គិតមកទល់ពេលនេះរយៈពេលប្រមាណជាង ១០ ឆ្នាំហើយ ដែលជា វណ្ណារិទ្ធ និង ហ៊ិន ច័ន្ទនីរ័ត្ន បានរួមការងារជាពិធីករ-ពិធីការនី ជាមួយគ្នា។ ថ្មីៗនេះ ពិធីករកូន ២ រូបនេះ បានបង្ហោះរូបថតចាស់ៗជាមួយ នីរ័ត្ន ជំនាន់ទើបចាប់ដៃគ្នាធ្វើកម្មវិធី ឆាឆា លើកដំបូង នៅអំឡុងខែកញ្ញា ឆ្នាំ ២០១០ មកប្រៀបធៀបរូបថតនាពេលបច្ចុប្បន្ន ដោយពោលគឺរយៈពេលជាង ១០ ឆ្នាំហើយដែលអ្នកទាំង ២ ធ្វើការងារនេះជាមួយគ្នា។
ឥឡូវ ជា វណ្ណារិទ្ធ ចាត់ទុក ហ៊ិន ច័ន្ទនីរ័ត្ន ជាដៃគូ ថែមទាំងបន្ថែមពាក្យថា ដៃគូរយូរឆ្នាំបែបនេះ គេហៅថា «យ៉ិនស៊ិន» ដែលនេះបញ្ជាក់ពីភាពចំណាស់នៃការរួមការងាររវាងអ្នកទាំង២ ក្នុងនាមជាពិធីករទាំងនៅប៉ុស្ដិ៍ទូរទស្សន៍ និងឆាកតន្រ្តី។
ក្រៅពីកាន់កាប់កម្មវិធីកម្សាន្តក្នុងស្ថានីយ៍ទូរទស្សន៍ជាមួយគ្នា លោកប៉ាកូន២ និងស្រីស្រស់សោភារូបនេះ ក៏ជាដៃគូរដ៏ស័ក្កិសម សម្រាប់ពិធីមង្គលការផងដែរ ដោយញឹកញាប់អ្នកទាំងពីរតែងបង្ហាញខ្លួនជាពិធីករ-ពិធីការិនីក្នុងកម្មវិធីមង្គលការ និងកម្មវិធីផ្សេងដែលគេអញ្ញើញ។
ថ្វីបើអ្នកទាំង ២ ជោគជ័យអាជីពជាពិធីករដូចគ្នា ប៉ុន្តែជីវិតឯកជនរបស់សិល្បករមួយគូនេះផ្ទុយគ្នាស្រឡះ ដោយ ជា វណ្ណារិទ្ធ បានរៀបការសាងគ្រួសារច្រើនឆ្នាំមកហើយ ដោយសព្វថ្ងៃលោកមានកូនប្រុស ២ នាក់ និងមានមុខរបរក្រៅរង្វង់សិល្បៈថែមទៀតផង។ ជារឿយៗ លោករមែងបង្ហាញភាពផ្អែមល្ហែម និងសុភមង្គលក្នុងគ្រួសារ។
ហ៊ិន ច័ន្ទនីរ័ត្ន នៅតែរក្សាលំនឹងភាពនៅលីវមកជាច្រើនឆ្នាំ ដោយឆ្នាំនេះនាងមានវ័យ៣២ ទៅហើយ តែនៅមិនទាន់បើកបេះដូងទទួលយកបុរសណាម្នាក់ជាគូជីវិតឡើយ ប៉ុន្តែកន្លងមកនាងក៏ជួបប្រទះរឿងស្នេហាខ្លះៗដែរ តែវាក៏សាបរលាបទៅវិញពេលនាងគ្មានការឆ្លើយតបទៅលើរឿងទាំងនោះ។ បច្ចុប្បន្ន ពិធីការិនីដែលនរណាៗក៏សរសើរពីសម្រស់ដ៏ផូរផង់របស់នាង កំពុងកាក់កប់ការងារសិល្បៈខ្លាំង ថែមទាំងមានជំនួញក្រៅសិល្បៈជាច្រើនទៀតផង។
មិនតែប៉ុណ្ណោះ នាងថែមទាំងត្រូវជ្រើសរើស និងផ្ដល់កិត្តិយសឱ្យសម្តែងជាតួឯកស្រីក្នុងភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត៕























































Account
Security
Favourite Content