មកដល់ព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៣ មនុស្សដែលជាប់ក្នុងនាវាមុជទឹក Titan ទាំង ៥ នាក់ត្រូវបានគេជឿថា ស្លាប់បាត់បង់ជីវិតទាំងអស់ទៅហើយក្រោយពីបាត់ដំណឹងអស់រយៈពេល ៤ ថ្ងៃ។ ចំពោះមូលហេតុដោយសារតែអស់អុកស៊ីសែនស្របពេលអ្នកជំនាញដាក់ការសង្ស័យថានាវានោះបានផ្ទុះក្រោមបាតសមុទ្រ ខណៈគេបានរុករកឃើញបំណែកមួយចំនួននៅចម្ងាយ ៥០០ ម៉ែត្រពីសពកប៉ាល់ Titanic។ បំណែកដែលបានរកឃើញទំនងជា ជើងទម្រនាវា និងផ្នែកកន្ទុយនាវា។


កាលពីថ្ងៃ ពុធ ទី ២១ ខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅ អ្នកជំនាញរុករកបានលឺសម្លេងគួរឱ្យសង្ស័យចេញពីបាតសមុទ្រ ដែលសំឡេងគោះនោះបានបន្លឺឡើងរាល់ពេល ៣០ នាទីម្ដង។ ប៉ុន្ដែបន្ទាប់ពីរកឃើញបំណែកនាវាទាំងនោះ ពួកគេសង្ស័យថាសម្លេងនោះគឺជាសម្លេងទឹកប៉ះទង្គិចក្រោមបាតសមុទ្រ។
យោងតាមបណ្ដាញសង្គមផ្លូវការរបស់ OceanGate ក្រុមហ៊ុននាវាមុជទឹក Titan ក៏បបង្ហាញពីការសោកស្ដាយ និងជឿជាក់ថា អ្នកទាំង ៥ រូបដែលបានជាប់គាំងគឺសុទ្ធតែត្រូវបានស្លាប់បាត់បង់ជីវិតទាំងអស់។

ជាមួយគ្នាដែរ លោក Arthur Loibl អ្នករុករកជនជាតិអាល្លឺម៉ង់បានលើកឡើងថា៖ ដំណើរកម្សាន្ដនេះ ប្រៀបដូចជាប្រត្ដិបត្ដការមរណៈ ដោយសារយើងមិនអាចឈរ ត្រូវអង្គុយកៀកៗ គ្នា ស្ថិតនៅក្នុងបំពង់ដែកមួយដែលមានប្រវែងតែប៉ុន្មានម៉ែត្រ។ បើតាមអ្នកជំនាញផ្នែកបាតសមុទ្រ នៅពេលដែលចុះទៅកាន់តែជ្រៅ នឹងកាន់តែងងឹត ដូច្នេះអ្នកស្ថិតនៅក្នុងនាវានោះគឺមិនអាចមើលឃើញពន្លឺបានច្រើននោះទេ។

គួរបញ្ជាក់ ដំណើរកម្សាន្ដក្រោមបាតសមុទ្រដើម្បីទស្សនាសពរបស់កប៉ាល់ Titanic ជម្រៅ ៣,៨១ គីឡូម៉ែត្រសម្រាប់សំបុត្រគឺមានតម្លៃរហូតដល់ទៅ ២៥០ ០០០ ដុល្លារអាមេរិក។ ដំណើរកម្សាន្ដនេះបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី ១៨ ខែ មិថុនា ឆ្នាំ ២០២៣ និងបានបាត់ការទាក់ទងក្រោយនាវាចាប់ផ្ដើមដំណើរចុះទៅក្រោមបាតសមុទ្របាន ១ ម៉ោង ៤៥ នាទី។ សម្រាប់ជនរងគ្រោះទាំង ៥ នាក់រួមមាន មហាសេដ្ឋីប៉ាគីស្ថានលោក Shahzada DaWood និងកូនប្រុស Sulaiman Dawood មហាសេដ្ឋីអង់គ្លេសលោក Hamish Harding អ្នករុករកដ៏ល្បីល្បាញជនជាតិបារាំង Paul Henry Nargeolet និង អគ្គនាយកប្រតិបត្ដិក្រុមហ៊ុន OceanGate លោក Stockton Rush៕


























Account
Security
Favourite Content