ដុនដាប និងស្ទើរមើលមិនឃើញពន្លឺថ្ងៃក្រោយមានរឿងអាស្រូវជាមួយអតីតសង្សារ និងជាបន្ដបន្ទាប់លោកបានសាងកំហុសឆ្គងធ្វើឱ្យទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន។



ក្នុងឆ្នាំ ២០១៤ លោក និងអតីតមិត្ដស្រីបានក្លាយជាប្រធានបទក្ដៅគគុក ដោយសារលោកត្រូវបានមិត្ដស្រីប្ដឹងពីបទប្រើប្រាស់អំពើហិង្សាវាយធ្វើបាបរូបរាងកាយរបស់នាង។ លោកក៏បានចេញមុខទទួលស្គាល់ថា វាជារឿងពិតប៉ុន្ដែលោកមិនមានបំណងនោះទេ វាជាឧបទ្ទវហេតុ។ ក្នុងឆ្នាំ ២០១៥ លោកក៏ចាប់ផ្ដើមមានរឿងអាស្រូវម្ដងទៀតដោយសារតែមិត្ដស្រីរបស់លោកបានទម្លាយថា រូបនាងមានផ្ទៃពោះ ខណៈលោក Kim HyunJoong ជាឳពុកមិនទទួលខុសត្រូវ។ រូបនាងថែមទាំងបានលើកឡើងថា ដោយសារតែលោក Kim HyunJoong បានវាយធ្វើបាបនាងទើបនាងត្រូវរលូតកូនទៀត។ លោកត្រូវបានអតីតមិត្ដស្រីទារសំណងប្រមាណជាង ១ លានដុល្លារអាមេរិកសម្រាប់រឿងដែលបានកើតឡើង។ ជាចុងក្រោយ លោកក៏ត្រូវពិន័យប្រាក់ប្រមាណជាង ៣០០០ ដុល្លារអាមេរិក សម្រាប់ការប្រើប្រាស់អំពើហិង្សា។ ប៉ុន្ដែអតីតមិត្ដស្រីរបស់លោកនៅតែបន្ដប្ដឹងផ្ដល់ទាមទារសំណង។



ក្នុងឆ្នាំ ២០១៧ រូបលោកក៏ត្រូវមហាជនរិះគន់សារជាថ្មីក្រោយបើកបរពេលស្រវឹងស្រា និងព្យាយាមនិយាយកុហកដើម្បីរួចខ្លួន។ ជាលទ្ធផលលោកត្រូវបានដកហូតប័ណ្ណបើកបរ និងពិន័យប្រាក់ប្រមាណ ១៥០០ ដុល្លារអាមេរិក។ រឿងអាស្រូវទាំងនេះធ្វើឱ្យលោកឈរជើងស្ទើរលែងជាប់ក្នុងវិថីសិល្បៈ។
រហូតដល់ឆ្នាំ ២០២០ បន្ទាប់ពីប្ដឹងផ្ដល់គ្នាអស់រយៈពេល ៥ ឆ្នាំ តុលាការកូរ៉េខាងត្បូងបានច្រានចោលការប្ដឹងទាមទារសំណងរបស់អតីតមិត្ដស្រីតារាប្រុស Kim HyunJoong។ ដោយលើកឡើងថា មិនមានភស្ដុតាងច្បាស់លាស់ និងឱ្យរូបនាងសងសំណងប្រមាណ ៧ ម៉ឺនដុល្លារអាមេរិក ពីបទបង្ខូចកេរ្ដិ៍ឈ្មោះរបស់តារាប្រុស Kim HyunJoong។


ក្នុងបទសម្ភាសន៍តារាប្រុស Kim Hyun Joong បានលើកឡើងថា រឿងដែលបានកើតឡើងប្រៀបដូចជាសុបិនអាក្រក់។ វាធ្វើឱ្យលោកមិនអាចរស់នៅសុខស្រួលបានទេ។ ជីវិតរបស់លោកទើបតែមានពន្លឺឡើងវិញនៅពេលដែលលោកបានជួបភរិយារបស់លោកប៉ុណ្ណោះ។
គួររំឭកថា ក្នុងឆ្នាំ ២០២២ តារាប្រុស Kim Hyun Joong បានប្រកាសថា លោកបានរៀបការជាមួយមិត្ដស្រីដំបូងរបស់លោក។ អ្នកទាំងពីរបានជួបត្រូវរូវគ្នាបន្ទាប់ពីបែកគ្នាអស់ជាង ១១ ឆ្នាំ លោកបានលើកឡើងថា ជួបភរិយារបស់លោកជារឿងល្អមួយដែលបានកើតឡើងក្នុងជីវិតរបស់លោក។



បន្ទាប់ពីរៀបការរួចលោក និងភរិយាទទួលបានចំណងដៃកូនប្រុសម្នាក់។ កាលពីថ្មីៗ នេះដែរ លោកបានបង្ហាញខ្លួនជាមួយភរិយា និងកូនប្រុស ក្នុងពិធីខួបកំណើតរបស់កូនប្រុសលោក។ លោកបានបញ្ចេញស្នាមញញឹមយ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសារ។ មួយរយៈចុងក្រោយ លោកក៏បានចេញដើរកម្សាន្ដតាមប្រទេសនានាដូចជារៀតណាម ដែលបង្ហាញឱ្យឃើញថាជីវិតរបស់លោកមានភាពប្រសើរជាងមុន និងលែងមានរឿងអាស្រូវរស់នៅយ៉ាងមានក្ដីសុខជាមួយក្រុមគ្រួសារ។
បើក្រឡេកមកមើលពីអាជីពជាអ្នកសិល្បៈវិញ ក្រោយបាត់មុខអស់មួយរយៈធំព្រោះរឿងអាស្រូវ លោកក៏ត្រឡប់មកវិញជាមួយអាល់ប៊ុមចម្រៀងថ្មី “My Sun”។ លោកថែមទាំងមានបំណងវិលត្រឡប់មកសម្ដែងរឿងវិញផងដែរ៕

























































Account
Security
Favourite Content