សរុប​ព្រឹត្តិការណ៍​សំខាន់​ធំៗ​ទាំងជាតិ និង​អន្តជាតិ​​ដែល​​កើត​ឡើង​ក្នុង​ឆ្នាំ ២០២២

ពេល​វេលា​នៃ​ឆ្នាំ​ ២០២២ នៅ​សេសសល់​ស្ដួច​ស្ដើង​មែន​ទែន​។ ត្រឹម​មួយ​ប្របិច​ភ្នែក​សោះ​ សករាជ​ថ្មី ឆ្នាំ​ថ្មី​ ទំព័រ​ថ្មី​ ព្រម​ជា​មួយ​នឹង​វ័យ​ថ្មី​គឺ​ការ​កើន​អាយុ​មួយ​ឆ្នាំ​ទៀត​នឹង​ចូល​មក​ជំនួស​ឆ្នាំ​ចាស់​ ២០២២។ ដោយ​ឡែក​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នៃ​ពេល​វេលា​ដ៏​លឿន​ស្លេវ​ ក្នុង​នោះ​ព្រឹត្តិការណ៍​ធំ​ៗ និង​សំខាន់​ជា​ច្រើន​សន្ធឹក​សន្ធាប់​​បាន​កើត​ឡើង​បន្ត​កន្ទុយ​គ្នា​ទាំង​នៅ​កម្ពុជា និង​ពិភព​លោក​ ក្នុង​ឆ្នាំ​ ២០២២។ យ៉ាង​ណា​ខាង​ក្រោម​នេះ​គឺ​ជា​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ទាំង​នៅ​កម្ពុជា និង​ពិភព​លោក។

ព្រឹត្តិការណ៍​ជាតិ​​សំខាន់​ធំៗ​ ឆ្នាំ​២០២២៖

  • កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន

តាម​រយៈ​ការ​ក្លាយ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ឆ្នាំ ២០២២ កម្ពុជា​បាន​កែប្រែ​ដុំ​ថ្ម​ក្ដៅ​ ទៅ​ជា​ដុំ​មាស​ ដោយ​បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន ក្នុង​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ផ្សេង​ទៀត ជា​មួយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ការ​វាយ​តម្លៃ​ខ្ពស់​ពី​ស្ថាប័ន​អន្តជាតិ​ និង​ប្រទេស​ជា​ដៃគូ​ ជុំ​វិញ​ការ​ដោះ​ស្រាយ​បញ្ហា​តំបន់​ និង​អន្តជាតិ​។ លើស​ពី​នេះ​ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​ រដ្ឋាភិបាល​កម្ពុជា​បាន​ទាញ​យក​ប្រយោជន៍​ជា​ច្រើន​មក​ជូន​ជាតិ​មាតុភូមិ​តាម​រយៈ​កិច្ច​ព្រម​ព្រាង​ផ្សេងៗ និង​បាន​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ថា​កម្ពុជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដឹក​នាំ​តំបន់​មួយ​នេះ​។

  • «គុន​ល្បុក្កតោ» ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក

ជា​​ជោគជ័យ និង​ជា​មោទកភាព​ជាតិ​ថ្មី​មួយ​សម្រាប់​វប្បធម៌​ខ្មែរ​ដែល «គុន​ល្បុក្កតោ» ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ក្រោយ​កិច្ច​ខិតខំ​ប្រឹង​ប្រែង ស្នើ​សុំ​​​​ដាក់​បញ្ចូល«គុន​ល្បុក្កតោ» ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភព​លោក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទី​បំផុត ការ​សម្រេច​ចុះ​បញ្ជី​ក្បាច់«គុន​ល្បុក្កតោ»​ខ្មែរ​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ​២៩​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២។

  • ព្រឹត្តិការណ៍​វប្បធម៌​ដ៏​ធំ​ប្រចាំ​ឆ្នាំ «រំលឹក​គុណ​អង្គរ»

ព្រឹត្តិការណ៍​«រំលឹក​គុណ​អង្គរ» បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ឱឡារិក អធិក​អធម្ម មាន​ទាំង​កម្មវិធី​បែប​ប្រពៃណី​សាសនា កម្មវិធី​ពិព័រណ៍​​សមិទ្ធផល​ការងារ​សំខាន់ៗ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ការ​សម្ដែង​សិល្បៈ​ជា​ច្រើន​ទម្រង់។ ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​ខេត្ត​សៀមរាប​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​រំលឹក​គុណ​អង្គព្រះមហាក្សត្រ​គ្រប់ព្រះអង្គ និង​បុព្វការីជន​ដែល​លោក​បាន​កសាង និង​ថែរក្សា​ប្រាសាទ​ទាំងអស់​នៅ​ក្នុងរមណីយដ្ឋានអង្គរ លើស​ពី​នេះ​ព្រឹត្តិការណ៍​មួយ​នេះ​បាន​ផ​ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិ​តាម​រយៈ​ការ​ទាក់​ទាញ​ទេសចរ​ទៅ​ទស្សនា​ខេត្ត​សៀមរាប និង​បាន​រួម​ចំណែក​លើក​តម្កើង​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​ផង​ដែរ។

  • ការ​រក​ឃើញ​ផូស៊ីល​ដាយណូស័រ នៅ​ខេត្ត​កោះកុង

ការ​រក​ឃើញ​ផូស៊ីល​ដាយណូស័រ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ដែល​គេ​ពុំ​អាច​រំលង​បាន​ក្នុង​ឆ្នាំ ២០២២ ដោយ​សារ​វា​ជា​ផូស៊ីល​ដំបូង​នៅ​កម្ពុជា។ សូម​ជម្រាប​ថា​ ផូស៊ីលឆ្អឹងសត្វដាយណូស័រ ត្រូវបានរកឃើញដោយអ្នកជំនាញក្រសួងបរិស្ថាន នៅ​កោះប៉ោ ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីម៉ា ខេត្តកោះកុង។ បើតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បាន​ឲ្យ​ដឹង​ថា​ឆ្អឹងនេះមានទំហំធំ ដែលប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរី

  • អង្ករ​កម្ពុជា​ឈ្នះ​ជយលាភី​ជា «អង្ករ​ល្អ​ដាច់​គេ»របស់​ពិភព​លោក ប្រចាំ​ឆ្នាំ២០២២

ក្រោយ​ខក​ខាន​ឈ្នះ​ជ័យ​លាភី​ជា អស់​រយៈ​ពេល​ ៤ឆ្នាំ​ សម្រាប់​ឆ្នាំ២០២២ អង្ករ​កម្ពុជា​ពូជ “ផ្កា​រំដួល” ទទួលបានជ័យលាភីលេខ១ ជា​អង្ករ​ល្អ​ដាច់​គេ​ត្រលប់​មក​វិញ​ក្នុង​ការ​ប្រកួតប្រជែង​នៃ​វេទិកា​ស្រូវ-អង្ករ​ពិភពលោក​ នៅ​ខេត្ត​ភូកេត​ ប្រទេស​ថៃ នា​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា​ ឆ្នាំ២០២២​នេះ។ ការ​ឈ្នះ​នេះ​ពិត​ជា​មាន​សារសំខាន់​សម្រាប់​កម្ពុជា ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​វិស័យ​ស្រូវ-អង្ករ កម្ពុជា កាន់​តែ​មាន​ភាព​រីក​ចម្រើន ជា​ពិសេស​នឹង​កាន់​តែ​ជំរុញ​ការ​នាំ​ចេញ​អង្ករ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

  • ការ​ដាក់​ឲ្យ​ដំណើរ​ការ​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ-ព្រះសីហនុ

​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ-ព្រះសីហនុ ត្រូវ​បាន​សម្ពោធ និង​ដាក់​ដំណើរ​ការ​ឲ្យ​​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ខែ​តុលា​ ឆ្នាំ ២០២២ នេះ​។ សមិទ្ធផល​ដ៏​ថ្មី​ស្រឡាង​ ដែល​ពុំ​ធ្លាប់​មាន​មួយ​នេះ​មាន​ប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​ព្រះសីហនុ​ នឹង​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍​រយៈ​ពេល​វែង​ទៅ​កាន់​ក្រុង​ព្រះសីហនុ ក៏​ដូច​ជា​សរសៃ​ឈាម​សម្រាប់​ប្រទេស​ជាតិ។

  • ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី៣ និង​កីឡា​ជន​ពិការ​លើក​ទី១ ឆ្នាំ​២០២២

បើ​ទោះ​ជា​លើក​ទី៣ តែ​កីឡា​ជាតិ​លើក​ទី និង​កីឡា​ជន​ពិការ​លើក​ទី១ ឆ្នាំ២០២២ នេះ​មាន​សភាព​ធំ​គគ្រឹកគគ្រេង​ជាង​លើក​មុនៗ​ ដោយ​ហេតុ​ថា​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ SEA Game ឆ្នាំ២០២៣ ផង​ និង​ដោយ​សារ​ខកខាន​ប្រារព្ធ​ដោយ​សារ​ការ​រីក​រាតត្បាត​នៃ​ជំងឺ​កូវីត១៩។ការប្រកួតកីឡាជាតិ​លើកទី៣​ និងកីឡាជនពិការលើកទី១ មានប្រភេទកីឡាចំនួន ៣៨ និងមានអត្តពលិក ចូលរួមប្រមាណជិត ៣ពាន់នាក់ មកពីគ្រប់រាជធានីខេត្ត បូករួម ជាមួយក្រសួងចំនួន ៣ទៀត។ ដោយ​ឡែក​ក្រុម​ដែល​ទទួល​បាន​មេដាយ​ច្រើន​ជាង​គេ​គឺ​ក្រុម​កីឡា​របស់​ក្រសួង​មហាផ្ទៃ ចំណែក​ឯ​ខេត្ត​ទទួល​បាន​មេដាយ​ច្រើន​ជាង​គេ​គឺ​ខេត្ត​កណ្ដាល។

  • ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ

មិន​ខុស​ពី​ព្រឹត្តិការណ៍​កីឡា​ជាតិ​នោះ​ទេ ពិធី​បុណ្យ​សមុទ្រ​បាន​ខក​ខាន​ប្រារព្ធ​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​សារ​កូវីត១៩ ហើយ​ទើប​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​​រៀប​ចំ​ឡើង​វិញ​ក្នុង​ឆ្នាំ​ ២០២២​នេះ​នៅ​ក្រុង​ព្រះសីហនុ​រយៈ​ពេល​ ៣​ថ្ងៃ អប​ជា​មួយ​សន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ស្អាត​ ២​ថ្ងៃ​បន្ថែម​ទៀត​។

បុណ្យ​សមុទ្រ​ឆ្នាំ ២០២២ មាន​ស្តង់​ពិព័រណ៍​ចំនួន ៣៥០​ស្តង់ ទីតាំង​ប្រគំ​តន្ត្រី​៥ទី​តាំង​ព័ទ្ធ​ជុំវិញ​ក្រុង ព្រម​ទាំង​សកម្មភាព​កីឡា​ច្រើន​សន្ធឹកសន្ធាប់​​។

  • ការ​ប៉ះ​ទង្គិច​គ្នា​រវាង​តារា​ចម្រៀង​​រ៉េប​កម្ពុជា លោក​ វ៉ាន់ដា និង​ លោក​ G-Devit

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កំពូល​តារា​ចម្រៀង​រ៉េប​ ទាំង​ ២រូប​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ក្នុង​រង្វង់​សិល្បៈ​នៅ​កម្ពុជា​ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពួក​គេ​ទាំង​ ២រូប​ពុះ​កញ្ជ្រោល​ ​ជជែក​វែក​ញែក​ និង​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​តាម​រយៈ​បង្កើត​ និង​ចែក​រំលែក​​មាតិកា​ជា​ច្រើន​​ក្នុង​រយៈ​ពេល​យូរ​គួរសម​នៅ​លើ​បណ្ដាញ​សង្គម​។ ដោយ​ឡែក​ការ​ឆ្លើយ​ឆ្លង​គ្នា​តាម​រយៈ​បទ​ចម្រៀង​របស់​ពួក​គេ​ក៏​ពុំ​បាន​បង្ក​ផល​ប៉ះពាល់​អ្វី​ធំ​ដុំ​ទៅ​ដល់​វិស័យ​សិល្បៈ ផ្ទុយ​ទៅ​វិញ​វា​បាន​ស្រូប​ទាញ​ឲ្យ​មាន​មនុស្ស​ស្រលាញ់​ចម្រៀង​ចង្វាក់​រ៉េប​កាន់​តែ​ច្រើន​ឡើង​ ហើយ​ជុំ​វិញ​​ការ​ប៉ះ​ទង្គិច​នេះ​ក៏​ត្រូវ​បាន​បិទ​បញ្ចប់​ទៅ​ហើយ​ដោយ​ការ​ប្រកាស​ពី​សាមី​ខ្លួន​ពួក​គេ​ទាំង​២​តែ​ម្ដង។

ព្រឹត្តិការណ៍​​អន្តជាតិ​​សំខាន់​ធំៗ​ ឆ្នាំ២០២២

  • រុស្ស៊ី​ផ្តើម​សង្គ្រាម​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​

កាលពីដើមឆ្នាំថ្មី ឆ្នាំ២០២២មនុស្សគ្រប់​គ្នាលើពិភពលោកកំពុងទទួលឆ្នាំថ្មី និង​រីករាយមិនទាន់អស់ចិត្តផងនោះ ព្រឹត្តិការណ៍​ដ៏​ធំ​មួយ បាន​ធ្វើឱ្យ​ពិភពលោក​ទាំងមូល​មានការ​ភ័យខ្លាច នោះគឺការប្រកាស «​ប្រតិ​ប​ត្តិ​ការ​យោធា​ពិសេស​»​ របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ដោយ​ការ​បញ្ជូនទាហាន​ទៅ​វាយប្រហារ​អ៊ុយ​ក្រែ​ន​ដែល​មកទល់ពេលនេះ មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​

  • ការ​ប្តឹងផ្តល់គ្នារវាង Amber Heard និង ​Johnny Depp

រឿង​ក្តី​រវាង​អតីតគូស្វាមី​ភរិយា Amber Heard និង ​Johnny Depp ជា​ព្រឹត្តិការណ៍​នៅ​ក្នុង​រង្វង់​សិល្បៈ​អាមេរិក និង​អន្តជាតិ​ដែល​អ្នក​មាន​អ្នក​តាម​ដាន​ច្រើន​បំផុត​ប្រៀប​ដូច​ជា​រឿង​ភាគ​ក្នុង​ជីវិត​ពិត។ នៅ​ទី​បញ្ចប់នៃ​សាច់រឿងប្តីប្រពន្ធមួយ​គួរ​នេះ​ត្រូវ​បានបញ្ចប់​ដោយភាគីលោក​ Johnny Depp ជា​អ្នក​ឈ្នះ​ ចំណែកលោកស្រី​​ Amber ត្រូវ​បាត់បង់តំណែង​ក្នុងរឿងកុន និង​ថែម​ទាំង​បង់ប្រាក់ទៅ​អតីតស្វាមីទៅទៀត។

  • ការធ្វើឃាត​លោក Abe

​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរ​កថានាយុទ្ធនា​ការរក​សំឡេង​បោះឆ្នោត សម្រាប់​បេក្ខជន​គណបក្ស​សេរី​ប្រជាធិបតេយ្យ (LDP) នៅ​ក្រុង Nara កាលពីថ្ងៃទី​៨ ខែកក្កដា អតីត​​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe បាន​ស្លាប់ ក្នុង​វ័យ ៦៧ ​ឆ្នាំ បន្ទាប់ពី​ត្រូវបាន​គេ​លប​បាញ់ដោយកាំភ្លើងកែច្នៃ។ ហេតុការណ៍មួយ​នេះក៏បានបង្កឲ្យមាន​ការភ្ញាក់ផ្អើលខ្លាំង​ផងដែរពីគ្រប់មឈ្ឈដ្ឋាន​ជុំវិញពិភពលោក​ដោយហេតុថា​ការធ្វើឃាតដ៏កម្រនៅជប៉ុន និង​មិនគួរឲ្យជឿថាវាពិតជាបានកើតឡើង។

  • Will Smith ទះ​កំផ្លៀង ​Chris Rock នៅ​កម្មវិធីអូស្កា

ការ​ទះកំផ្លៀង​ Chris Rock ដោយ​ Will Smith ជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ផ្ញាក់ផ្អើល និង​អស់សំណើច​មួយ​នៅ​ក្នុង​វិស័យឧស្សាហកម្មកម្សាន្តដែល​មនុស្ស​គ្រប់​គ្នា​ជុំ​វិញ​ពិភពលោក​នឹង​និយាយ​ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំគ្មាន​ទី​បញ្ចប់​ឡើយ។ ត្រឹម​រយៈ​ពេលខ្លីនៃការ​ហេតុការណ៍​មួយ​នេះ​ អាជីពរបស់​លោក Will Smith ក៏​កាន់តែពិបាកទៅៗ ពានអូស្ការដែល​ធ្លាប់​ឈ្នះក៏ត្រូវបានដកហូត​ ខ្លួន​លោក​ផ្ទាល់ក៏ធ្លាក់ទៅ​ក្នុងវិបត្តិផ្លូវ​ចិត្ត និង​បាត់មុខពី​សិល្បៈ​មក​ទល់ចុង​ឆ្នាំនេះ។

  • ម្ចាស់​ក្ស​ត្រី Elizabeth II សោយ​ទិវង្គត​

​ក្រោយ​គ្រងរាជ្យ​បាន ៧០ ឆ្នាំ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៨ ខែ​​កញ្ញា ព្រះរាជវាំង Buckingham នៃចក្រភពអង់គ្លេសបានចេញ​រាជសារ​បញ្ជាក់ថា ម្ចាស់​ក្ស​ត្រី Elizabeth II បាន​សោយ​ទិវង្គត នៅឯ​ព្រះរាជដំណាក់ Balmoral នា​ប្រទេស​ស្កុ​តឡែ​ន ក្នុង​ព្រះ​ជន្មាយុ ៩៦​ ព្រះវស្សា ដែល​បានធ្វើឲ្យប្រជាជនដែលស្រលាញ់ម្ចាស់ក្សត្រីសោកស្តាយជាពន់ពេក​។

  • ជំងឺ​អុត​ស្វា រីករាលដាល

​ខណៈពេលដែល​មនុស្ស ជុំវិញ​ពិភពលោក ទើបតែ​ចាប់ផ្តើម​រៀន​រស់​ជាមួយនឹង​ជំងឺ​កូ​វីដ​ ១៩ និងប្រទេសខ្លះទៀតនៅបិទខ្ទប់នៅឡើយ ស្រាប់តែ​ក្នុង​ខែឧសភា ពិភពលោក​បានប្រទះ​នឹង​ជំងឺរីក​រាលដាល​មួយ​ផ្សេងទៀត​ឈ្មោះ​ Monkeypox ដោយ​​ករណីនេះកើតឡើងដំបូង នៅ​ចក្រភព​អង់គ្លេស នា​ថ្ងៃទី ​៦ ខែឧសភា​។​ តែយ៉ាងណាបច្ចុប្បន្ន​ជំងឺមួយនេះ ក៏បានបាត់ទៅវិញបណ្តើរៗហើយដោយសារការការពារ និង​ប្រុងប្រយ័ត្នរបស់មនុស្ស។

  • សោកនាដកម្ម នៅប្រទេស​កូរ៉េខាងត្បូង​

Halloween នៅប្រទេសកូរ៉េខាងត្បូងឆ្នាំ ២០២២ បានក្លាយជាសោកនាដកម្មដ៏រន្ធត់នៃ​ការ​​រត់​ជាន់គ្នា កាលពីយប់​ថ្ងៃទី​ ២៩ ខែតុលា ដែលជា​ហេតុ​ឱ្យ​មនុស្ស ​១៥៨​នាក់ បាន​បាត់​បង់ជីវិត និង​រាប់សិប​នាក់​ទៀត រងរបួសអំឡុងពេលប្រារព្ធពិធីបុណ្យ Halloween នៅ​សង្កាត់ Itaewon ប្រទេស​​កូរ៉េខាងត្បូង​។

  • ប្រជាជនសរុបកើនដល់ជាង ៨ពាន់លាននាក់

ដើមឡើយប្រជាជន​សរុប​នៅ​លើផែនដីកើនដល់​ចំនួន ១ពាន់លាននាក់ដំបូង​នៅ​ឆ្នាំ ១៨០៣ តែកន្លង​មកបាន​ត្រឹម​តែ ២០០ក្រោយ​ប៉ុណ្ណោះ ពោលគឺ​នៅ​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ឆ្នាំ២០២២ ​ប្រជាជន​សរុបត្រូវបាន​ប្រកាសជាសកល​ថាបានកើនដល់​ជាង ៨ពាន់លាននាក់​ទៅ​ហើយ ដែល​វា​ជា​ការ​កើនឡើងក្នុងល្បឿនលឿនខ្លាំងមែនទែន​។

  • អា​ហ្ស​ង់​ទីន​ឈ្នះ​ពានរង្វាន់ World Cup

​ទីបំផុតនៃឆ្នាំ២០២២ គឺជា​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅ​ប្រទេស​កាតា ដែល​បានបញ្ចប់​នៅ​យប់​ថ្ងៃទី​ ១៨ ខែធ្នូ​។ ព្រឹត្តិការណ៍​នេះ បញ្ចប់​ទៅដោយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ជា​ជើងឯក ក្រោយ​ឈ្នះ​បារាំង ៤-២ ក្នុង​វគ្គ​ប៉េ​ណា​ល់​ទី​កាត់ក្ដី ខណៈ​ម៉ោង​ធម្មតា និង​ម៉ោង​បន្ថែម​ពិសេស ស្មើ ៣-៣។

  • ការ​ត្រលប់​មក​វិញ​របស់​ភាពយន្ត​ Avatar

ការ​វិល​ត្រលប់​មក​វិញ​របស់​ភាពយន្ត​ Avatarក្រោយ​សំងំ​ផលិត​សាច់រឿង​ និង​ថត​អស់​ជាង​ ១៣ឆ្នាំ អាច​ជា​ព្រឹត្តិការណ៍​ដែល​នឹង​បិទ​បញ្ជាប់​​ឆ្នាំ ២០២២នេះ​តែ​ម្ដង។ Avatar: The way of water ដែល​កំពុង​តែ​ចាក់​បញ្ចាំង​នៅ​តាម​រោងកុន​នានា​ៗ​ជុំវិញ​ពិភព​លោក​កាន់​តែ​ខិត​ជិត​ទៅ​បំបែក​កំណត់ត្រា​ភាព​យន្ត​ទី​១ ដោយ​គិត​ត្រឹម​ ១០ថ្ងៃ ភាព​យន្ត​ចុង​ក្រោយ​នេះ​រក​ចំណូល​បាន​រហូត​ដល់​ជាង​ ៨០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា