ដឹងប្រវត្តិគ្រាប់ពេជ្រពណ៌ទឹកប៊ិចដ៏ធំនេះហើយ ពិតជាគួរឲ្យព្រឺព្រួចខ្លាំងណាស់

ដើម​កំណើត​របស់​ពេជ្រ​ពណ៌​ទឹកប៊ិច​មួយ​គ្រាប់​នេះ​នៅ​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​សង្ស័យ​ខ្លាំង ដោយ​សារ​​មិន​មាន​ការ​​ចារទុក​ឲ្យ​ពិត​ប្រាកដ​ពី​ពេជ្រ​មួយ​គ្រាប់​នេះ​។​ តែ​ក៏​នៅ​មាន​ទិន្នន័យ​មួយ​ចំនួន​ដែល​អាច​ឲ្យ​​យើង​បាន​ដឹង​អំពី​ប្រវត្តិ​ដ៏​សែន​ព្រឺព្រួច​របស់​ពេជ្រ​មួយ​គ្រាប់​នេះ​។

១. អ្នក​គ្រប់​គ្រង​ពេជ្រ​ Hope diamond ដំបូង​គេ​បង្អស់​

​ “Jean Baptist Tavernier” ត្រូវ​បាន​ឲ្យ​​ដឹង​ថា​​ជា​​បុគ្គល​​ដំបូង​គេ​ដែល​បាន​​អ្នក​គ្រប់​គ្រង​ពេជ្រ​នេះ​​។ លោក​គឺ​ជា​អ្នក​ជំនួញ​ជនជាតិ​បារាំង​ធ្វើ​ដំណើរ​ទៅ​មក​សឹង​តែ​គ្រប់​ទី​កន្លែង​។ អំឡុង​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ក៏​បាន​ជួប​ប្រទះ​ជា​មួយ​នឹង​ថ្ម​មួយ​ដុំ​ដែល​មាន​ពណ៌​ខៀវ​​ស្រងាត់​។​

តែ​តាម​ការ​ពិត ទៅ​វា​គឺ​ជា​ពេជ្រ​ពណ៌​ទឹក​ប៊ិច​​មាន​ទំហំ​ ៤៥.៥២ ការ៉ាត់​​​ អាច​ចាត់​ទុក​ថា​ជា​ពេជ្រ​ធំ​ជាង​គេ​នៅ​លើ​លោក​ក្នុង​ចំណោម​គ្រាប់​ពេជ្រ​ពណ៌​ខៀវ​ទាំង​អស់​ដែល​ត្រូវ​បាន​រក​ឃើញ​កាល​ពី​អតីត។ បន្ទាប់​ពី​ Tavernier បាន​ត្រឡប់​មក​ប្រទេស​បារាំង​វិញ​ លោក​ក៏​បាន​លក់​ពេជ្រ​នេះ​ឲ្យ​ទៅស្ដេច​ Louis ទី​១៤។ លុះ​ដល់​អាយុ​ ៨៤ ​ឆ្នាំ​ Tavernier ក៏​បាន​ស្លាប់​យ៉ាង​អាថ៌​កំបាំង​ដោយ​មាន​ពាក្យ​ចរ​ចាម​អារាម​ថា​គាត់​ត្រូវ​ឆ្កែ​ចចក​ចាប់​ហែក​សាច់​រហូត​ដល់​ស្លាប់។

២. ស្ដេច Louis ទី១៦

ក្រោយ​មក​ស្ដេច​ Louis ទី​១៤ បាន​មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​ធ្វើ​ការ​ច្នៃ​ពេជ្រ​នោះ​សារ​ជា​ថ្មី​ ដោយ​កាត់​បែង​ចែក​ពេជ្រ​ចេញ​ជា​បី​ចំណែក។ បំណែក​ទី​មួយ​របស់​ពេជ្រ​ត្រូវ​បាន​បាត់​សាបសូន្យ​ទៅ​ នៅ​សល់​តែ​២​បំណែក​ទៀត​ត្រូវ​បាន​យក​មក​កែ​ច្នៃ។ ក្នុង​នោះ​​មួយ​បំណែក​ដែល​ត្រូវ​បាន​កែ​ច្នៃ​ជា​រាង​បេះ​ដូង​ និង​ត្រូវ​បាន​ប្រើ​ធ្វើ​ជា​ពេជ្រ​ប្រចាំ​រាជវង្ស​​មក​ជា​ច្រើន​សតវត្ស​ ដោយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Blue Diamond Of The Crown ។ ពេល​វេលា​កន្លង​ផុត​ទៅ​ភាព​អពមង្គល​ក៏​ចាប់​ផ្ដើម​កើត​មាន​ឡើងរហូត​មក​ដល់ស្ដេច​ Louis ទី​១៦​ និង​ព្រះ​រាជិនី​ ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ Guillotine ដែល​ជា​គ្រឿង​ប្រហារ​ជីវិត​ផ្ដល់​ភាព​ឈឺ​ចាប់​តិច​ខ្លាំង​បំផុត​ (កាត់​ព្រះ​សិរិសារ)។ តាំង​ពី​ពេល​នោះ​មក​ពេជ្រ​មរណៈ​មួយ​គ្រាប់​​​​នេះ ត្រូវ​បាន​បាត់​សាបសូន្យ​នៅ​ក្នុង​ហេតុ​ការណ៍​ដ៏​សែន​វឹកវរ​នោះ។

៣. Daniel Alison

​មកដល់​​ឆ្នាំ​ ១៨១៣ ​នៅ​ទី​ក្រុង​ London អ្នក​ជំនួញ​ត្បូង​ពេជ្រ​លោក​ Daniel Alison ​បាន​ពេជ្រ​ពណ៌​ទឹក​ប៊ិច​មួយ​គ្រាប់​ទំហំ​ ៤៤​ ការ៉ាត់​មក​គ្រប់គ្រង​។ ទោះ​បី​ជា​រូប​រាង​មិន​ដូច​ពី​មុន​​ តែ​ដោយ​ភាព​ស្រស់​ស្អាត​ដែល​គ្មាន​គូរ​ប្រៀប​ទើប​ធ្វើ​ឲ្យ​គេ​សន្មត​ថា​ នោះ​គឺ​ជា​ពេជ្រ​នៃ​​ព្រះ​រាជវង្ស​បារាំង​ដែល​បាន​បាត់​ខ្លួន​ទៅ​​តែ​ត្រូវ​បាន​គេ​ផ្លាស់​ប្ដូរ​រូប​រាង​ថ្មី បី​ងាយ​ស្រួល​ក្នុង​ការ​នាំ​ចេញ​។

៤. ស្ដេច​ George IV នៃ​រាជវង្ស​អង់គ្លេស

ស្ដេច​ George ទី​៤​ នៃ​រាជវង្ស​អង់គ្លេស​ក៏​ធ្លាប់​បាន​គ្រប់គ្រង​ពេជ្រ​មរណៈ​មួយ​នេះ​។​ បន្ទាប់​ពី​ព្រះ​អង្គ​សោយ​ទី​វង្កត​ទៅ​រាជវង្ស​បាន​លក់​ពេជ្រ​នេះ​ ដើម្បី​សង​បំណុល​ដ៏​ច្រើន​មហាសាល។ ក្រោយ​មក​ពេជ្រ​មួយ​គ្រាប់​នេះ​ក៏​ត្រូវ​បាន​ប្ដូរ​ដៃ​ម្ចាស់​មក​ជា​រឿយៗ។

៥.​ Henry Philip Hope

ទាយាទ​មរតក​ធនាគារ​បាន​ទិញ​ពេជ្រ​នេះ​ទុក​។​ ពេជ្រ​ Blue Diamond Crown របស់​រាជវង្ស​បារាំង​ក៏​បាន​ក្លាយ​ជា​ពេជ្រ​ប្រចាំ​ត្រកូល​ Hope ហើយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Hope Diamond​ ចាប់​តាំង​ពី​ពេល​នោះ​មក។ ក្រោយ​មក​ត្រកូល​ Hope ក៏​ត្រូវ​បាន​ក្ស័យធន​​ដោយ​ត្រូវ​បាន​គេ​ជឿ​ថា​វា​ជា​បណ្ដាសា​របស់​ពេជ្រ​។

៦. ស្ដេច​ Abdul Hamid ទី​២​

ស្ដេច​ Abdul Hamid ទី​២​​ នៃ​ប្រទេស​ទួរគី​​ ​បាន​គ្រប់​គ្រង​ពេជ្រ​នោះត្រឹម​តែ​ពីរ​ទៅ​បី​ខែ​ក៏​មាន​រដ្ឋ​ប្រហារ​ឲ្យ​ទ្រង់​ចុះ​ចេញ​ពី​តំណែង។​

៧. Evalyn Walsh McLean

អ្នក​គ្រប់​គ្រង​ Hope diamond បន្ទាប់​មក​គឺ​នាង​ Evalyn Walsh McLean ភរិយា​របស់​លោក​ Edward McLean ម្ចាស់​ទស្សនាវដ្ដី​ Washington Post។ ហេតុការណ៍អាក្រក់​ក្នុង​គ្រួសារ​នាង គឺកូន​ប្រុស​​ត្រូវ​បាន​ឡាន​បុក​ស្លាប់។​ ក្រោយ​មក​លោក​ Edward ក៏​មាន​ជំងឺ​សរសៃ​ប្រសាទ​ ហើយ​បញ្ចប់​ជីវិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​វិកលចរិត។

៨.​ លោក​ Harry Winston

លោក​ Harry Winston គឺ​ជា​អ្នក​គ្រប់គ្រង​ Hope Diamond ។​ លោក​បាន​បរិច្ចាគ​ Hope Diamond ឲ្យ​ទៅ​ស្ថាប័ន​ Smithsonian Institute នៅ​ក្នុង​វ៉ាស៊ីនតោន​នៅ​ឆ្នាំ​ ១៩៥៨​។​ Hope Diamond ក៏​បាន​យ៉ាង​ស្ងប់​សុខ​​ចាប់​តាំង​ពី​ពេល​នោះ​មក​៕ ​​​​​​​​​​