តារាសម្តែងសាច់សខ្ចី សេង មង្គល ត្រូវអ្នកជំនួញអនឡាញល្បីឈ្មោះ ទ្រី ដាណា ប្រកាសជា BA ផលិតផលឡេថែរក្សាស្បែក យ៉ាងភ្ញាក់ផ្អើលនៅកណ្តាលឆាកកម្មវិធី ខណៈអ្នកទាំងពីរកំពុងសាងសងគ្នាយ៉ាងផ្អែមល្អែម បន្ទាប់ពីបណ្តើរគ្នាលើកម្រាលព្រំក្រហមមើលទៅដូចគូស្នេហ៍។

តាមការកត់សម្គាល់ កន្លងមកគេពុំធ្លាប់ឃើញអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលគ្នាដល់ម្លឹងនោះទេ ទោះបីជាធ្លាប់រួមការងារជាមួយគ្នាច្រើនហើយក្តី។ មិនត្រឹមពាក្យសម្តីលេបខាយបែបផ្អែមល្ហែម សូម្បីកាយវិការក៏ស្និទ្ធស្នាលលើសពីសព្វដងដែរ ដល់ថ្នាក់ សេង មង្គល ហ៊ានឱ្យ ទ្រី ដាណា ប៉ះសាច់ទ្រូងរបស់លោកផ្ទាល់នៅកណ្តាលឆាកមុខអ្នកចូលរួមទៀតផង។



ថ្លែងក្នុងពិធីសន្និសីទសម្ភោធឡេលាបស្បែក ថៅកែហាងពេជ្រ ដាណា ទ្រី រៀបរាប់ឱ្យដឹងថា ការជ្រើសយកតារាសម្តែង សេង មង្គល ជា BA ផលិតផលនេះ គឺដោយសារមនោសញ្ចេតនារបស់អ្នកទាំងពីរដែលស្គាល់គ្នាមកប្រមាណជាងមួយឆ្នាំ ហើយក៏ធ្លាប់រួមការងារជាមួយគ្នាច្រើនមកហើយដែរ។ ម៉្យាង មួយរយៈមុនអ្នកទាំងពីរថតរឿងជាមួយគ្នាច្រើន ធ្វើឱ្យស្បែក មង្គល មើលទៅខ្មៅស្រអាប់ ទើបអ្នកស្រីឱ្យលាបឡេនេះសាកល្បង តែលទ្ធផលដែលទទួលបានគឺល្អគាប់ចិត្ត ស្របពេលហ្វេនក៏គាំទ្រអ្នកទាំងពីរច្រើន ទើបអ្នកស្រីបណ្តោយឱ្យវាទៅរលូនតែម្តងទៅ។
មួយវិញទៀត សេង មង្គល មានភាពច្បាស់លាស់ជាមួយការងារ មានទំនួលខុសត្រូវខ្ពស់ ការប្រម៉ូតផលិតផលបែបច្បាស់ៗ។



ក្រោយឮដូច្នេះ តារាសម្ដែងរូបសង្ហា សេង មង្គល បានថ្លែងអំណរគុណដល់ទឹកចិត្តអាណិតស្រលាញ់របស់ជំទាវឧកញ៉ា ទ្រី ដាណា ដែលតែងផ្តល់ក្តីអាណិតស្រលាញ់ និងឱកាសការងារល្អៗគ្រប់បែបណាដល់លោក។
គួររំលឹកផងដែរថា រយៈពេលប្រមាណជាង ២ ឆ្នាំនេះ លោក សេង មង្គល ឡើងយីអ៊ុនស្រឺតៗ ត្រូវអ្នកជំនួញអនឡាញល្បីឈ្មោះ ទ្រី ដាណា ជ្រើសជា BA បន្តបន្ទាប់។ តួយ៉ាង ដូចជា ផលិតផល CQ10 , ហាងពេជ្រ ដាណា ហើយពេលនេះលោកថែមទាំងជា BA ឡេលាបស្បែក JOJOBA ថែមទៀត៕























Account
Security
Favourite Content