អ្នកច្នៃម៉ូដល្បីឈ្មោះ និងជាគ្រូបង្រៀនដើរ catwalk លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ កំពុងរីកមុខរីកមាត់ខ្លាំង ក្រោយទទួលបានឱកាសចេញទៅកម្មវិធីអន្តរជាតិបន្តបន្ទាប់។ តួយ៉ាង តាមដែលបានដឹងមក អ្នកច្នៃម៉ូដពេញដោយសមត្ថភាពរូបនេះ បានកំពុងត្រៀមទៅចូលរួមកម្មវិធី Vietnam International Junior Fashion Week នៅសារមន្ទីរក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី ៥-៦ ខែសីហា ខាងមុខនេះ ដោយលោកនឹងនាំ collection ថ្មី ២០ ឈុតជាមួយ concept ម៉ាក់-កូនដើរជាគូនឹងគ្នា។

បន្ទាប់ពីនោះលោកក៏ត្រៀមទៅនាំសម្លៀកបំពាក់ ១៦ ឈុតផ្សេងទៀត ទៅចូលរួមកម្មវីធីដើរបង្ហាញម៉ូដលំដាប់អន្តរជាតិ Milan Fashion Week នៅប្រទេសអ៊ីតាលី នៅខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះផងដែរ ដែលកាលបរិច្ឆេទនៃកម្មវិធីដើរបង្ហាញគ្រោងធ្វើឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣។ អូលីវ៉ា ធ្លាប់ប្រកាសប្រាប់អ្នកសារព័ត៌មានសិល្បៈក្នុងស្រុកថា សម្រាប់លោកគឺមានលទ្ធភាពនាំឈុតទៅដើរបង្ហាញត្រឹម ១៦ ប៉ុណ្ណោះ តែប្រសិនបើមានអ្នកចូលរួមសហការឧបត្ថម្ភ គឺលោកអាចនឹងយកទៅច្រើនជាងនោះក៏ថាបាន។

ក្រោយប្រកាសដំណឹងចេញទៅដើរម៉ូដនៅ វៀតណាម និងអ៊ីតាលី ហើយនោះ ស្រាប់តែថ្មីៗនេះ អូលីវ៉ា ប្រកាសឱ្យដឹងទៀតថា លោកបានក្លាយជាតារាគម្របមុខទស្សនាវដ្ដី គម្របទី៣ របស់ Magazine International មួយនៅវៀតណាម ដែលការងារនេះត្រៀមលេចរូបរាងឡើងនៅពេលខាងមុខនេះ។ ទាំងនេះជាសមិទ្ធផលកើតចេញពិតការខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់លោកតាំងពីបាតដៃទទេ រហូតមានកេរ្តិ៍ឈ្មោះ រីកមុខរីកមាត់ដូចសព្វថ្ងៃនេះ។ ហ្វេនៗអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងសិល្បករ-សិល្បការិនី បានចូលរួមអបអរភាពជោគជ័យអ្នកច្នៃម៉ូដនេះគ្រប់ៗគ្នា ថែមទាំងជំរុញទឹកចិត្តលោកឱ្យបន្តធ្វើការងារឱ្យបានល្អបំផុត ជាមុខមាត់សម្រាប់ប្រទេសកម្ពុជាយើង។
សូមជម្រាបថា គ្រូបង្រៀនដើរ Catwalk និងជាអ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះ ទើបតែបញ្ចប់កម្មវិធី Fashion Show ដ៏ធំរបស់ខ្លួនដោយជោគជ័យកាលពីពេលថ្មីៗកន្លងទៅនេះ។ សម្លៀកបំពាក់ច្នៃបែបសហសម័យផ្សារភ្ជាប់ជាមួយវប្បធម៌-អរិយធម៌ខ្មែរ ប្រមាណជិត ១០០ ឈុត ទទួលបានការស្ញើចសរសើរយ៉ាងខ្លាំងក្លា លើគំនិតច្នៃប្រឌិត និងប្រណីតភាពនៃសម្លៀកបំពាក់ទាំងអស់នោះ៕



























































Account
Security
Favourite Content